Quincy Jones ផលិតករដ៏សំខាន់ និងល្បីឈ្មោះមួយរូបក្នុងវិស័យតន្រ្តីរបស់សហរដ្ឋអាមេរិក បានបាត់បង់ជីវិតដោយស្ងប់សុខនៅផ្ទះរបស់លោក ឯទីក្រុង Los Angeles ក្នុងរាត្រីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ។

គ្រួសាររបស់លោកបានប្រកាសជាសាធារណៈពីការដំណឹងដ៏សោកសៅនេះថា៖ “យប់នេះយើងត្រូវចែករំលែកថាឪពុក និងបងប្រុស Quincy Jones បានទទួលមរណភាពហើយ។ ត្បិតជាការបាត់បង់ដ៏ធំរបស់ក្រុមគ្រួសារក៏ពិតមែន តែយើងក៏អបអរសាទរដល់ជីវិតដ៏អស្ចារ្យដែលគាត់បានរស់នៅ និងគ្មាននរណាម្នាក់ដែលអាចធ្វើដូចគាត់បាននោះទេ”។
“ពួកយើងរីករាយ និងមានមោទកភាពយ៉ាងខ្លាំងដែលសេចក្ដីស្រឡាញ់ និងក្ដីសុខដែលជាគោលគំនិតក្នុងការប្រើប្រាស់ជីវិតរបស់គាត់ បានផ្សព្វផ្សាយទៅជុំវិញពិភពលោកតាមរយៈតន្រ្តី និងក្ដីស្រឡាញ់។ បេះដូងរបស់ Quincy Jones នឹងនៅតែបន្តដើររហូតជានិរន្តរ៍” គ្រួសារសពបន្តបែបនេះ។


ក្នុងតួអង្គជាផលិតករតន្ត្រី ភាពជោគជ័យដ៏ធំបំផុតមួយរបស់លោក គឺជាការកែប្រែជោគវាសនារបស់យុវវ័យ Michael Jackson ដែលជាតារាទូទៅម្នាក់ រហូតក្លាយទៅជាស្ដេចនៃតន្ត្រីប៉ុប “King of Pop”។ អ្នកទាំងពីរបានធ្វើការជាមួយគ្នាជាលើកដំបូងនៅក្នុងគម្រោងរបស់ភាពយន្ត The Wiz ដែលជាចំណុចចាប់ផ្ដើមនៃការផលិតស្នាដៃអាលប៊ុមរួមគ្នាទី ១ “Off The Wall” មុននឹងបន្តផលិតអាល់ប៊ុម “Thriller” និង “Bad”។
ស្នាដៃដ៏លេចធ្លោមួយទៀតរបស់លោកគឺជាសមិទ្ធផលនៃបទ We Are the World។ ពេលផលិតបទនេះនៅក្នុងឆ្នាំ ១៩៨៥ Quincy Jones បានប្រមែប្រមូលអ្នកចម្រៀងជួរមុខរបស់អាមេរិករហូតដល់ទៅ ៤៥រូប ដូចជា Michael Jackson, Bruce Springsteen, Tina Turner and Cyndi Lauper មកច្រៀងរួមគ្នានៅក្នុងបទចម្រៀងសម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីសប្បុរសធម៌មួយ ជួយដល់គ្រោះទុរភិក្សនៅក្នុងទ្វីបអាហ្វ្រិក។

ក្រៅពីការងារចម្រៀងដែលលោកធ្លាប់រួមធ្វើជាមួយនឹង Frank Sinatra, Ray Charles និងតារាល្បីៗមួយរយជាងដួងទៀត Quincy Jones ក៏បានបន្សល់ស្នាដៃតន្រ្តីសម្រាប់ភាពយន្ត និងកម្មវិធីទូរទស្សន៍មិនតិចជាង ៥០នោះទេ។
អស់រយៈពេល ៧៥ឆ្នាំក្នុងវិស័យតន្ត្រី លោក Quincy Jones ធ្លាប់ទទួលបានពានរង្វាន់ពី Grammy Awards រហូតដល់ទៅ ២៨ដង ពានរង្វាន់កិត្តិយស ២ ពី Academy Award និង ពានរង្វាន់មួយទៀតពី Emmy Award។ បន្ថែមពីនេះទៀត ទស្សនាវដ្ដី Time ក៏ធ្លាប់លើកស្ទួយលោកជាតន្រ្តីករចង្វាក់ Jazz ដែលមានឥទ្ធិពលខ្លាំងបំផុតប្រចាំសតវត្សរ៍ទី ២០ ផងដែរ៕


























Account
Security
Favourite Content