លោក Sammul Chan ជាតារាសម្ដែងហុងកុងដ៏មានប្រជាប្រិយភាពម្នាក់ ជាពិសេសមហាជនស្គាល់រូបលោកតាមរយៈរឿងភាគល្បី “អង្គរក្សទាំង ៤” និង “យុទ្ធសិល្ប៍ទេវបុត្រណាចា” សម្ដែងជាតួ ជាំង ជីយ៉ា។ ក្រៅពីមានអាជីពជាតារាសម្ដែង តារាប្រុស Sammul Chan ក៏ជាតារាចម្រៀង ខណៈបច្ចុប្បន្ន លោកបានក្លាយជាគ្រូបង្រៀនជ្រមុជទឹកក្នុងបាតសមុទ្រ។


លោក Sammul Chan មានឈ្មោះពិតហៅថា Chen JianFeng លោកកើតនៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ១៩៧៨ នៅហុងកុង បច្ចុប្បន្នមានអាយុ ៤៥ ឆ្នាំ។ ឳពុករបស់លោកជាបុគ្គលិកការិយាល័យ និងម្ដាយរបស់លោកជាគ្រូពេទ្យ។ ដើមឡើយឳពុកម្ដាយរបស់លោកមានបំណងចង់ឱ្យលោកក្លាយជាគ្រូពេទ្យ ប៉ុន្ដែដោយសារហាក់មិនពេញចិត្តជាមួយជំនាញនេះ រូបលោកក៏ទៅធ្វើការងារក្រៅម៉ោងផ្នែក DJ វិញ និងមានចំណាប់អារម្មណ៍ខ្លាំងលើវិស័យសិល្បៈ។ នៅអាយុ ១៩ ឆ្នាំ ដោយមានទេពកោសល្យ ព្រមទាំងមានរូបសម្រស់ស្រស់សង្ហាផងនោះ Sammul Chan ក៏មានឱកាសបានចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍ TVB និងបានលេចមុខជាបន្ដបន្ទាប់ក្នុងរឿងភាគ ៣០ រឿង។ ក្នុងចំណោមនោះ រឿង TVB ដែលលោកសម្ដែងទាំងអស់រឿងភាគ “The Four” ឬ “អង្គរក្សទាំង ៤” ធ្វើឱ្យលោកមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ខ្លាំង។



ក្នុងឆ្នាំ ២០១០ លោកក៏បានសម្រេចចិត្តមិនបន្ដកុងត្រាស្ថានីយទូរទស្សន៍ TVB និងចាប់ផ្ដើមប្រជ្រៀតខ្លួនទៅសម្ដែងរឿងនៅឯប្រទេសចិនវិញ។ ក្នុងឆ្នាំ ២០១៤ តារាប្រុស Sammul Chan ក៏មានឱកាសបានចូលសម្ដែងក្នុងរឿងភាគ “Heroes of the Gods” ឬ “យុទ្ធសិល្ប៍ទេវបុត្រណាចា” ដោយសម្ដែងជាតួអង្គ ជាំង ជីយ៉ា។ រឿងភាគមួយនេះធ្វើឱ្យអាជីពសិល្បៈរបស់លោកកាន់តែកាក់កបខ្លាំង និងរឹតតែមានភាពល្បីល្បាញ។ រឿងនេះដែរ ថែមទទួលបានភាគរយអ្នកទស្សនាច្រើនខ្លាំងក្នុងប្រទេសកំឡុងពេលចាក់ផ្សាយ រីឯតារាប្រុស Sammul Chan ក៏បានជាប់រហ័ស្សនាមជាតារាប្រុសដែលសម្ដែងតួអង្គ ជាំង ជីយ៉ា ឆ្នើមបំផុត និងមានវ័យក្មេងជាងគេផងដែរ។


រហូតដល់ឆ្នាំ ២០១៨ ជាពេលវេលាដ៏អាក្រក់មួយសម្រាប់រូបលោក និងធ្វើឱ្យរូបលោកមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារតែលោករកឃើញថាខ្លួនមានជំងឺខួរក្បាលម៉្យាងដែលមិនអាចព្យាបាលឱ្យជាសះស្បើយដាច់ឡើយ។ លោកបានរកឃើញថាខ្លួនមានជំងឺកំឡុងពេលពិនិត្យសុខភាពនៅឯប្រទេសថៃ។ មែនទែនទៅជំងឺមួយនេះបានធ្វើឱ្យរូបលោកជួបរឿងចាក់ស្ដេ្រសជាច្រើន និងមានបញ្ហាស្មុគស្មាញខ្លាំង។
សុខភាពប្រែប្រួលខ្លាំង
តារាប្រុស Sammul Chan ធ្លាប់ជាមនុស្សដែលមានសុខភាពល្អ និងជួយដល់ការងារសង្គម ចុងក្រោយលោកក៏ធ្លាក់ខ្លួនឈឺធ្វើឱ្យពិបាកក្នុងការរស់នៅពេលដឹងពីស្ថានភាពជំងឺភ្លាមៗ។ បើតាមសម្ដីរបស់គ្រួពេទ្យជំនាញនៅហុងកុងបានឱ្យដឹងថា តារាប្រុស Sammul Chan កើតមកដោយគ្មានសរសៃឈាមសំខាន់ម៉្យាងនៅក្នុងខួរក្បាលរបស់គាត់ ហើយវាជាជំងឺដំណពូជដែលមិនអាចព្យាបាលឱ្យជាសះស្បើយបានទេ។ នៅពេលដែលលោកមានអាយុកាន់តែច្រើនជំងឺនេះនឹងប៉ះពាល់ដល់សុខភាពរបស់លោកកាន់តែខ្លាំង និងអាចមានការភ្លេចភ្លាំង។ មួយវិញទៀត រូបរាងរបស់លោកក៏ហាក់មានការប្រែប្រួលមើលសឹងមិនស្គាល់ផងដែរ ដោយសារលោកឡើងគីឡូជាងមុន។


