កម្មវិធីទទួលពានរង្វាន់ អូស្ការ (Oscar) ឬ Academy Awards បានធ្វើឡើងនៅរាត្រីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៤ ដោយមានវត្ដមានរបស់តារាសម្ដែងឆ្នើម និងល្បីៗ ជាច្រើន។ អ្វីដែលធ្វើឲ្យមហាជនជាច្រើនហាក់មានការចាប់អារម្មណ៍ខ្លាំងក្នុងកម្មវិធីទទួលពានរង្វាន់អូស្ការឆ្នាំ ២០២៤ គឺសុនក មានឈ្មោះ Messi។
Messi គឺជាតារាសម្ដែងម្នាក់ដ៏ពិសេសក្នុងភាពយន្ដ “Anatomy Of a Fall”។ Messi ជាប្រភេទសុនក border collie និងមានអាយុ ៧ ឆ្នាំហើយ។ ជាកិត្ដិយស Messi ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវម្នាក់ក្នុងកម្មវិធីទទួលពានរង្វាន់ អូស្ការ និងថែមទាំងបានអង្គុយកៅជាមួយតារាសម្ដែងល្បីៗ លំដាប់ពិភពលោកផ្សេងៗទៀត។ បើតាមការបញ្ជាក់ពីអ្នកដែលមានវត្ដមានក្នុងកម្មវិធី Messi គឺជាសុនកដ៏ឈ្លាសវៃ និងគួរឲ្យស្រឡាញ់មួយក្បាល។ ជាពិសេស Messi អង្គុយក្នុងកម្មវិធីយ៉ាងមានរបៀបរៀបរយ និងមិនបង្កការរំខានដល់អ្នកភ្ញៀវកិត្ដិយសដទៃឡើយ ខណៈមានតារាល្បីៗ ជាច្រើនក្នាញ់អត់ទ្រាំមិនបានថែមទាំងសុំថតរូបជាមួយសុនកមួយនេះទៀតផង។
ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីទទួលពានរង្វាន់ អូស្ការ Messi បានក្លាយជាប្រធានបទត្រូវគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម ស្របពេលមតិជាច្រើនសង្ឃឹមថាអាចឃើញវត្ដមានរបស់ Messi ក្នុងភាពយន្ដជាបន្ដបន្ទាប់ទៀត។
សម្រាប់ភាពយន្ដ “Anatomy Of a Fall” ត្រូវបានរាយការណ៍ បានដាក់ឈរឈ្មោះប្រកួតយកពានរង្វាន់ដូចជា Best Picture, Best Director, Best Actress, Best Original Screenplay និង Best Film Editing។ ជាលទ្ធផល ភាពយន្ដ “Anatomy Of a Fall” បានឈ្នះពានរង្វាន់ Best Original Screenplay៕