ក្រុមចម្រៀងនារីខេប៉ុប NewJeans បានឈ្នះក្ដីប្រឆាំងនឹង YouTuber ដែលបានបៀតបៀនផ្លូវភេទពួកគេតាមរយៈការកាត់តវីដេអូ និងការបញ្ចេញមតិអាក្រក់។
យោងតាមប្រភពផ្លូវច្បាប់ កាលពីថ្ងៃទី ១១ ខែសីហា ផ្នែករដ្ឋប្បវេណីទី ១៣ របស់តុលាការក្រុងសេអ៊ូលភាគខាងលិច បានធ្វើការកាត់ក្តីឱ្យសមាជិក ៥ នាក់របស់ NewJeans ជាអ្នកឈ្នះក្នុងបណ្ដឹងទាមទារសំណងខូចខាតពី YouTuber ដែលត្រូវគេស្គាល់ថា Mr. Shin ។
ក្នុងនោះ តុលាការបានបង្គាប់ឱ្យ Shin បង់ប្រាក់ឱ្យ Minji, Hanni, និង Danielle ក្នុងម្នាក់ៗចំនួន ៥ លានវ៉ុន (ប្រហែល ៣៨៥០ ដុល្លារ) ខណៈត្រូវបង់ឱ្យ Haerin និង Hyein ក្នុងម្នាក់ៗចំនួន ៧ លានវ៉ុន (ប្រហែល ៥៣៨០ ដុល្លារ) ។ ដោយសារ Shin មិនបានប្តឹងឧទ្ធរណ៍ សេចក្តីសម្រេចនេះត្រូវបានបញ្ចប់នៅថ្ងៃទី ២២ ខែកក្កដា។

គួររំឭកថា Mr. Shin ត្រូវបានចោទប្រកាន់ពីបទប្រតិបត្តិការឆានែល YouTube ពីរនៅចន្លោះខែមេសា និងឧសភា ឆ្នាំ ២០២៤ ដោយលើឆានែលនោះផលិតវីដេអូបៀតបៀនផ្លូវភេទច្រើនជាង ២០ ដោយបានកាត់តរូបភាពការសម្តែងលើឆាក និងខ្លឹមសារដើមពី NewJeans ក៏ដូចជាការបង្ហោះមតិអាក្រក់ផងដែរ។
នៅក្នុងវីដេអូមួយចំនួន Shin បានកែប្រែទំនុកច្រៀងរបស់ NewJeans ក្នុងបទ “Cookie” ទៅជា “thickness” ហើយបានប្តូរឃ្លា “greet brightly” ទៅជាពាក្យអាសអាភាស ព្រមទាំងបានបញ្ចេញមតិអាសអាភាសដូចជា “ខ្ញុំចង់ធ្វើឱ្យនាងក្លាយជាម្តាយដែលមានកូនជាច្រើន” ។
កាលពីខែមិថុនាឆ្នាំមុន ADOR ដែលជាភ្នាក់ងាររបស់ក្រុមនេះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹង Shin និងបណ្តឹងរដ្ឋប្បវេណីទាមទារសំណងចំនួន ២០ លានវ៉ុន (ប្រហែល ១៥ ៣៨០ ដុល្លារ) សម្រាប់សមាជិកម្នាក់ៗ ដែលជាសរុបគឺចំនួន ១០០ លានវ៉ុន (ប្រហែល ៧៦ ៩២០ ដុល្លារ) ។
ទន្ទឹមនឹងនេះដែរ NewJeans ក៏មានជម្លោះកិច្ចសន្យាជាមួយ ADOR ដែរ រយៈពេលជិតមួយឆ្នាំមកហើយ។ កាលពីខែវិច្ឆិកាឆ្នាំមុន សមាជិកក្រុមបានធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយដោយប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ពួកគេ ដោយលើកឡើងពីការបាត់បង់ទំនុកចិត្ត។ ក្រោយមកពួកគេបានប្រកាសឈ្មោះក្រុមថ្មី NJZ និងផែនការសម្រាប់សកម្មភាពឯករាជ្យ។
ជាការឆ្លើយតប ADOR បានដាក់ពាក្យបណ្តឹងដើម្បីបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យា និងបានស្នើសុំដីកាបង្គាប់ឱ្យរក្សាឋានៈរបស់ខ្លួនជាភ្នាក់ងារគ្រប់គ្រងរបស់ NewJeans និងហាមឃាត់ពួកគេមិនឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្មដោយឯកឯងឡើយ ហើយតុលាការក៏បានចេញដីកា ដាក់កំណត់សកម្មភាពឯករាជ្យរបស់សមាជិកក្រុម។ សវនាការសម្រុះសម្រួលបន្ទាប់សម្រាប់បណ្តឹងសុពលភាពកិច្ចសន្យារវាងភាគីទាំងពីរគ្រោងធ្វើនៅថ្ងៃទី ១៤ ខែសីហា ៕























Account
Security
Favourite Content