រឿងអាស្រូវគេចពន្ធគឺជាសុបិនអាក្រក់សម្រាប់ក្រុមអ្នកគាំទ្រតារាក្នុងប្រទេសចិន ដោយសារតែវាជារឿងកើតឡើងញឹកញាប់ខ្លាំងក្នុងវិស័យសិល្បៈប្រទេសនេះ។ ក្នុងករណីប្រសិនបើត្រូវគេចាប់បានថាពិតជាធ្វើខុសច្បាប់ពិតមែនអាជីពសិល្បៈនឹងត្រូវរលាយខ្ទេចក្នុងមួយប៉ព្រិចភ្នែកតែម្ដង។
ថ្មីៗ នេះ មិនដល់មួយសប្ដាហ៍ផងតារាស្រីចិនវ័យក្មេង ២ រូបត្រូវបានសង្ស័យថាពាក់ព័ន្ធរឿងគេចពន្ធដែលធ្វើឱ្យក្រុមអ្នកគាំទ្រ និងមហាជនស្លុតចិត្ត។ ចំពោះមូលហេតុដោយសារតារាស្រីទាំង ២ រូបសុទ្ធសឹងជាតារាស្រីមានទេពកោសល្យ និងត្រូវគេរំពឹងថាជាអនាគតតារាស្រីមានភាពល្បីល្បាញ។



កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣ តារាស្រី Song Zuer ត្រូវបានបុគ្គលិកធ្លាប់ធ្វើការឱ្យនាងចេញបកអាក្រាតថារូបនាង និងក្រុមគ្រួសារបានគេចពន្ធប្រមាណ ៦ លានដុល្លារអាមេរិក កំឡុងឆ្នាំ ២០២០ បច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេត និងលទ្ធផលនឹងប្រកាសក្រោយបញ្ចប់ការស៊ើប។ ប្រសិនបើរូបនាងពិតជាត្រូវគេស៊ើបដឹងថាប្រព្រឹត្ដខុសច្បាប់មែន ជីវិតសិល្បៈរបស់នាងនឹងត្រូវបញ្ចប់មិនខាន។ ស្របពេលដែលរឿងភាគដែលនាងបានសម្ដែងមិនទាន់ចាក់ផ្សាយ ៣ រឿង The Prisoner Of Beauty, Reading Class និង The Demon Hunter’s Romance នឹងត្រូវកប់ចោលមិនអាចចាក់ផ្សាយ។ រឿងទាំង ៣ នេះដែរ សុទ្ធសឹងជារឿងចំណាយដើមទុនច្រើន និងរំពឹងមានភាពល្បីល្បាញខ្លាំងបន្ទាប់ពីចាក់ផ្សាយ។


រហូតដល់ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៣ តារាស្រីម្នាក់ទៀតគឺ Jiang YiYi ក៏ត្រូវបានគេរាយការណ៍ថាមានពាក់ព័ន្ធនឹងរឿងគេចពន្ធ។ តារាស្រីរូបនេះ បានគេចពន្ធក្នុងចន្លោះឆ្នាំ ២០១៧-២០១៨ ជាមួយទឹកប្រាក់ប្រមាណជាង ៣០ ម៉ឺនដុល្លារអាមេរិក។



បើទោះជាត្រូវបានគេរាយការណ៍ថា តារាស្រី Song Zuer និង Jiang YiYi គេចពន្ធ តែភាគច្រើនមហាជនបែរជាមានការអាណិតអាសូរដល់តារាស្រីទាំងពីរទៅវិញ ដោយសារប្រាក់ចំណូលរបស់អ្នកទាំងពីរត្រូវបានគេជឿថាត្រូវបានគ្រប់គ្រងដោយឳពុកម្ដាយដោយសារកំឡុងដែលពួកគេគេចពន្ធគឺមានវ័យក្មេងខ្លាំង។ ដោយ Song Zuer គេចកំឡុងនាងមានអាយុ ២២ ឆ្នាំ និងតារាស្រី Jiang YiYi ទើបមានអាយុ ១៧ ឆ្នាំ រឿងទាំងអស់នេះអាចជាគំនិតរបស់ឳពុកម្ដាយច្រើនជាង ខណៈកូនស្រីត្រូវមករងទុក្ខដោយសារការលោភលន់របស់ឳពុកម្ដាយ។ លើសពីនេះទៀតសោត ទាំងតារាស្រី Song Zuer និង Jiang YiYi សុទ្ធសឹងជាអ្នកមានទេពកោសល្យ និងត្រូវបានប្រជាជនចិនស្រឡាញ់ខ្លាំង ជាពិសេសអ្នកទាំង ២ ចេញសម្ដែងរឿងតាំងពីនៅតូចក្រូចឆ្មារ ដូច្នេះមហាជនបានស្នើសុំឱ្យមានការស៊ើបអង្កេតឱ្យច្បាស់លាស់ពីដើមចងនៃការគេចពន្ធ ៕



























































Account
Security
Favourite Content