ធ្លាក់ខ្លួនមានបញ្ហាបាក់ទឹកចិត្ត និងចង់សម្លាប់ខ្លួន
ក្រោយពីដឹងថាខ្លួនមានជំងឺនេះ លោកចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច ពិបាកសម្រេចចិត្តក្នុងការធ្វើអ្វីមួយ និងលែងសូវមានទំនុកចិត្តចំពោះមនុស្សជុំវិញ ជាពិសេសលោកចូលចិត្តសម្ងំនៅម្នាក់ឯងមិនចង់នៅក្បែរនរណាឡើយ។ ដោយសារតែជំងឺមួយនេះ លោកត្រូវបង្ខំចិត្តលាឈប់ពីសិល្បៈ និងផ្លាស់ប្ដូរអាជីព ដោយសារតែជំងឺរបស់លោកមិនអាចឱ្យលោកសម្ដែង គិតច្រើន ឬប្រើអារម្មណ៍ឡើងចុះពេកឡើយទើបធ្វើឱ្យលោកកាន់តែពិបាកចិត្តលើសដើមមួយកម្រិតទៀត។ លោកធ្លាប់មានគំនិតចង់ជ្រមុជទឹកឱ្យស្លាប់តែម្ដង ព្រោះបើលោកលិចជ្រៅចូលទៅក្នុងទឹកគឺគ្មាននរណាម្នាក់រកឃើញលោកទៀតឡើយ។ ជាសំណាង ដោយមានការគាំទ្រពីម្ដាយ និងបងស្រី តារាប្រុសរូបនេះក៏ព្យាយាមមើលថែទាំខ្លួនឯងឱ្យបានល្អជាងមុន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ លោកឧស្សាហ៍ទៅព្រះវិហារដើម្បីឱ្យចិត្តស្ងប់ និងបន្ដសិក្សាបន្ថែមលើជំនាញផ្សេង។ តែទោះជាយ៉ាងណា ទុក្ខលំបាកក្នុងជីវិតរបស់លោកនៅមិនទាន់ចប់ឡើយ។


ជួបរឿងមិនសមប្រកប
ក្រោយបញ្ចប់អាជីពជាអ្នកសិល្បៈ តារាប្រុសរូបនេះបានក្លាយខ្លួនជាអ្នកបង្រៀនជ្រមុជទឹកបាតសមុទ្រម្នាក់ ប៉ុន្ដែការផ្លាស់ប្ដូរអាជីពនេះហាក់មិនមានភាពសមប្រកបដូចការរំពឹងទុកឡើយ។ ក្នុងឆ្នាំ ២០២១ លោកត្រូវបានមហាជនជាច្រើនមានការខឹងសម្បារក្រោយជាប់ពាក់ព័ន្ធរឿងធ្វើឱ្យកូនសិស្សរៀនជ្រមុជទឹករបស់លោកស្លាប់បាត់បង់ជីវិត។ យោងតាមប្រភពព័ត៌មានហុងកុងនៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២១បានឱ្យដឹងថា ដំបូងបុរសវ័យកណ្ដាលម្នាក់ត្រូវបានប្រទះឃើញលង់ទឹក និងបានសន្លប់បាត់បង់ស្មារតី ហើយជាអកុសត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយមកទើបលេចចេញព័ត៌មានថា គ្រូបង្រៀនជ្រមុជទឹករបស់បុរសដែលបានស្លាប់បង់ជីវិតនោះគឺជាតារាប្រុស Sammul Chan។ ភ្លាមៗ ខាងក្រុមអ្នកកាសែតបានព្យាយាមទាកទងទៅកាន់លោកដើម្បីសួរនាំពីព័ត៌មានលម្អិត ប៉ុន្ដែតារាប្រុស រូបនេះបានបដិសេធមិនឆ្លើយតប ស្របពេលដែលក្រុមការងាររបស់លោកបានឆ្លើយថា រូបលោកមានការជាប់រវល់មិនបាននៅហុងកុងឡើយ។ អ្វីដែលធ្វើឱ្យគ្រប់គ្នាកាន់តែខឹងខ្លាំងនោះ លោកត្រូវបានគេប្រទះឃើញចាកចេញពីផ្ទះរបស់ខ្លួនអមជាមួយវ៉ាលីធំមួយ។ នៅពេលដែលមានមហាជនចោទសួរពីរឿងរ៉ាវកូនសិស្សរបស់លោក លោកក៏ប្រញាប់ចាកចេញយ៉ាងទាន់ហន់ដោយមិនឆ្លើយតបអ្វីទាំងអស់។ មនុស្សជាច្រើនបានបញ្ចេញមតិរិះគន់ដល់រូបលោកដែលជាមនុស្សគ្មានទំនួលខុសត្រូវ ថែមទាំងចោទប្រកាន់ថាលោកប្រើប្រាស់ប្រាក់ដើម្បីបានរួចខ្លួន និងចៀសផុតពីការចោទប្រកាន់នានា។




