បកត្រឡប់ទៅកាន់ឆ្នាំ ២០២២ តារាស្រីហុងកុង Linda Chung ឬអ្នកគាំទ្រស្គាល់ថា សំណាងល្អ ត្រូវបានមហាជនចោទប្រកាន់ថានាងជាមនុស្សវាយឫក ដោយសារតែពួកគេបានជួបនាងនៅហាងទំនិញនិងព្យាយាមនិយាយរាក់ទាក់ ប៉ុន្ដែនាងបែរជាមិនឆ្លើយតបបានត្រឹមតែងក់ក្បាលក៏ដើរចេញបាត់។ មិនបានប៉ុន្មានរូបនាងក៏ត្រូវ ក្រុមការងាររឿងភាគធ្លាប់សហការជាមួយក៏បានចេញមុខទម្លាយថានាងជា តារាស្រីមុខពីរធ្វើឫកអ្នកដទៃមិនស្មើខ្លួន និងថែមទាំងស្ដីឱ្យក្រុមការងារមិនរើសមុខទៀត។ ខណៈភ្លាមៗ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះមិនបានចេញមុខបកស្រាយ ឬតបតវិញឡើយគឺរូបនាងនៅសម្ងំស្ងៀម។

រហូតដល់ថ្មីៗ នេះ នាងបានចេញមុខតបតកំឡុងពេលចូលរួមកម្មវិធីមួយក្នុងស្រុកពីរឿងដែលគេចោទប្រកាន់រូបនាងជាតារាស្រីវាយឫក ចរិតមុខពីរ។ បើយោងតាមប្រភពព័ត៌មានហុងកុង HK01។
សំណាងល្អបានលើកឡើងថា៖ ជីវិតមនុស្សម្នាក់ៗ តែងជួបមនុស្សដែលស្អប់ ឬមិនពេញចិត្តវាជារឿងធម្មតាវាមិនចម្លែកនោះទេ។ អ្វីដែលនាងគិតនៅពេលនេះគឺបន្ដខិតខំប្រឹងប្រែងធ្វើការដែលមាននៅចំពោះមុខ និងធ្វើឱ្យបានកាន់តែល្អប្រសើរជាងមុខ។ នាងជាប្រភេទមនុស្សបែបណា គឺខ្លួននាងបានដឹងច្បាស់បំផុត។ ពេលខ្លះនាងជ្រើសមិនតបត ឬបកស្រាយអ្វីទាំងអស់ នៅពេលដែលរឿងមិនល្អកើតឡើង។

គួរបញ្ជាក់ផងដែរ ចាប់តាំងពីរៀបការស្វាមីក្នុងឆ្នាំ ២០១៥ មក នាងមិនសូវលេចមុខក្នុងរឿងភាគ ឬទទួលការងារសិល្បៈដូចមុនឡើយ ដោយភាគច្រើនផ្ដោតលើគ្រួសារ។ តារាស្រីរូបនេះក៏ទើបតែសម្រាលកូនទី ៣ នៅចុងឆ្នាំ ២០២២ ផងដែរ៕



























































Account
Security
Favourite Content