ក្រោយចំណាយពេលផលិតប្រមាណកន្លះឆ្នាំ ភាពយន្តខ្នាតធំរបស់ខ្មែរ «បណ្ដាសានាងរាត្រី» បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ កាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួមពីតួសម្តែង សិល្បករ-សិល្បការិនី រួមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះនាងតូច នរោត្តម ជេនណា ថែមទៀតផង។
តារាសម្តែងរួមមាន ស៊ីន យូប៊ីន, តារាភាពយន្តមីយ៉ាន់ម៉ា Paing Takhon, ព្រះនាងតូច នរោត្តម ជេនណា, តារាក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន, សរពេជ្ញ ម៉ានីកា និងតារាសម្តែងវ័យក្មេងជាច្រើនរូបទៀត សម្តែងប៉ះគ្នា ក្នុងរឿងបែបភាពយន្តភ័យរន្ធត់មួយនេះ។


កញ្ញា ស៊ីន យូប៊ីន តួអង្គសំខាន់ម្នាក់ក្នុងរឿង «បណ្ដាសានាងរាត្រី» បានឱ្យដឹងថា ទីបំផុតរឿងដែលនាង និងតួអង្គផ្សេងទៀតទន្ទឹងរង់ចាំ បានចាក់បញ្ចាំងជាផ្លូវការហើយ។ ទស្សនិកជន នឹងទទួលបានអារម្មណ៍ថ្មីប្លែក ដូចកំពុងទស្សនារឿងបែបបស្ចិមប្រទេស ព្រោះផលិតករដែលផលិតរឿងនេះ តម្រូវតាមទីផ្សារអន្តរជាតិ ដូច្នេះការសម្រិតសម្រាំងគុណភាព គឺស្តង់ដារអន្តរជាតិ ដើម្បីវាយលុកទីផ្សារអន្តរជាតិតែម្តង។
តារាសម្តែងឆ្នើមរូបនេះហ៊ានអះអាងថា រឿង «បណ្ដាសានាងរាត្រី» ពិតជាសាហាវខ្លាំងមែនទែន។ វាជាប្រភេទរឿងព្រឺព្រួច តែមិនមែនរន្ធត់បែបខ្មោចលងនោះទេ ពោលទស្សនិកជនត្រូវការគិតបន្តិច និងត្រៀមចិត្តក្នុងការភ័យគ្រប់ពេលវេលាតែម្តង។ រឹតតែពិសេស ទស្សនិកជននឹងបានឃើញ តារាក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន ក្នុងរូបភាពថ្មីប្លែកមួយទៀត ដែលពុំធ្លាប់ឃើញពីមុនមកឡើយ។

ក្នុងនាមជាតួអង្គម្នាក់ក្នុងរឿងរន្ធត់ព្រឺព្រួចនេះ យូប៊ីន បានលើកឡើងពីចំណុចសំខាន់ ៣ ដែលហ្វេនៗគួរទៅមើលរឿង «បណ្ដាសានាងរាត្រី»។ ទី១ រឿង «បណ្ដាសានាងរាត្រី» ផលិតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ, ទី២ រឿងនេះចូលរួមសម្តែងដោយកូនខ្មែរ រួមជាមួយតារាសម្តែងមីយ៉ាន់ម៉ា Paing Takhon និងទី៣ គឺវាជាខ្សែភាពយន្តមួយដែលបង្ហាញអំពីរវាងភាពយន្តខ្មែរដែលយើងធ្លាប់មើលពីមុន។ នាងសូមលើកទឹកចិត្តឱ្យមហាជនទៅទស្សនារឿងនេះដោយផ្ទាល់ភ្នែកខ្លួនឯង ដើម្បីបានដឹងពីគុណភាពភាពយន្តខ្មែរនាពេលបច្ចុប្បន្ន ថាផ្តោតលើគុណភាព សាច់រឿង និងបច្ចេកទេសថត មិនចាញ់ភាពយន្តក្រៅស្រុកប៉ុន្មានឡើយ។

យូប៊ីន សុំមិនទាន់និយាយដល់ការនាំចេញទៅទីផ្សារក្រៅស្រុកនោះទេ អ្វីដែលនាងផ្តោតខ្លាំងពេលនេះ គឺសន្ទុះគាំទ្រ និងទីផ្សារក្នុងស្រុក ព្រោះនាងជឿជាក់ថា រឿងមួយដែលទទួលបានការគាំទ្រក្នុងស្រុកខ្លាំង ច្បាស់ជាអាចទាក់ទាញទីផ្សារក្រៅស្រុកបាន ដោយគេនឹងឆ្ងល់ថា រឿងនេះមានចំណុចពិសេសអ្វី ធ្វើឱ្យផ្ទុះការគាំទ្រក្នុងស្រុកខ្លាំងថ្នាក់នេះ។ ក្នុងនាមជាតារាសម្តែងម្នាក់ នាងហ៊ាននិយាយថា រឿង «បណ្ដាសានាងរាត្រី» នេះ ជារឿងដែលនាងមិនខ្លាចក្នុងការប្រកួតប្រជែងលើគុណភាពនោះទេ៕
























Account
Security
Favourite Content