ការចាក់ផ្សាយរឿងភាគល្បី “Lovely Runner” បានបញ្ចប់ទៅយ៉ាងជោគជ័យ ខណៈរឿងភាគមួយនេះត្រូវបានគេចាត់ទុកជារឿងភាគដែលជោគជ័យខ្លាំងមួយក្នុងឆ្នាំ ២០២៤។ ប្រជាប្រិយភាពរបស់ តួឯកទាំងពីរក្នុងរឿង គឺតារាប្រុស Byeon WooSeok និងតារាស្រី Kim HyeYoon សុទ្ធតែឡើងកូដមិនធម្មតា។ អ្នកទាំងពីរក៏បានក្លាយជាតារាប្រុសស្រីដែលត្រូវអ្នកគាំទ្រចាប់អារម្មណ៍ និងស្រឡាញ់ក្នុងឆ្នាំ ២០២៤។


បន្ទាប់ពីទទួលបានភាគជោគជ័យខ្លាំងនឹកស្មានមិនដល់តារាប្រុស Byeon WooSeok ក៏បានប្រកាសធ្វើជំនួបអ្នកគាំទ្រ ដើម្បីជាឱកាសបានជួបសំណេះសំណាលជាមួយអ្នកគាំទ្រ ហើយកន្លែងដែលលោកធ្វើមុនគេនោះគឺនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ សំបុត្រសម្រាប់ជំនួបអ្នកគាំទ្រ ត្រួវបានដាក់លក់ នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល វេបសាយ សម្រាប់ដាក់ឲ្យទិញសំបុត្រចូលរួម ត្រូវបានគាំងអស់រយៈពេលជាច្រើនម៉ោង។
មែនទែនទៅ កម្មវិធីជំនួបអ្នកគាំទ្ររបស់តារាប្រុស Byeon WooSeok គឺអនុញ្ញាតឲ្យអ្នកគាំទ្រ តែ ៤ ៥០៧ នាក់ចូលរួមប៉ុណ្ណោះ ប៉ុន្ដែអ្នកដែលតម្រង់ជួរចុចចូលទិញគឺហក់ឡើងដល់ខ្ទង់ ៦៣៧ ៤៧២ នាក់ ដែលលើសច្រើនគុណនឹងរាប់សិបដង។ ក្រៅពីធ្វើជំនួបអ្នកគាំទ្រក្នុងប្រទេសកូរ៉េខាងត្បូង លោកក៏មានបំណងធ្វើនៅទីក្រុងជាច្រើននៅតំបន់អាស៊ី ដូចជា តៃប៉ិ, បាងកក, ម៉ានីឡា, ហ្សាការតា, ហុងកុង និងប្រទេស សិង្ហបុរី។



គួរបញ្ជាក់ថា ទម្រាំមានភាពជោគជ័យដូចសព្វថ្ងៃ តារាប្រុស Byeon WooSeok បានចាយពេលវេលាខិតខំប្រឹងប្រែងអស់រយៈពេលប្រមាណ ៩ ឆ្នាំ។ លោកខិតខំទាំងក្នុងវិស័យបង្ហាញម៉ូត និងសម្ដែង លោកចាប់ផ្ដើម ទទួលបានការចាប់អារម្មណ៍ ក្រោយសម្ដែងក្នុងរឿង “20th Century Girl”។ ក្នុងឆ្នាំ ២០២៣ លោកបានបង្ហាញថ្វីដៃ សម្ដែងជាតួចិត្ដអាក្រក់ក្នុងរឿង Strong Girl Nam-Soon។ រហូតដល់ឆ្នាំ ២០២៤ អាជីពសិល្បៈរបស់លោកប្រែប្រួលខ្លាំងសឹងមិនគួរឲ្យជឿ ក្រោយសម្ដែងរឿង “Lovely Runner”៕

























Account
Security
Favourite Content