បើគិតមកដល់ពេលបច្ចុប្បន្ន តារាសម្ដែងប្រុសជួរមុខរបស់ហុងកុង Ruco Chan បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយារបស់ Phoebe Sin បាន ៥ ឆ្នាំមកហើយ។ ក្រោយរៀបការបានមួយឆ្នាំ អ្នកទាំងពីរក៏ទទួលបានកូនស្រីដ៏គួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃផងដែរ។

ទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ ក៏ពួកគេទាំងពីរនៅតែឆ្លៀតផ្ដល់ពេលវេលា និងភាពកក់ក្ដៅសម្រាប់ក្រុមគ្រួសារតូចនេះមិនដែលរំលងនោះទេ។ ជាពិសេសលោកមិនបានភ្លេចអរគុណទៅដល់ភរិយារបស់លោកខ្លាំងមែនទែនដែលអនុញ្ញាតឱ្យលោកធ្វើការ និងបន្ដអាជីពជាតារាសម្ដែងដោយមិនបាច់មានការព្រួយបារម្ភអ្វីទាំងអស់។

តួប្រុសនៅក្នុងរឿង POTT រូបនេះក៏បានបន្តថាលោកអាចមើលឃើញកូនស្រីត្រូវបានថែទាំ និងធំឡើងយ៉ាងល្អដែលនេះគឺជាគុណសម្បត្តិដ៏ធំបំផុតរបស់ភរិយាជាទីស្រឡាញ់។ គួរបញ្ជាក់ផងដែរថា Ruco Chan បានរៀបការជាមួយភរិយាលោក Phoebe Sin ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីលោកបានធ្វើជាចៅក្រមកិត្តិយសក្នុងកម្មវិធីបវរកញ្ញាហុងកុងឆ្នាំ ២០១៦ ដែលនាងគឺជាបេក្ខនារីម្នាក់ផងដែរ។


ក្រោយរៀបការ និងទទួលបានកូនស្រីម្នាក់ក្នុងឆ្នាំ ២០១៩ ហើយ Phoebe Sin ក៏បានលាឈប់ពីវិស័យសិល្បៈដើម្បីចំណាយពេលវេលាធ្វើជាប្រពន្ធ និងម្ដាយដ៏ល្អម្នាក់។ ជាពិសេសនាងបានបោះបង់ក្ដីស្រមៃ អ្វីដែលខ្លួនចង់ធ្វើ និងការចំណាយពេលវេលាសម្រាកជាមួយមិត្តភក្ដិដើម្បីថែទាំគ្រួសារ។ សម្រាប់ខ្លួនលោក នេះគឺជាការលះបង់ដ៏ធំធេងបំផុត។



ជាមួយគ្នានេះ កាលពីប៉ុន្មានថ្ងៃមុនតារាសម្ដែងប្រុស Ruco Chan ក៏បានបង្ហោះរូបដើរលេងជាមួយប្រពន្ធកូនរួមជាមួយចំណងជើងថា “មនុស្សជាច្រើននិយាយថាកូនស្រីជាគូស្នេហ៍របស់ឪពុកពីអតីតកាល ហើយនាងនឹងលួចបេះដូងអ្នកទៅទាំងស្រុង។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ? ប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាពិតជាសមជាងដែលត្រូវនិយាយថានាងគឺជាស្នេហ៍ពិតរបស់យើងក្នុងជាតិនេះ”៕


























Account
Security
Favourite Content