ក្នុងដំណើរទស្សនកិច្ចទៅប្រទេសវៀតណាមដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត Miss Grand International 2023 កាលពីពេលថ្មីៗនេះ លោក Nawat Itsaragrisil បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានពាក់ព័ន្ធករណីយក Miss Grand ដែលប្រឡងជាប់ទៅ Live លក់ផលិតផល។

ក្នុងនោះ ប្រធានក្រុមហ៊ុន Miss Grand International បាននិយាយថា៖ “ខ្ញុំសុំទោសដែលនិយាយថាកម្មវិធីតាមទូរទស្សន៍ពេលនេះបាត់បង់ឥទ្ធិពលបណ្តើរៗ និងលែងមានការចាប់អារម្មណ៍ដូចមុនហើយ ដូច្នេះហើយ យើងត្រូវតែដើរទៅមុខជានិច្ច។ ខ្ញុំចង់ឱ្យបវរកញ្ញាបានរៀនអ្វីថ្មីៗ មិនថាជាការលក់ផលិតផល ឬ Live វីដេអូនោះទេ។ របៀបនៃការទទួលយកការកម្សាន្តរបស់ទស្សនិកជនកំពុងផ្លាស់ប្តូរហើយពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំមិនចង់ធ្វើអ្វីដដែលៗនោះទេ”។
ចែករំលែកអំពីលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសនារីដើម្បីគ្រងមកុដ Miss Grand International 2023 លោក ណាវ៉ាត់ មានប្រសាសន៍ថា បេក្ខនារីត្រូវមានជំនាញដូចជា ទំនាក់ទំនងជាភាសាបរទេស និងត្រូវតាមលក្ខណៈវិនិច្ឆ័យ 3B ដែលរួមមាន៖ Body (រាងកាយ); Beauty (សម្រស់)និង Brain (បញ្ញា) ។


កាលពីឆ្នាំ ២០២២ បន្ទាប់ពី Miss Grand International បានបញ្ចប់ បេក្ខភាពកំពូលទាំង ១០ ត្រូវចេញមុខ live លក់ផលិតផលដូចជា អាហារក្រៀម គ្រឿងអលង្ការ និងគ្រឿងហុងស៊ុយ ជាដើម តាមសំណើរបស់អ្នករៀបចំ។ សកម្មភាពនេះបានបង្កឱ្យមានមតិចម្រូងចម្រាសជាច្រើនបណ្តាញសង្គម។ ទស្សនិកជនខ្លះបានលើកឡើងថា អ្នករៀបចំកម្មវិធី MGI បានកេងចំណេញលើបវរកញ្ញា ដោយជំនួសឱ្យការទៅធ្វើកម្មវិធីសប្បុរសធម៌ ជួយសហគមន៍ និងចូលរួមព្រឹត្តិការណ៍ធំៗ បវរកញ្ញាបែរជាត្រូវចំណាយពេលជាច្រើនមក Live លក់អីវ៉ាន់ទៅវិញ។

យ៉ាងណាមិញ ក៏មានមតិខ្លះបង្ហាញការយល់ឃើញវិជ្ជមានចំពោះលក្ខខណ្ឌនេះដែរ ព្រោះក្រៅពីអាចរកចំណូលឱ្យស្ថាប័ន ការធ្វើបែបនេះក៏បានបង្រៀនឱ្យបវរកញ្ញាមានភាពក្លាហាន មិនខ្មាសអៀននឹងការប្រកបរបររកស៊ី ដែលនឹងជាប្រយោជន៍សម្រាប់ពួកគេទៅថ្ងៃអនាគត។
ថ្មីៗនេះ ក្នុងក្របខណ្ឌ Miss Grand Thailand ឆ្នាំ ២០២៣ លោក Nawat Itsaragrisil ក៏បានស្នើឱ្យបេក្ខនារីចូលប្រកួតធ្វើការ Live វីដេអូដើម្បីលក់ផលិតផលរបស់ស្ថាប័ន Miss Grand ដូចគ្នា ៕

























Account
Security
Favourite Content