ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយគេប្រទះឃើញបេក្ខភាព Miss Grand កែប 2024 កញ្ញា ដន ស្រីដែត មើលទៅស្រដៀងគ្នាខ្លាំងជាមួយកំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា ពេលនាងថតរូបផ្លូវការក្នុងវិញ្ញាសាប្រកួតឈុតហែលទឹក។

អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា ពិតភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញរូបថតរបស់ ស្រីដែត ដែលមើលទៅស្ទើរតែដូចកូនភ្លោះជាមួយម្ចាស់បទ «ស្រលាញ់អូនម្តងទៀតបានទៀត?» សូម្បីសាមីខ្លួននាងក៏ទទួលស្គាល់ចំណុចនេះផងដែរ ថែមទាំងបានយករូបអ្នកទាំង ២ ទៅកាត់តចូលគ្នាបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកចែកចាយឱ្យហ្វេនៗបានឃើញទៀតផង។
ភ្ជាប់ជាមួយរូបថតកាត់ចូលបង្ហាញពីភាពដូចគ្នារបស់អ្នកទាំង២ រាជិនីសម្រស់ សុគន្ធ នីសា ក៏បានលើកឡើងបែបលេងសើចថា «រូបមួយនេះ ខ្ញុំមើលទៅដូចភ្លោះ មួយគឺខ្ញុំ មួយគឺមិនមែនខ្ញុំ» ស្របពេលដែលហ្វេនៗ និងអ្នកប្រើប្រាស់ហ្វេសប៊ុកបន្ត comment ថា ស្រីដែត ដូច នីសា ខ្លាំង រីឯខ្លះទៀតនិយាយលេងសើចថា សុគន្ធ នីសា ទៅប្រកួតបវរកញ្ញាជាដើម។ ភ្លាមៗនោះ Miss Grand កែប 2024 ក៏បានចែករំលែករូបថតដោយភ្ជាប់ជាមួយ caption ថា « Idolផុសបញ្ជាក់ហើយ» ធ្វើឱ្យគ្រប់គ្នារឹតតែចាប់អារម្មណ៍រឿងនេះខ្លាំងឡើង។

គួររំឮកផងដែរថា កញ្ញា ដន ស្រីដែត Miss Grand កែប 2024 អាយុ ២៣ ឆ្នាំ កម្ពស់១.៧០ ម៉ែត្រ។ នាងជាបេក្ខភាពលេចធ្លោម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2024 ដោយបានចូលរួមបំពេញគ្រប់វិញ្ញាសាដែលស្ថាប័នបានឱ្យយ៉ាងល្អត្រឹមត្រូវ បើនិយាយពីសមត្ថភាព ទេពកោសល្យ និងការដើរម៉ូដវិញនោះគឺល្អខ្លាំងមិនចាញ់បេក្ខភាពផ្សេងៗប៉ុន្មានឡើយ។
ភាពស្រដៀងគ្នារវាង ដន ស្រីដែត និង សុគន្ធ នីសា កំពុងជះផលវិជ្ជមានដល់បេក្ខភាពរូបនេះ ក្នុងការបង្កើនប្រជាប្រិយភាពអំឡុងពេលប្រកួត ថែមទាំងធ្វើឱ្យគ្រប់គ្នាងាកមកចាប់អារម្មណ៍តាមដានរូបនាងក្នុងការប្រកួតថែមទៀតផង៕






























Account
Security
Favourite Content