តារាចម្រៀងរ៉េបស្រីដ៏ល្បី Nicki Minaj បានបន្តទាមទារឱ្យ Jay-Z សងបំណុលនាងវិញ ដោយបង្ហាញថា Jay-Z បានជំពាក់នាង ២០០ លានដុល្លារ ពាក់ព័ន្ធកិច្ចសន្យាទិញលក់វេទិកាស្ដាប់ចម្រៀង Tidal ។

ត្រលប់ទៅឆ្នាំ ២០១៥ សិល្បករ ផលិតករ អ្នករ៉េប និងម្ចាស់ផលិតកម្ម Roc Nation លោក Jay-Z បានបង្កើតវេទិកាស្ដាប់ចម្រៀង Tidal ដោយបានចាប់ដៃគូជាមួយសិល្បករចំនួន ១៥ នាក់ រួមទាំងភរិយារបស់ខ្លួន Beyoncé, Ye, J-Cole, Rihanna, Madonna និង Nicki Minaj ផងដែរ។ ក្នុងនោះ Tidal បានផ្តល់ឱ្យសិល្បករម្នាក់ៗនូវភាគហ៊ុន ៣% នៅក្នុងក្រុមហ៊ុនដែលពេលនោះមានតម្លៃ ៥៦ លានដុល្លារ ក្នុងលក្ខខណ្ឌដែលពួកគេបង្កើតមាតិកា និងអាចបង្កើនតម្លៃទីផ្សារដល់វេទិកានេះបាន។
បន្ទាប់មកនៅឆ្នាំ ២០២១ Jay-Z បានសម្រេចចិត្តលក់ Tidal ទៅឱ្យក្រុមហ៊ុន Jack Dorsey’s Square ក្នុងតម្លៃ ៣០០ លានដុល្លារ ខណៈដែលដៃគូសិល្បកររបស់ខ្លួនបានរក្សាភាគហ៊ុនរបស់ពួកគេ។ ទោះយ៉ាងណា Nicki Minaj បានបង្ហើបថានាងទទួលបានសំណងត្រឹមតែ ១ លានដុល្លារប៉ុណ្ណោះពីក្រុមហ៊ុន មិនមែន ៩ លានដុល្លារទេ (៣% នៃ ៣០០ លានដុល្លារ) ។ ចំណុចនេះហើយដែលនាំឱ្យនាងចោទប្រកាន់ Jay-Z ពីបទបោកប្រាស់ និងជំពាក់ប្រាក់នាងជាច្រើនលានដុល្លារ។ ថ្មីៗនេះ Nicki Minaj បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ “គិតមកដល់ឥឡូវនេះបំណុលយើងឡើងដល់ ១០០ ទៅ ២០០ លានដុល្លារហើយ ហើយ #JayZ បានទូរស័ព្ទហៅខ្ញុំឱ្យដោះស្រាយនូវអ្វីដែលគាត់បានធ្វើ ប៉ុន្តែវារឹតតែធ្វើឱ្យការប្រាក់កើនឡើងកាន់តែខ្លាំងទៀត” ។
Nicki Minaj បានទាមទារឱ្យ Jay-Z សងបំណុលដែលនៅសេសសល់ ដោយនិយាយថាលោកនៅតែជាមនុស្សម្នាក់ដែលនាងស្រលាញ់ចូលចិត្ត មុនពេលសរសេរសារបន្ថែមថា អ្នកណាដែលនៅតែហៅលោកថា Hov នឹងត្រូវព្រះជាម្ចាស់ដាក់ទណ្ឌកម្មសម្រាប់ការប្រមាថសាសនា (Hov គឺជាឈ្មោះហៅក្រៅរបស់ Jay-Z ដែលលោកបានដាក់តាមព្រះ Jehovah ដែលជាព្រះនាមមួយនៃព្រះយេស៊ូនៅក្នុងគម្ពីរចាស់)។ Nicki Minaj ក៏បានបង្ហើបដែរថា ប្រសិនបើលោកសងបំណុលនោះ នាងនឹងយកលុយនេះដើម្បីផ្តល់អាហារូបករណ៍ដល់ Barbz ដែលជាក្រុមអ្នកគាំទ្ររបស់នាង ៕



























Account
Security
Favourite Content