ផ្អែកតាមទីភ្នាក់ងារ BeMonstar Entertainment និង K-Tigers Entertainment តារាចម្រៀងខេប៉ុបស្រី Min នឹងរៀបការជាមួយបុរសអ្នកជំនួញ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

តាមរយៈសេចក្ដីប្រកាសកាលពីថ្ងៃទី២១ ខែមេសានេះ តារាស្រីវ័យ ៣៣ឆ្នាំ និងគូដណ្ដឹង កំពុងរៀបចំកម្មវិធីរៀបការរបស់ខ្លួន ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងសេអ៊ូល តាមបែបឯកជន ដោយមានត្រឹមសមាជិកគ្រួសារ និងបុគ្គលជិតដិតជាមួយសាមីខ្លួនតែប៉ុណ្ណោះដែលអាចចូលរួមបាន។
អមជាមួយនឹងដំណឹងមង្គលនេះ ទីភ្នាក់ងារក៏បានស្នើសុំពរជ័យពីអ្នកគាំទ្រទៅកាន់អនាគតគូស្វាមីភរិយាមួយគូនេះផងដែរថា៖ “យើងសូមអំពាវនាវឱ្យអ្នកទាំងអស់គ្នាផ្ដល់នូវពាក្យជូនពរដ៏កក់ក្ដៅ សម្រាប់គូស្នេហ៍ដែលនឹងចាប់ផ្ដើមដំណើរជីវិតថ្មីរួមគ្នា”។


បន្ថែមពីនេះ តារាស្រីផ្ទាល់ក៏បានរៀបរាប់ដែរថា៖ “បន្ទាប់ពីជីវិតជួបរឿងឡើងចុះជាច្រើន ទីបំផុតខ្ញុំបានជួបនឹងមនុស្សម្នាក់ដែលតែងតែនៅក្បែរខ្ញុំ និងធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្ដៅប្រៀបបានជាផ្ទះ។ ពួកយើងបានសម្រេចចិត្តចាប់ផ្ដើមជំពូកជីវិតថ្មីជាមួយគ្នា”។
គួរឱ្យដឹងផងដែរថា អតីតសមាជិកក្រុមចម្រៀងនារី Miss A និងកូនកម្លោះដែលមិនមែនជាអ្នកសិល្បៈរូបនេះ បានជួបគ្នាជាលើកដំបូងតាមអ្នកតាមរយៈអ្នកស្គាល់គ្នា នៅក្នុងកម្មវិធីប្រគំតន្ត្រីមួយកាលពីឆ្នាំ ២០២៨។ ក្រោយចំណាយពេលទាក់ទងគ្នាអស់ពេលជាង ៥ឆ្នាំ អ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យនៅក្នុងខែមេសា ឆ្នាំ២០២៣ មុននឹងឈានដល់ពិធីអាពាហ៍ពិពាហ៍នៅដើមខែមិថុនា ខាងមុខនេះ។


និយាយពីជីវិតការងារវិញ បន្ទាប់ពីសម្រេចចិត្តបំបែកក្រុម Miss A កាលពីឆ្នាំ២០១៧ មក Min នៅតែបន្តអាជីពក្នុងនាមជាសិល្បករទោល និងបានចាប់ឱកាសជាតារាសម្ដែងផ្នែកល្ខោនតន្ត្រីផងដែរ។ ជាក់ស្ដែង សារព័ត៌មាន Allkpop បានរាយការណ៍ថា នាងមានគម្រោងនឹងបញ្ចេញស្នាដៃចម្រៀងថ្មីជូនអ្នកគាំទ្រ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំនេះ៕























Account
Security
Favourite Content