ដូចបានជ្រាបហើយថា ប្អូនស្រីបង្កើតរបស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ រ៉េត សារីតា គឺ រ៉េត ស្រីនាថ បានកំពុងត្រឡប់មកអង្រួនវិស័យបវរកញ្ញាម្តងទៀតតាមការសន្យាជាមួយហ្វេន ដោយឆ្នាំនេះកញ្ញាបានដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Cambodia 2023 ដែលជាការរៀបចំរបស់ក្រុមហ៊ុន Cambodia International Models (CIM)។

ស្រីនាថ បានព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងរាល់ថ្ងៃ ត្រៀមសម្រាប់ការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ។ ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងក្នុងសម្ភោធរឿង «ខ្មោចចូល» កាលពីពេលថ្មីៗ ស្រីនាថ ថា ការចូលរួមប្រកួតកម្មវិធីបវរកញ្ញាជាលើកទី២ នេះ គឺដោយសារវាជាក្តីស្រមៃរបស់នាង និងបងស្រីតាំងពីតូចមកម៉្លេះ។ ពីមុនបងប្អូនបង្កើតនាងទាំងពីរនាក់នេះធ្លាប់និយាយលេងជាមួយគ្នាថា ចង់ចែកគ្នាទៅប្រកួតកម្មវិធីផ្សេងៗ ធ្វើម៉េចតំណាងស្រុកខ្មែរយើង និងចែកចាយពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្ររបស់កម្ពុជាឱ្យគេស្គាល់កាន់តែច្រើន។
បេក្ខភាព Miss Cambodia តំណាងខេត្តកំពត រំលឹកឡើងថា ជំនាន់នាង និងបងស្រីមើលកម្មវីធីបវរកញ្ញានោះ គឺមិនទាន់មានវត្តមានបវរកញ្ញាកម្ពុជាយើងនៅឡើយទេ ដូច្នេះទើបបងប្អូនស្រីនាងទាំងពីរ ចង់មានឱកាសតំណាងស្រុកខ្មែរ ដើម្បីបង្ហាញសមត្ថភាពឱ្យគេដឹងថា កូនខ្មែរយើងក៏មានសមត្ថភាពអាចចូលរួមប្រកួតកម្មវិធីលើឆាកអន្តរជាតិបានផងដែរ។


ដោយសារកម្មវិធី Miss Cambodia 2023 មានមកុដ ៦ title ផ្សេងគ្នា ដូច្នេះប្អូនស្រីបង្កើតរបស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២០ សម្រេចចិត្តសិក្សាស្វែងយល់យ៉ាងលម្អិតពីកម្មវិធីទាំង៦នេះ តែលទ្ធផលចេញមកបែបណាគឺអាស្រ័យលើការប្រកួតជាក់ស្តែង តែនាងសន្យានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតដ៏ធំនេះ។
បន្ថែមពីលើការស្វ័យសិក្សាដោយខ្លួនឯង ស្រីនាថ ក៏ទទួលការណែនាំបន្ថែមពីបងស្រីជាទីស្រលាញ់ផងដែរ ដោយ សារីតា ដែលជាបងស្រីបង្កើត និងជារៀមច្បងក្នុងវិស័យបវរកញ្ញា បានប្រាប់ឱ្យនាងត្រៀមចិត្តត្រៀមកាយទទួលយកពាក្យរិះគន់ ព្រោះកាលជំនាន់បងស្រីជាប់ជា Miss Universe Cambodia 2020 ក៏ទទួលរងការរិះគន់ច្រើនដែរ ដូច្នេះ ស្រីនាថ ត្រូវត្រៀមចិត្តកាយទទួលយករឿងដែលនឹងកើតឡើង បើយើងទទួលយករឿងទាំងនេះមិនបានទេ បានន័យថា យើងមិនអាចក្លាយជាបវរកញ្ញា ឬសូម្បីប្រឡូកក្នុងវិស័យនេះឡើយ។


គួររំលឹកផងដែរថា បេក្ខភាពត្រៀមដណ្តើមមកុដ Miss Cambodia 2023 កញ្ញា រ៉េត ស្រីនាថ មានប្រវត្តិសិក្សាមិនធម្មតាឡើយ ថែមទាំងមានសមត្ថភាពអាចនិយាយបានដល់ទៅ ៥ ភាសា ដូចជា អង់គ្លេស បារាំង ចិន បាគីស្ថាន បូករួមជាមួយភាសាដើមកំណើតខ្មែរ។ កាលឆ្នាំ២០២៧ ស្រីនាថ ធ្លាប់ចូលរួមប្រកួតកម្មវិធី MISS GRAND CAMBODIA ដោយនាងជាប់បាន TOP 6 ចុងក្រោយ ហើយគេជឿជាក់ថា លើកនេះនាងនឹងអាចដណ្តើមយកមកុដណាមួយក្នុងចំណោមមកុដទាំង ៦ នៃកម្មវិធី Miss Cambodia 2023។ កុំភ្លេចរង់ចាំតាមដានកម្មវីធីបវរកញ្ញាកម្ពុជាឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ!






















































Account
Security
Favourite Content