សមាជិកទាំង ៥ របស់ NewJeans បាននាំគ្នាចូល Live លើ YouTube ដោយគ្មានការប្រកាសជាមុនកាលពីល្ងាចថ្ងៃពុធក្រោមប្រធានបទ “What NewJeans Wants to Say” (អ្វីដែល NewJeans ចង់និយាយ)។ ក្នុងនោះពួកគេបាននិយាយពីបញ្ហាដែលពួកគេកំពុងប្រឈម ជាពិសេសបានជំរុញឱ្យ HYBE តែងតាំង Min Hee Jin ជានាយកប្រតិបត្តិនៃ ADOR ឡើងវិញឱ្យបានមុនចុងខែកញ្ញានេះ។

Minji បាននិយាយអំពីភាពតានតឹងកំពុងបន្តរវាង Min Hee Jin និង HYBE ថា៖ “អស់រយៈពេលកន្លះឆ្នាំ រឿងដែលមិនចាំបាច់ និងគួរឱ្យហត់នឿយទាំងអស់នៅតែបន្ត។ ក្នុងនាមជាអ្នកពាក់ព័ន្ធផ្ទាល់ យើងពិតជាមិនស្រួលចិត្តនោះទេ»។ នាងបានបន្តថា៖ “យើងមានបទចម្រៀងដែលយើងចង់បង្កើត និងគោលដៅដែលយើងចង់សម្រេច ប៉ុន្តែប្រសិនបើអ្វីៗនៅតែបន្តបែបនេះ យើងនឹងបាត់បង់អត្តសញ្ញាណរបស់យើងជាក្រុម ហើយវានឹងធ្វើឲ្យយើងមានអារម្មណ៍ថាគ្មានថាមពល… យើងនៅទីនេះដើម្បីបង្ហាញពីគំនិតរបស់យើងដោយផ្ទាល់ ពីព្រោះការបន្តបែបនេះគឺមិនល្អសម្រាប់ទាំងអស់គ្នា។ សូមបញ្ឈប់សកម្មភាពហត់នឿយទាំងនេះទៅ”។
Haein បាននិយាយបន្ថែមដោយរិះគន់វិធីសាស្រ្តដោះស្រាយរបស់ HYBE ថា៖ “វិធីដែល HYBE ដំណើរការ ហាក់ដូចជាមិនស្មោះត្រង់ ឬត្រឹមត្រូវសម្រាប់ពួកយើងនោះទេ។ សូមមេត្តាបញ្ឈប់ការជ្រៀតជ្រែក និងនាំយកនាយកប្រតិបត្តិរបស់យើងគឺ Min Hee Jin មកវិញ។ យើងមិនចង់ធ្វើការជាមួយមនុស្សចម្លែកក្នុងបរិយាកាសដែលមិនទម្លាប់ទេ—នាំពួកយើងត្រឡប់ទៅ ADOR ដូចមុនវិញទៅ។ ពួកយើងមិនសុំអ្វីពិសេសទេ។ យើងគ្រាន់តែចង់ឱ្យមនុស្សគ្រប់គ្នាធ្វើការងាររបស់ពួកគេឱ្យបានត្រឹមត្រូវ។ ពួកយើងនឹងធ្វើតួនាទីរបស់យើង ដូច្នេះសូមស្តាប់សំណើរបស់ពួកយើងផង”។

