កាលពីថ្មីៗ នេះ ក្រុមចម្រៀងបុរស SHINee បានធ្វើការប្រគំតន្ដ្រីចំនួន ៣ ថ្ងៃនៅប្រទេសកូរ៉េខាងត្បូង។ ការប្រគំតន្ដ្រីនេះដែរគឺជាការប្រគំតន្ដ្រីជួបជុំអ្នកគាំទ្រដំបូងក្រោយខកខានធ្វើអស់រយៈពេល ៧ ឆ្នាំ។

តែយ៉ាងណាមិញ មានតែសមាជិក ៣ រូបប៉ុណ្ណោះដែលបានចូលរួមក្នុងនោះរួមមាន Key, Minho និង Taemin ដោយឡែកមេក្រុម Onew គឺមិនបានចូលរួមឡើយដោយសារបញ្ហាសុខភាព និងត្រូវការពេលវេលាសម្រាកព្យាបាល។


ទោះជាយ៉ាងណាក្ដី បើទោះជាមានសមាជិកតែ ៣ រូប ប៉ុន្ដែម្នាក់ខិតខំប្រឹងប្រែងសម្ដែងអស់ពីកាយ និងចិត្តដើម្បីកុំឱ្យអ្នកគាំទ្រខកចិត្ត។ ស្របពេលដែលការប្រគំតន្ដ្រីបញ្ចប់ទៅដោយរលូន និងទទួលបានការសរសើរពីអ្នកគាំទ្រ និងមហាជន។
ជាមួយគ្នាដែរ អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នោះរយៈពេល ៣ ថ្ងៃ សមាជិកទាំង ៣ តែងឈរទុកចន្លោះមួយចោល ដោយ Key និង Minho ឈរជាប់គ្នា រីឯ Taemin បែរជាឈរឆ្ងាយដាច់តែឯង។ រហូតដល់ធ្វើឱ្យគ្រប់គ្នាចោទសួរថា ហេតុអ្វី?

រហូតដល់ការប្រគំតន្ដ្រីចប់ទើបមានអ្នកគាំទ្រជាច្រើនលើកឡើងថា ការពិតចន្លោះមួយនោះគឺទុកសម្រាប់សមាជិក Jonghyun។ ជាធម្មតា រាល់ពេលឡើងឆាក ឬឈរនិយាយ ក្រុមចម្រៀង SHINee តែងឈរតាមលំដាប់ Key, Minho, Jonghyun, Taemin និង Onew។ បើទោះជា Jonghyun ចាកចេញទៅឆ្ងាយហើយក្ដីតែសមាជិកមិនដែលភ្លេចរូបគេឡើយ។ ទង្វើបែបនេះ ធ្វើឱ្យអ្នកគាំទ្រ និងមហាជនរំជួលចិត្តសរសើរពីមិត្ដភាព និងការរាប់អានគ្នារបស់ក្រុមចម្រៀង SHINee។


គួរបញ្ជាក់ថា Jonghyun បានសម្រេចចិត្តធ្វើអត្ដឃាតនៅក្នុងឆ្នាំ ២០១៧ ដោយសារមានជំងឺបាក់ទឹកចិត្ត។ ការចាកចេញរបស់លោកធ្វើឱ្យសមាជិក ក្រុមគ្រួសារ និងអ្នកគាំទ្រ សោកស្ដាយមិនអាចបំភ្លេចបាន៕























Account
Security
Favourite Content