កាលពីថ្មីៗ នេះ Rain បានបញ្ចេញវីដេអូមួយលើបណ្ដាញសង្គមយូធូបផ្លូវការរបស់លោក។ ក្នុងវីដេអូនោះបង្ហាញឲ្យឃើញរូបលោក និងតារាយូធូបល្បីម្នាក់លោក Na Seon Wook បានអង្គុយញ៉ាំអាហារជជែកគ្នាពីរឿងរ៉ាវផ្សេងៗ ក្នុងជីវិត។

ក្នុងវីដេអូនោះ Rain ក៏និយាយរំឭកដល់រឿងរ៉ាវដែលលោកនៅក្មេង ទើបប្រឡូកចូលសិល្បៈ ខណៈលោកបានជួបរឿងជូរចត់ជាច្រើនទម្រាំដើរមកដល់ចំណុចសព្វថ្ងៃ។ កាលពីនៅក្មេងលោកមានបំណងក្លាយជាតារាចម្រៀងម្នាក់ ដូច្នេះទើបលោកសម្រេចចិត្តទៅដាក់ពាក្យប្រឡង និងខិតខំយ៉ាងខ្លាំងដើម្បីមានឱកាសក្លាយជាតារាចម្រៀង។
ជាក់ស្ដែងវាពិតជាមិនងាយស្រួលដូចលោកគិតឡើយ មនុស្សជាច្រើនបានមើលងាយលោកយ៉ាងខ្លាំង។ លោកបានដាក់ពាក្យប្រឡងរាប់រយដង ប៉ុន្ដែជាលទ្ធផលគ្មានអ្នកទទួលយកឡើយ។ លោកគ្មានជម្រើសត្រូវចាប់ផ្ដើមពីអ្នករាំ លោកត្រូវទៅសម្ដែងលើឆាកត្រឹមជាអ្នករាំម្នាក់ប៉ុណ្ណោះ។


លោកបន្ដថា៖ នៅថ្ងៃមួយសំណាងក៏ដើរមករកលោក ដោយមានអ្នកឲ្យលោកជួយទៅធ្វើការឲ្យលោក J.Y. Park។ ថ្ងៃនោះហើយដែលជីវិតរបស់លោកចាប់ផ្ដើមប្រែប្រួល និងរកឃើញពន្លឺព្រមទាំងមានឱកាសប្រែខ្លួនជាតារាចម្រៀងដូចប្រាថ្នា។
គួរបញ្ជាក់ថា បច្ចុប្បន្ន Rain មានទ្រព្យសម្បត្ដិច្រើនជាង ៥០ លានដុល្លារ និងត្រូវគេចាត់ទុកជាតារាខេប៉ុបម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើន និងជាតារាម្នាក់ប៉ិនប្រសប់ផ្នែកជំនួញផងដែរ ៕



























































Account
Security
Favourite Content