Danielle បាននិយាយដោយអង្វរថា៖ “គិតថាពួកយើងជាមនុស្សដូចគ្នា សូមឈប់ធ្វើបាបនាយកប្រតិបត្តិរបស់យើងទៅ។ វាពិតជាអយុត្តិធម៌ណាស់ ហើយ HYBE ចាប់ផ្តើមមើលទៅដូចជាក្រុមហ៊ុនអមនុស្សធម៌។ តើឱ្យពួកយើងរៀនសូត្រអ្វីបាន?”
នាងបន្តថា៖ “CEO Min Hee Jin មិនត្រឹមតែជាអ្នកផលិតតន្ត្រីរបស់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដែលបង្កើតអត្តសញ្ញាណបច្ចុប្បន្នរបស់ NewJeans ។ គាត់ពិភាក្សាសូម្បីតែព័ត៌មានលម្អិតតូចបំផុតជាមួយយើង ហើយពន្យល់ពួកយើងឱ្យយល់យ៉ាងច្បាស់។ NewJeans មានពណ៌ និងសម្លេងពិសេសផ្ទាល់ខ្លួន ហើយវាត្រូវបានបង្កើតឡើងដោយ CEO Min Hee Jin។ គាត់គឺមានសារៈសំខាន់ចំពោះអត្តសញ្ញាណរបស់ NewJeans ហើយយើងទាំងអស់គ្នាមានអារម្មណ៍ថាគាត់មិនអាចជំនួសបានឡើយ”។
ក្នុងវីដេអូ Live នេះដែរ Hanni ក៏បានចែករំលែករឿងមួយនៅពេលដែល Manager ម្នាក់របស់ HYBE បានណែនាំក្រុមចម្រៀងរបស់ពួកគេឱ្យព្រងើយកន្តើយនឹងនាង ទោះបីជាតារាទាំងនោះបានស្វាគមន៍នាងរួចហើយក៏ដោយ។
នាងបាននិយាយថា៖ “ថ្ងៃមួយខ្ញុំកំពុងនៅបន្ទប់រង់ចាំតែម្នាក់ឯង ហើយសមាជិកនៃក្រុមផ្សេងទៀតបានដើរកាត់ខ្ញុំជាមួយនឹងអ្នកគ្រប់គ្រងម្នាក់របស់ពួកគេ។ ពួកយើងបានរាក់ទាក់គ្នាធម្មតា។ ប៉ុន្តែមួយសន្ទុះក្រោយមកនៅពេលពួកគេត្រលប់មកវិញ អ្នកគ្រប់គ្រងរបស់ពួកគេបានប្រាប់ពួកគេនៅចំពោះមុខខ្ញុំថា ‘កុំអើពើនឹងនាង’។ គិតមកដល់ពេលនេះ ខ្ញុំនៅតែមិនយល់ថាហេតុអ្វីបានជាខ្ញុំត្រូវឆ្លងកាត់រឿងបែបនេះ”។
Hanni បន្តថា៖ “ខ្ញុំបានប្រាប់ CEO ថ្មីរបស់យើងអំពីរឿងនេះ ប៉ុន្តែគាត់បានប្រាប់ខ្ញុំថាគ្មានភស្តុតាងទេ ហើយវាយឺតពេលក្នុងការដោះស្រាយឥឡូវនេះ។ បែបនេះ ខ្ញុំមានអារម្មណ៍ថាយើងបានបាត់បង់អ្នកការពារយើង ហើយខ្ញុំមានអារម្មណ៍ថា [នាយកប្រតិបត្តិថ្មីរបស់យើង] មិនបារម្ភពីយើងទេ។ ខ្ញុំបានប្រាប់គាត់ដោយស្មោះត្រង់អំពីហេតុការណ៍នោះ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមួយរំពេចនោះ ខ្ញុំបានក្លាយជាអ្នកកុហកទៅវិញ។ ខណៈដែលពីមុន CEO Min Hee Jin តែងតស៊ូដើម្បីយើង អ្នកគ្រប់គ្រងថ្មីនិយាយនៅខាងក្រៅថាពួកគេនឹងជួយយើង ប៉ុន្តែធាតុពិតពួកគេគ្រាន់តែដោះសារ ហើយនិយាយថា វាជាបញ្ហាដែលពួកគេមិនអាចធ្វើអ្វីបាន”។

Minji បានបិទការផ្សាយបន្តផ្ទាល់ជាមួយនឹងសារដ៏មុតមាំថា៖ “អ្វីដែលពួកយើងចង់បានគឺ ADOR ពីមុនដែលមាន Min Hee Jin ជា CEO ហើយថ្នាក់ដឹកនាំ និងក្រុមការងារធ្វើការរួមគ្នាតែមួយ។ យើងជឿថានេះគឺជាវិធីដើម្បីជៀសវាងជម្លោះបន្ថែមទៀតជាមួយ HYBE ។ យើងស្នើសុំឱ្យប្រធាន Bang និង HYBE ស្តារ ADOR ឡើងវិញឱ្យបានមុនថ្ងៃទី២៥។”
ការ Live នេះបានបង្កឱ្យមានប្រតិកម្មចម្រុះពីអ្នកលេងអ៊ីនធឺណិត។ មតិខ្លះបានគាំទ្រ NewJeans ដោយនិយាយថា៖ “ស្រមៃមើលថាតើពួកគេខកចិត្តប៉ុណ្ណាទើបដល់ថ្នាក់ចេញ Live និយាយពីរឿងនេះ” និង “អ្វីដែល HYBE កំពុងធ្វើគឺការគំរាមកំហែងនៅកន្លែងធ្វើការ។ ពួកគេមិនបានការពារសិល្បៈករទេ” ជាដើម។ យ៉ាងណាក៏ដោយ ក៏មានមតិខ្លះទៀតបានបង្ហាញជំហរផ្សេងថា NewJeans ជាសិល្បករមិនគួរបង្ហាញជំហរតែម្ខាងៗបែបនេះនោះទេ ខណៈមតិជាច្រើនទៀតបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងពីអនាគតរបស់ក្រុមចម្រៀងមួយនេះ ស្របពេលដែលសង្គ្រាមថ្នាក់ដឹកនាំនៅតែបន្ត។
គួររំឭកថា HYBE បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Min Hee Jin កាលពីខែមេសាកន្លងទៅ ពីបទបំពានកាតព្វកិច្ច ហើយនៅថ្ងៃទី ២៧ ខែសីហា ពួកគេបានតែងតាំង Kim Joo Young អតីតប្រធានផ្នែកធនធានមនុស្សរបស់ HYBE ជានាយកប្រតិបត្តិថ្មីរបស់ ADOR ។ ជាលទ្ធផល Min Hee Jin ត្រូវបានដកហូតសិទ្ធិគ្រប់គ្រងរបស់នាងបន្ទាប់ពីបម្រើការជានាយកប្រតិបត្តិរបស់ ADOR អស់រយៈពេលប្រហែល ២ ឆ្នាំ ៩ ខែចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។ Min Hee Jin បានអះអាងថានេះជាការបណ្តេញចេញដោយឯកតោភាគី ខណៈដែល HYBE ការពារការផ្លាស់ប្តូរនេះថាជាការធ្វើតាមនីតិវិធីច្បាប់ ៕
























Account
Security
Favourite Content