តារាស្រី ចៀវៃ ឬ Ruby Lin កាលពីពេលថ្មីៗនេះបានបង្ហាញខ្លួនក្នុងកម្មវិធី Our Wonderful Life ជាមួយតារាស្រីល្បីៗ ដូចជា Ada Choi, XieNa និង Zhong Chuxi។ អ្នកទាំងអស់គ្នា ក៏និយាយចែករំលែកពីរឿងជីវិតគ្រួសារ និងអាជីពសិស្បៈរបស់ខ្លួន។ អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនោះគឺនិយាយសុខៗ តារាស្រី Ruby Lin ស្រាប់តែសម្រក់ទឹកភ្នែកយំសោកតែម្ដង។



Ruby Lin បាននិយាយរំឭកដល់ឳពុកម្ដាយរបស់ខ្លួនទើបធ្វើឲ្យនាងទប់ទឹកភ្នែកមិនបាន រំជួលចិត្ដស្ទើរនិយាយលែងចេញ។ នាងបានលើកឡើងថា៖ មុននាងរៀបការជាមួយស្វាមីលោក Wallace Huo នាងតែងតែចំណាយពេលដើរកម្សាន្ដជាមួយឳពុកម្ដាយរបស់នាងជារៀងរាល់ឆ្នាំ។ ប៉ុន្ដែនៅពេលដែលនាងចាប់ផ្ដើមបង្កើតគ្រួសារ នាងចំណាយពេលនៅតែជាមួយកូន និងស្វាមី។ នាងស្ទើរតែគ្មានពេលវេលាឲ្យឳពុកម្ដាយរបស់ខ្លួន។

នាងបាននិយាយទាំងទឹកភ្នែកថា៖ បើទោះជានាងមានអាយុចំណាស់នេះហើយក្ដី សម្រាប់ឳពុកម្ដាយរបស់នាង នាងនៅតែជាក្មេងតូច។ ពួកគាត់តែហៅនាងថា សំណព្វចិត្ដ។ នាងរវល់មើលថែទាំងគ្រួសារ ស្វាមី និងកូន ធ្វើឲ្យនាងមិនបានចាប់អារម្មណ៍ពីឳពុកម្ដាយរបស់ខ្លួន។ នាងបានសម្លឹងឃើញសក់របស់ម្ដាយនាងមានស្កូវជាច្រើន អាយុរបស់ម្ដាយនាងគឺ ៧២ ឆ្នាំហើយ។
នាងបន្ដថា៖ នាងមានអារម្មណ៍សោកស្ដាយ និងខុសឆ្គង ដែលមិនបានចំណាយពេលវេលាឲ្យបានច្រើននៅក្បែរអ្នកមានគុណទាំងពីរ។ ហេតុផលនេះហើយទើបធ្វើឲ្យនាងចាប់ផ្ដើមកាត់បន្ថយការងារនៅក្នុងសិល្បៈ និងត្រឡប់ទៅ តៃវ៉ាន់វិញ ដើម្បីរស់នៅជួបជុំឳពុកម្ដាយ។

នាងបានបន្ថែមថា៖ នៅពេលដែលមានគ្រួសារ និងក្លាយជាម្ដាយរបស់គេ ទើបនាងយល់ពីអារម្មណ៍ និងការលះបង់ខ្លាំងរបស់អ្នកមានគុណទាំងពីរ។ ពួកគាត់ពិតជាធ្វើរឿងជាច្រើនដើម្បីកូន។
គួរបញ្ជាក់ថា តារាស្រី Ruby Lin និង តារាប្រុស Wallace Huo បានរៀបការក្នុងឆ្នាំ ២០១៦។ អ្នកទាំងពីរទទួលបានចំណងដៃកូនស្រីមួយក្នុងឆ្នាំ ២០១៧។ បន្ទាប់ពីរៀបការបានមួយរយៈ តារាស្រី Ruby Lin មិនសូវបង្ហាញមុខក្នុងរឿងភាគ ឬភាពយន្ដខ្នាតធំឡើយ ភាគច្រើននាងចូលរួមតែកម្មវិធីនានាប៉ុណ្ណោះ ៕


























Account
Security
Favourite Content