អ្នកជិតដិតម្នាក់បានរៀបរាប់ប្រាប់សារព័ត៌មានថា ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Kim Sae Ron បានព្យាយាមតស៊ូនឹងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ គួបផ្សំវិបត្តិហិរញ្ញវត្ថុ ក្រោយបង្ខំចិត្តសម្រាកពីការងារសម្ដែងអស់មួយរយៈមក។

កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ព័ត៌មាននៃការបាត់បង់ជីវិតរបស់ Kim Sae Ron បានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន ក្រោយពីមិត្តភក្ដិម្នាក់បានប្រទះឃើញតារាស្រីរូបនេះ ដេកស្លាប់ក្នុងផ្ទះនាង នៅឯទីក្រុងសេអ៊ូល ដោយបច្ចុប្បន្ន ប៉ូលិសនៅមិនទាន់អាចកំណត់មូលហេតុជាក់លាក់បានឡើយទេ។
ដោយឡែក នៅថ្ងៃទី១៧ ខែកុម្ភៈនេះ មនុស្សជិតដិតម្នាក់របស់ Kim Sae Ron បានចេញមកផ្ដល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ ពីបញ្ហារបស់តារាស្រីវ័យ ២៤ ឆ្នាំរូបនេះបានជួបប្រទះ នៅគ្រាកន្លងមក រួមមានទាំងបញ្ហាបាក់ទឹកចិត្ត និងបញ្ហាហិរញ្ញ។
ត្រឡប់ទៅកាលពីឆ្នាំ ២០២២ វិញ Kim Sae Ron ជួបនឹងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ក្រោយពីតារាស្រីរូបនេះបានបើកបរក្រោមស្ថានភាពស្រវឹង។ ដោយគ្រានោះ នាងបានបើកឡានទៅបុករនាំងផ្លូវ និងម៉ាស៊ីនភ្លើង ជាដើមហេតុដែលតម្រូវឱ្យនាងត្រូវបង់ថ្លៃផាកពិន័យចំនួន ២០ លានរ៉ុនឬ ប្រមាណ ១៤ ០០០ ដុល្លារអាមេរិក បន្ថែមដោយការផ្អាកសកម្មភាពក្នុងវិស័យសិល្បៈអស់ពេលជាង ២ ឆ្នាំ។

ក្រោយមក Kim Sae Ron បានព្យាយាមត្រឡប់ប្រឡូកទៅរកការងារសម្ដែងវិញ តាមរយៈរឿង Dongchimi ក៏ប៉ុន្តែបញ្ហាចម្រូងចម្រាសបានផ្ទុះឡើងម្ដងទៀត គួបផ្សំនឹងបញ្ហាសុខភាពផង តារាស្រីរូបនេះក៏បានសម្រេចចិត្តលាឈប់ពីគម្រោងភាពយន្តខាងលើ។
យោងតាមការបកប្រែរបស់ Allkpop មិត្តជិតដិតខាងលើនេះបានឱ្យដឹងថា Kim Sae Ron បានកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនៅពេលដែលត្រៀមខ្លួនសម្រាប់ថតរឿងនេះ។ អំឡុងពេលហាត់សម គេប្រទះឃើញថានាងមានអាការៈស្លេកស្លាំង និងសុខភាពទ្រុឌទ្រោម។ នៅទីបំផុត ក្រោយពីបានពិភាក្សាជាមួយនឹងក្រុមការងារ នាងក៏សម្រេចចិត្តចាកចេញពីគម្រោងភាពយន្តមួយនេះ។
ប្រភពដែលមិនបញ្ចេញអត្តសញ្ញាណរូបនេះ បានរៀបរាប់បន្តទៀតថា ក្រោយពីទទួលរងការផាកពិន័យពីឧបទ្ទវហេតុកាលពីឆ្នាំ ២០២២ Kim Sae Ron បានជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង រួមគ្នានិងការផ្អាកការងារទៀតនោះ នាងត្រូវធ្វើការក្រៅម៉ោង ដូចជាធ្វើការនៅហាងកាហ្វេ និងចូលបង្រៀនការសម្ដែង ដើម្បីរកចំណូលទូទាត់ថ្លៃសំណង។ ក្រោយពីមានបន្ទុកនៃវិបត្តិហិរញ្ញវត្ថុ សុខភាពផ្លូវចិត្តរបស់ Kim Sae Ron កាន់តែមានសម្ពោធមួយកម្រិតទៀត ក៏ប៉ុន្តែទោះបីជាមានរឿងទាំងនេះក៏ដោយ Kim Sae Ron នៅតែតស៊ូដើម្បីអាចត្រឡប់មកធ្វើការក្នុងវិស័យភាពយន្ដម្ដងទៀត។

“ជំងឺបាក់ទឹកចិត្តរបស់ Kim Sae Ron កាន់តែធ្ងន់ធ្ងរ ធ្វើឱ្យអ្នកជុំវិញខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទន្ទឹមគ្នានេះ នាងនៅតែមានក្តីប្រាថ្នាចង់ត្រលប់ទៅកាន់អាជីពរបស់ខ្លួនវិញ និងបានព្យាយាមស្វែងរកការព្យាបាលទៅលើជំងឺបាក់ទឹកចិត្តរបស់ខ្លួនផងដែរ”។ មិត្តជិតដិតរូបដដែល បាននិយាយបន្ថែមបែបនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ប៉ូលីសកំពុងតែស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកពីមូលហេតុពីក្រោយមរណភាពនេះ ស្របពេលដែលពិធីបុណ្យសពរបស់ Kim Sae Ron នឹងប្រារព្ធធ្វើឡើងនៅឯ Seoul Asan Medical Center៕
























Account
Security
Favourite Content