ដំណើរការប្រកួតកាន់តែជិតមកដល់វគ្គសំខាន់ គឺការប្រកួតបឋម និងវគ្គផ្ដាច់ព្រ័ត្រ នៅក្នុងកម្មវិធីប្រកួតសម្រស់ និងចំណេះដឹងដ៏ធំលំដាប់លេខ១លើពិភពលោក Miss Universe ។ ក្រឡេកមកមើលបវរកញ្ញាចក្រវាលកម្ពុជា ចន សុទីម៉ា វិញកាន់តែលេចធ្លោខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់សកម្មភាពទាំងអស់របស់នាង តែងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាផេកអន្តរជាតិធំៗមិនដែលលុះថ្ងៃ។ ដោយឡែកកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ២០២៣ នេះ កម្មវិធីបានមកដល់វគ្គ Close Door Interview ជាមួយនឹងគណៈកម្មការ ដែលជាវគ្គដ៏សំខាន់បំផុត ដើម្បីកាត់សេចក្ដីថាបវរកញ្ញារូបណាដែលស័ក្ដិសមនឹងចូលលំដាប់ TOP។


ក្រោយចប់ការសម្ភាស ចន សុទីម៉ា បានធ្វើការ Live និយាយជាមួយអ្នកគាំទ្ររបស់ខ្លួននៅពាក់កណ្ដាលអាធ្រាតម៉ោង នៅកម្ពុជា ប្រហែល ១២យប់ រៀបរាប់អំពីដំណើរការសម្ភាស។ បើតាមការរៀបរាប់ សុទីម៉ា ថា ដំបូងឡើយ នាងគិតពិចារណាចង់យកអ្នកបកប្រែដែរ ប៉ុន្តែប្រសិនបើចង់មានអ្នកបកប្រែ ត្រូវរង់ចាំមួយថ្ងៃទៀត។ បន្ទាប់មក សុទីម៉ា ក៏បានពិភាក្សាជាមួយនឹង Supervisor របស់ខ្លួនថា ប្រសិនបើអាចនិយាយភាសាអង់គ្លេសបាន គឺល្អជាង និងមានឱកាសច្រើនជាង។ ដូច្នេះ សុទីម៉ា ក៏បានសម្រេចចិត្តមិនយកអ្នកបកប្រែនោះទេ។


បវរកញ្ញាចក្រវាលកម្ពុជាកម្ពស់ ១,៨២ ម៉ែត្ររូបនេះបន្តទៀតថា ក្នុងពេលកំពុងរង់ចាំចូលសម្ភាសនោះ ខ្លួនបានឆ្លៀតសួរអ្នកដែលបានចូលសម្ភាសមុនថា សំណួរពិបាកដែរឬទេ? ពេលនោះអ្នកសម្ភាសមុនប្រាប់ថា សំណួរធម្មតាៗ មិនមានអីពិបាកពេកទេ។ ពេលឮបែបនេះបានធ្វើឱ្យ សុទីម៉ា កាត់បន្ថយការភ័យបានយ៉ាងច្រើន និងមានជំនឿចិត្តលើខ្លួនឯងច្រើនជាងមុន។ បន្ថែមលើពីនេះទៀត ពេលចូលទៅដល់បន្ទប់សម្ភាស សុទីម៉ា បានប្រាប់គណៈកម្មការមុនថា ខ្លួនមិនសូវជាពូកែភាសាអង់គ្លេសនោះទេ ដូចនេះសូមឱ្យសួរពាក្យណាដែលសាមញ្ញងាយយល់។ គណៈកម្មការក៏បានសួរសំណួរដោយពាក្យសាមញ្ញងាយយល់តាមការសំណូមពរ ហើយ សុទីម៉ា ក៏អាចឆ្លើយបាន មិនមានបញ្ហានោះទេ។ សុទីម៉ានិយាយថា៖ «ចំពោះចម្លើយ មិនអន់ពេក ក៏មិនល្អពេក មួយល្មមអាចទទួលយកបាន តែខ្ញុំគិតថា ធ្វើបានល្អបំផុតហើយ អស់ពីសមត្ថភាពហើយ»។


ចំពោះសំណួរវិញ ចន សុទីម៉ា បានប្រាប់ថា គណៈកម្មការសួរភាគច្រើន គឺទាក់ទងនឹងសំណួរផ្ទាល់ខ្លួន ដូចអ្វីដែលនាងបានបង្ហាញពីខ្លួនឯងតាំងពីវគ្គដំបូងមុនចូលប្រកូត។ បន្ថែមលើពីនេះ គណៈកម្មការក៏បានសួរទាក់ទងនឹង Bio ដែលនាងបានដាក់នៅលើទំព័រហ្វេសប៊ុកផេក និង IG។ ជារួមមកសំណួរ គឺភាគច្រើនទាក់ទងនឹងខ្លួននាងផ្ទាល់តែម្ដង៕


























Account
Security
Favourite Content