តារាសម្ដែងកម្ពុជា មាន សូនីតា បានបង្ហាញខ្លួនជាថ្មីម្ដងទៀតនៅមហោស្រពភាពយន្តទីក្រុងកាន ហើយកញ្ញានៅតែទាក់ទាញពីមហាជនដែលមានវត្តមាននៅទីនោះ។ Freshie Girl រដូវកាលទី៨ រូបនេះ នៅតែបន្តគ្រងឈុតបែបខ្មែរ ដើរលើកម្រាលព្រំក្រហមនោះ ជាលើកទី២ ហើយឈុតថ្មីនេះ ធ្វើឲ្យនាងមើលទៅដូចព្រះនាងក្នុងរឿងនិទាន។


«ផ្កាចន្ទន៍អង្គរ នារីកម្ពុជា» ជាឈុតទី២ ដែល មាន សូនីតា បានគ្រងចូលរួមនៅមហោស្រពភាពយន្តលំដាប់ពិភពលោកមួយនេះ។ Cannes Film Festival លើកទី៧៧ បាននាំសម្រស់តារាខ្មែរទៅរះចិញ្ចែងចិញ្ចាច និងទទួលបានការកោតសរសើរទាំងនៅអន្តរជាតិ និងក្នុងស្រុក។
តារាស្រីរូបនេះបានឲ្យដឹងថា” «ផ្កាចន្ទន៍អង្គរ នារីកម្ពុជា» ប្រៀបដូចអប្សរពត់ពេនយ៉ាងប្រណីត រំលេចជាមួយផ្កាចន្ទន៍ពណ៌មាសលើដងខ្លួនស្រឡូន ដោយមានជំហរឈរខ្ពស់យ៉ាងមុតមាំពោរពេញដោយសម្រស់ពីធម្មជាតិមកច្នៃចេញជាសិល្បៈ ក្នុងទម្រង់ខ្មែរបែបសម័យទំនើប ផ្កាចន្ទន៍ គឺជារុក្ខជាតិធម្មជាតិរបស់ខ្មែរយើងតាំងពីបុរាណកាល ដែលមានទាំងផ្លែទាំងផ្កា ដូច្នេះហើយក្នុងការស្រមើស្រមៃមួយនេះយើងយកធម្មជាតិមកច្នៃចេញជាសិល្បៈ ក្នុងប្រផ្នូលរីកលូតលាស់ចេញជាផ្លែផ្កា យ៉ាងអំណោយផល ប្រៀបដូចជា ផ្កាចន្ទន៍អង្គរបានលេចរូបរាងលើកម្រាលព្រំក្រហម នៅទីក្រុងកាន ប្រទេសបារាំងអញ្ចឹងដែរ”។


ឈុតទី២ ដែលតារាស្រីវ័យ ៣៤ ឆ្នាំរូបនេះគ្រងដើរចូលទៅកន្លែងប្រារព្ធកម្មវិធី ជះសម្រស់បំព្រង និងនៅតែទាក់ទាញអ្នកជុំវិញខ្លួនឲ្យងាកមើលមកនាងគ្រប់គ្នា។ អ្នកគាំទ្រពិតជាលាន់មាត់ ដោយសារការច្នៃឈុតសម្លៀកបំពាក់របស់ មាន សូនីតា នៅតែនាំយកអ្វីដែលជាខ្មែរទៅបង្ហាញឲ្យសាសន៍ដទៃបានឃើញ៕































Account
Security
Favourite Content