ក្រោយពេលតារាសម្ដែង Kim Sae Ron បាត់បង់ជីវិត ទើបសារព័ត៌មានកូរ៉េបានផ្សព្វផ្សាយពីការទទួលខុសត្រូវរបស់នាង បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ Cheongdam សង្កាត់ Gangnam រួច កាលពីឆ្នាំ ២០២២ កន្លងទៅ។


ទើបតែថ្មីៗនេះសារព័ត៌មានកូរ៉េខាងត្បូងទម្លាយថា កាលពីឆ្នាំ ២០២២ តារាស្រី Kim Sae Ron បានទៅសុំទោសដល់អាជីវករទាំង ៥៧ កន្លែង ផ្ទាល់ ពីហេតុការណ៍បុកបង្គោលភ្លើងអគ្គិសនី ធ្វើឲ្យដាច់ភ្លើង ៥៧ កន្លែងលក់ដូរនៅតំបន់ Cheongdam សង្កាត់ Gangnam។
ឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូងបានរង្គោះរង្គើ ដោយសារការស្លាប់របស់តារាសម្ដែងវ័យ ២៤ ឆ្នាំ Kim Sae Ron កាលពីថ្ងៃ១៦ ខែកុម្ភៈកន្លងទៅ។ ក្នុងចំណោមរបាយការណ៍ជាច្រើនបន្ទាប់ពីការស្លាប់របស់ Sar Ron ភ្លាមៗនោះ មានអត្ថបទមួយរបស់អ្នកយកព័ត៌មាន Kwon Nam Young ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនិយមលេងអ៊ីនធឺណិត។
នៅក្នុងអត្ថបទ Kwon រាយការណ៍ថា Kim Sae Ron បានព្យាយាមអស់ពីសមត្ថភាព ដើម្បីបង្ហាញពីការទទួលខុសត្រូវក្នុងក្រសែភ្នែកសាធារណជន បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០២២ កន្លងទៅនោះ។ យ៉ាងណាក៏មហាជនកូរ៉េដែលលេងបណ្ដាញសង្គម មិនបានលើកលែងឲ្យនាងឡើយ ក៏ព្រោះតែព័ត៌មាននោះ មិនត្រូវបានផ្សព្វផ្សាយចេញទៅ។

គ្រោះថ្នាក់ចរាចរណ៍នោះកើតឡើងនៅថ្ងៃ១៨ ខែឧសភា ឆ្នាំ ២០២២ ដោយរថយន្ត Kim Sae Ron បានបើកទៅបុកម៉ាស៊ីនភ្លើងនៅ Gangnam រួចក៏បុកដើមឈើ ធ្វើឲ្យហាងជាច្រើនក្នុងតំបន់មិនអាចបើករកស៊ីបាន ព្រមទាំងបង្កការខូចខាតនានា។ ពេលកើតហេតុភ្លាមៗ នាងមានបំណងចង់រត់គេច និងមិនព្រមសហការតេស្ដជាតិអាកុលក្នុងខ្លួនឡើយ។
បន្ទាប់មក Kim Sae Ron បានសារភាពកំហុសរបស់នាង និងសុំទោសជាសាធារណៈ។ នាងបានចែករំលែកសំបុត្រសរសេរដោយដៃនៅលើគណនី Instagram ដោយក្នុងសំបុត្របាននិយាយសុំទោសចំពោះអាកប្បកិរិយា និងបានសន្យាថាកែសម្រួលស្ថានការណ៍ដោយសងសំណងទៅដល់ការខូចខាតដែលបណ្ដាលមកពីគ្រោះថ្នាក់របស់នាង។
Kukmin Ilboបានរាយការណ៍ថា Sae Ron បានទៅសួរសុខទុក្ខម្ចាស់ហាងទាំង ៥៧ ដែលរងការខូចខាត។ របាយការណ៍នោះ ក៏ទទួលស្គាល់ថានេះជាទង្វើមិនធម្មតាពីតារាល្បីម្នាក់ដែរ។ ជាក់ស្ដែង ម្ចាស់ម្នាក់ក្នុងចំណោមម្ចាស់ហាងរងផលប៉ះពាល់ទាំងជាង ៥០ បាននិយាយថា ពួកគេភ្ញាក់ផ្អើលពេលឃើញនាង។ ម្ចាស់ហាងបានបន្តទៀតថា “ខ្ញុំភ្ញាក់ផ្អើលនៅពេលដែល Kim Sae Ron មកសុំទោសផ្ទាល់“។
មហាជនកូរ៉េបានដឹងការពិត ហើយសោកស្ដាយ និងបន្ទោសទៅកាន់ក្រុមសារព័ត៌មាន ដែលមិនព្រមចុះផ្សាយពីការដែល Kim Sae Ron ព្យាយាមប៉ះប៉ូវកំហុស ផ្ទុយទៅវិញតែងតែជាន់ពន្លិច ធ្វើបាបនាង នាគ្រានោះមានវ័យត្រឹម ២២ ឆ្នាំប៉ុណ្ណោះ (ពេលបង្កគ្រោះថ្នាក់ចរាចរណ៍ Kim Sae Ron ឆ្នាំ ២០២២)។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ១៧ ខែកុម្ភៈ មនុស្សជិតដិតម្នាក់របស់ Kim Sae Ron បានចេញមកផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានពីបញ្ហារបស់តារាស្រីវ័យ ២៤ ឆ្នាំ ជួបប្រទះ នៅគ្រាកន្លងមក រួមមានទាំងបញ្ហាបាក់ទឹកចិត្ត និងបញ្ហាហិរញ្ញ ព្រោះនាងមិនអាចប្រឡូកការងារសិល្បៈដូចមុនឡើយ ហើយក៏ប្រឈមមុខនឹងការពិន័យលើកិច្ចព្រមព្រៀងយីហោផ្សេងៗ និងការបង់ប្រាក់សំណង៕























Account
Security
Favourite Content