តារាចម្រៀងប៉ុបអាមេរិក Demi Lovato បានចែករំលែកកម្រងរូបភាពពោរពេញដោយស្នាមញញឹមនិងសុភមង្គលពីកម្មវិធីរៀបការរបស់ខ្លួនជាមួយស្វាមី ដែលបានរៀបចំឡើងកាលពីចុងសប្ដាហ៍។

កាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភា តារាស្រីវ័យ ៣២ ឆ្នាំរួមជាមួយគូស្នេហ៍ជាតារាចម្រៀងនិងអ្នកនិពន្ធចម្រៀងជនជាតិកាណាដាឈ្មោះ Jordan Lutes ហៅ Jutes បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅទីក្រុង Santa Barbara រដ្ឋ California ។
រហូតដល់ថ្ងៃទី២៨ និង២៩ ខែឧសភានេះ Demi ក៏បានចែករំលែករូបភាពជាច្រើននៅលើគណនី Instagram ពីកម្មវិធីអាពាហ៍ពិពាហ៍របស់នាងព្រមជាមួយ Caption រៀបរាប់ថា៖ “ថ្ងៃអាទិត្យកន្លងទៅគឺជាថ្ងៃដ៏ល្អបំផុតនៃជីវិតរបស់ខ្ញុំ។ ខ្ញុំបានរៀបការជាមួយបុរសក្នុងសុបិនដែលចៃដន្យគឺជា best friend និងដៃគូយល់ចិត្តបំផុត នៅថ្ងៃដ៏ល្អឥតខ្ចោះជាមួយនឹងមិត្តភ័ក្តិជិតស្និទ្ធ និងគ្រួសារពោរពេញដោយក្តីស្រលាញ់។ ពេលវេលាល្អបំផុត គឺពេលដែលខ្ញុំដឹងថាខ្ញុំនឹងបានចំណាយពេលអស់មួយជីវិតជាមួយអ្នក” ហើយក៏បាន Tag ឈ្មោះស្វាមីរបស់ខ្លួន។
គូស្នេហ៍ទាំងពីរបានចាប់ផ្ដើមទំនាក់ទំនងជាមួយគ្នាក្នុងឆ្នាំ២០២២ ហើយក៏បានបញ្ជាក់ពីការភ្ជាប់ពាក្យរបស់ពួកគេតាមរយៈ Instagram កាលពីខែធ្នូ ឆ្នាំ ២០២៣។
បើតាមទស្សនាវដ្តី Vogue បានឱ្យដឹងថាក្នុងថ្ងៃមង្គលនេះ តារាចម្រៀងម្ចាស់បទ “Heart Attack” បានពាក់រ៉ូបពណ៌សគុជខ្យងម៉ាក Vivienne Westwood ខណៈកូនកំលោះរបស់នាងបានពាក់ឈុត Saint Laurent ។
សូមបញ្ជាក់ថា Demi Lovato ដែលមានកំណើតនៅរដ្ឋ New Mexico សហរដ្ឋអាមេរិក បានចាប់ផ្ដើមអាជីពសិល្បៈតាំងពីនៅវ័យកុមារម្ល៉េះតាមរយៈកម្មវិធីរបស់ប៉ុស្តិ៍ Disney ហើយក៏បានវិវត្តខ្លួនក្លាយជាតារាចម្រៀងប៉ុបដ៏លេចធ្លោមួយរូបដោយមានបទចម្រៀងល្បីៗដូចជា “Let it Go”, “Skyscraper” និង “Sorry Not Sorry” ៕


































































Account
Security
Favourite Content