ព្រះរាជបុត្រព្រុយណេ Abdul Mateen ត្រូវបានមហាជន ពិសេសនារីៗជុំវិញពិភពមានការចាប់អារម្មណ៍ខ្លាំងមកលើទ្រង់ដោយសារតែសមត្ថភាពពិសេស ចំណេះដឹង និងរូបសម្បត្ដិដ៏ស្រស់សង្ហា។



បណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ទ្រង់នាពេលបច្ចុប្បន្នមានចុចតាមដានរហូតដល់ ២,៤ លាននាក់ និងត្រូវបានគេចាត់ទុកថាជាបុគ្គលល្បី និងមានឥទ្ធិពលម្នាក់។ ថ្មីៗ នេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ព្រុយណេបានឲ្យដឹងថា ព្រះរាជបុត្រ Abdul Mateen បានកំណត់ថ្ងៃរៀបអភិសេករួចរាល់ហើយ ដោយទ្រង់នឹងរៀបអភិសេកជាមួយគូដណ្ដឹងឈ្មោះ Anisha Rosnah Adam ដែលត្រូវជាចៅស្រីរបស់ទ្រឹប្រឹក្សាពិសេសរបស់ស្ដេចស៊ុលតង់ Hassanal Bolkiah។ ពិធីមង្គលការនេះនឹងប្រារព្ធរយៈពេល ១០ ថ្ងៃ ចាប់តាំងពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤។



Anisha Rosnah Adam ត្រូវបានគេរាយការណ៍ថាបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអង់គ្លេសដ៏ល្បីល្បាញមួយ និងជាសហគ្រិនជោគជ័យម្នាក់ផងដែរ។ នាងជាម្ចាស់យីហោម៉ាកសម្លៀកបំពាក់ឈ្មោះ Silk Collective ហើយក្រៅពីនេះក៏បានបើកក្រុមហ៊ុនទេសចរណ៍ឈ្មោះ Authentirary ជាមួយមិត្តជិតស្និទ្ធម្នាក់ដែរ។ បងប្រុសរបស់នាងឈ្មោះ Danial Deen Isa Kabelic ត្រូវជាមិត្ដជិតស្និទ្ធរបស់ព្រះរាជបុត្រ Mateen តែម្ដង។
លើសពីនេះ Anisha Rosnah Adam ក៏ជានារីម្នាក់ដែលស្រឡាញ់ និងចូលចិត្តការធ្វើម្ហូបផងដែរ។ នាងថែមទាំងមានគណនីផ្លូវការសម្រាប់បង្ហោះពីវីដេអូធ្វើម្ហូបអាហារថែមទៀត។ អត្ដចរិតហ្មត់ចត់ និងទេពកោសល្យប៉ិនប្រសប់របស់នាងធ្វើឲ្យគេជឿជាក់ថាវាជាហេតុផលដែលនាងអាចឆក់យកបេះដូងរបស់ព្រះរាជបុត្រ Abdul Mateen បាន។



គួរបញ្ជាក់ថា ព្រះរាជបុត្រ Abdul Mateen និង Anisha Rosnah Adam ធ្លាប់ត្រូវបានគេប្រទះឃើញនៅជាមួយគ្នាជាផ្លូវការកំឡុងពេលរៀបចំពិធីអភិសេករបស់សែស្រឡាយរាជវង្សក្នុងខែ មករា ឆ្នាំ ២០២២។ ជាបន្ដបន្ទាប់អ្នកទាំងពីរក៏បង្ហាញមុខរួមគ្នាក្នុងកម្មវិធីសំខាន់ផ្សេងៗទៀត ៕























































Account
Security
Favourite Content