ភាពស្មុគស្មាញក្នុងជីវិតរបស់លោកមិនទាន់អស់ឡើយ ក្រៅពីជួបរឿងនេះ រំលងបានតែ ៣ ខែប៉ុណ្ណោះគឺក្នុងខែ កញ្ញា ឆ្នាំ ២០២១ ក៏មានជនឆ្លៀតឱកាសក្លែងបន្លំធ្វើជារូបលោកបង្កើតគណនីក្លែងក្លាយជាច្រើនលើបណ្ដាញសង្គមដូចជា Facebook, Instagram ដើម្បីសុំប្រាក់បរិច្ចាគពីមហាជន។ ថែមទាំងយកឈ្មោះរបស់លោកទៅបោកប្រាស់អ្នកដទៃក្រោមរូបភាពផ្សេងៗជាច្រើន។ រហូតតារាប្រុស Sammul Chan ត្រូវចេញមុខមកបកស្រាយថា លោកមិនបានជាប់ពាក់ព័ន្ធរឿងទាំងនេះឡើយ។
លើសពីនេះ រឿង “Justice Bao” ឬ ប៉ាវចិន ដែលលោកបានបានថតកាលពីឆ្នាំ ២០១៨ ទើបនឹងមានឱកាសបានចាក់ផ្សាយនៅដើមឆ្នាំ ២០២៣ ក៏ត្រូវបានគេរិះគន់យ៉ាងចាស់ដៃពីរឿងរូបរាងរបស់លោក និងលើកឡើងថាលោកមិនសមសម្ដែងជាតួអង្គមួយនេះឡើយ ព្រោះមានរូបរាងធាត់។ មិនតែប៉ុណ្ណោះ ថែមទាំងសើចចំអកថា លោកជាតួអង្គ ប៉ាវចិន ដែលមានរូបរាងធាត់ជាងគេបំផុតទៀត។


តារាប្រុស Sammul Chan បាត់មុខពីសិល្បៈ និងបណ្ដាញសង្គមនានាអស់រយៈពេលជាង ១ ឆ្នាំ។ រហូតដល់ដើមឆ្នាំ ២០២៣ ទើបមិត្តភក្ដិរបស់លោកបានបង្ហោះរូបជាមួយលោកពីរសន្លឹកប៉ុណ្ណោះ។ នៅពាក់កណ្ដាលឆ្នាំ ២០២៣ លោកត្រូវក្រុមអ្នកគាំទ្រប្រទះឃើញនៅព្រលានយន្ដហោះប្រទេសកាណាដាក្នុងសម្លៀកបំពាក់សាមញ្ញ និងអង្គុយចុចទូរសព្ទ។ បើតាមសម្ដីអ្នកបានជួបលោកបានឱ្យដឹងថា លោកមើលទៅសាមញ្ញ មិននិយាយច្រើនឡើយ រូបរាងក៏ប្រែប្រួលខុសពីមុនច្រើន។



អ្នកគាំទ្ររបស់លោកជាច្រើនបង្ហាញការសោកស្ដាយ និងជូនពរឱ្យជីវិតក្រៅសិល្បៈរបស់លោកមិនមានបញ្ហាអ្វីតទៅទៀត ព្រោះលោកក៏ជាតារាដែលតែងតែធ្វើអំពើល្អម្នាក់មិនសមជួបទុក្ខច្រើនផ្ទួនៗគ្នាបែបនេះឡើយ។ ពួកគេបានលើកឡើងថា ជីវិតរបស់លោកធ្លាក់មកដល់ចំណុចនេះគឺមួយផ្នែកធំបណ្ដាលមកពីបញ្ហាសុខភាពធ្វើឱ្យលោកមិនអាចបន្ដអាជីពជាអ្នកសិល្បៈរហូតដល់មានបញ្ហាធ្លាក់ទឹកចិត្តជួបរឿងបន្ដកន្ទុយគ្នា ខណៈជនឆ្លៀតឱកាសមួយចំនួនក៏ព្យាយាមធ្វើបាប ជាន់ពន្លិចរូបលោកបន្ថែមទៀតដើម្បីទាញយកផលប្រយោជន៍ដែលកាន់ធ្វើឱ្យជីវិតលោកស្មុគស្មាញខ្លាំងស្ទើរងើបមកវិញលែងរួច៕

























































Account
Security
Favourite Content