តារាសម្ដែងប្រុស Song Joong-ki ប្រកាសពីដំណឹងល្អជូនដោយអ្នកគាំទ្រ ក្រោយទទួលបានសមាកជិកគ្រួសារបន្ថែមនៅថ្ងៃទី២០ ខែវិច្ឆិកានេះ។

តារាសម្ដែងសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានចែករំលែកដំណឹងដ៏រីករាយរបស់ខ្លួន និងភរិយាឈ្មោះ Katy Louise Saunders ថា៖ “យើងទទួលបានពរជ័យជាមួយនឹងទារកដ៏ស្រស់ស្អាតម្នាក់។ ព្រះនាងដ៏គួរឱ្យស្រឡាញ់របស់យើងបានកើតមកមានសុខភាពល្អ” ។
Song Joong-ki បានឱ្យដឹង បច្ចុប្បន្នភរិយាជនជាតិអង់គ្លេសរបស់ខ្លួនកំពុងសម្រាកព្យាបាល ដោយមានសុខភាពល្អនៅឯទីក្រុងរ៉ូម ហើយលោកមិនភ្លេចអរគុណទៅដល់អ្នកគាំទ្រដែលតែងស្រលាញ់គាំទ្រអ្នកទាំងពីរកន្លងមកជាសំណេរថា៖ “ខ្ញុំជឿជាក់ថា ការបន្តគាំទ្រ និងស្រឡាញ់ពីអ្នករាល់គ្នាបានធ្វើឱ្យយើងទទួលបានពរជ័យដ៏អស្ចារ្យនេះ។ ខ្ញុំសូមអរគុណចេញពីចិត្ត”។

គួររំឭកថា តារាប្រុសវ័យ ៣៩ឆ្នាំនិងភរិយាដែលប្រកបអាជីពតែមួយនេះ បានជួបគ្នាជាលើកដំបូងនៅកំលុងដែលលោកទៅថតរឿង Vincenzo កាលពីឆ្នាំ ២០២១។ ក្រោយមើលចិត្តគ្នាអស់ ២ឆ្នាំ Song Joong-ki និង Katy Louise Saunders បានសម្រេចចូលរោងការនៅក្នុងខែមករា ឆ្នាំ ២០២៣ និងបានស្វាគមន៍វត្តមានរបស់កូនប្រុសដំបូងក្នុងខែមិថុនា នៅឆ្នាំដដែល។
ត្បិតរៀបការ និងមានកូនប្រុសស្រី ២នាក់ក្នុងបន្ទុកក្ដី Song Joong-ki នៅតែបន្តអាជីពជាតារាសម្ដែងក្នុងប្រទេសកំណើតរបស់ខ្លួននៅឡើយ ដោយបច្ចុប្បន្ន លោកកំពុងតែសម្ដែងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ JTBC មានចំណងជើងថា My Youth ដែលគ្រោងនឹងចាក់ផ្សាយនៅឆ្នាំក្រោយ៕
























Account
Security
Favourite Content