កំពូលតារាសម្ដែងកូរ៉េ Kim Soo-hyun កំពុងប្រឈមមុខនឹងការបញ្ចប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មទាំងអស់ ខណៈដែលលោកនៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះព័ត៌មានចម្រូងចម្រាសជុំវិញទំនាក់ទំនងរបស់លោកជាមួយតារាសម្ដែងស្រី Kim Sae-ron។ យោងតាមសារព័ត៌មានកូរ៉េ Nate ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ លោកអាចនឹងត្រូវបង់ថ្លៃប្រាក់ពិន័យរហូតដល់ខ្ទង់ ២០ ពាន់លានវ៉ុន ឬប្រមាណ ១៣ លានដុល្លារ។

ប្រភពព័ត៌មានដដែលបានបង្ហាញថាបច្ចុប្បន្ន Kim Soo-hyun កំពុងជាប់កុងត្រាផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនចំនួន ១៦ រួមមាន Eider, Shabu All Day, Dinto, Homeplus, Shinhan Bank, Tous Les Jours, Cuckoo, Prada, Jo Malone London និងក្រុមហ៊ុនផ្សេងៗទៀត ដូច្នេះហើយការពាក់ព័ន្ធរបស់លោកនៅក្នុងព័ត៌មានចម្រូងចម្រាសផ្ទាល់ខ្លួន ធ្វើឱ្យឧស្សាហកម្មផ្សាយពាណិជ្ជកម្មបានធ្លាក់ចូលទៅក្នុងភាពចលាចល។
ម៉ាកយីហោដូចជា K2 Korea និង Shabu All Day បានលុបរូបភាពទាំងអស់របស់ Kim Soo-hyun ចេញពីវេទិការបស់ពួកគេ ដោយសារតែមានការព្រួយបារម្ភអំពីការខូចខាតដល់កេរ្តិ៍ឈ្មោះម៉ាករបស់ពួកគេ។ លើសពីនេះ ក្រុមហ៊ុនគ្រឿងសំអាង Dinto បានផ្អាកកាលវិភាគទាំងអស់ទាក់ទងនឹងតារាប្រុសរូបនេះ។ ចំណែកក្រុមហ៊ុន CJ Foodville ដែលបានចុះហត្ថលេខាជ្រើសរើស Kim Soo-hyun ជាអ្នកតំណាងផ្សព្វផ្សាយសម្រាប់ហាង Tous Les Jours កាលពីខែកញ្ញាឆ្នាំមុន អាចនឹងមិនបន្តកុងត្រាទៀតទេ បន្ទាប់ពីកុងត្រាចុងក្រោយនោះត្រូវផុតកំណត់នៅចុងខែនេះ។


តម្លៃផ្សព្វផ្សាយកាន់តែខ្ពស់ ថ្លៃពិន័យកាន់តែខ្ពស់
គួរបញ្ជាក់ថា Kim Soo-hyun ទទួលបានតម្លៃខ្លួនក្នុងការផ្សាយពាណិជ្ជកម្មនៅលំដាប់កំពូល ដោយប្រើប្រាស់ប្រជាប្រិយភាពរបស់ខ្លួននៅក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍។ បន្ទាប់ពីជោគជ័យនៃរឿងភាគ “My Love from the Star” (សង្សារខ្ញុំជាមនុស្សភពផ្កាយ) នៅឆ្នាំ ២០១២ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មប្រចាំឆ្នាំរបស់លោកត្រូវបានគេប៉ាន់ស្មានថាឈានដល់ ៥០ ពាន់លានវ៉ុន (ប្រហែល ៣៤ លានដុល្លារ)។ នៅពេលនោះ តម្លៃខ្លួនរបស់លោកក្នុងការម៉ូដែលប្រចាំផលិតផលមួយគឺប្រហែល ១ ពាន់លានវ៉ុន (ប្រហែល ៦៩ ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ។ ទោះបីជាសន្ទុះភាពល្បីល្បាញរបស់លោកបានធ្លាក់ចុះដោយសារតែការចូលបម្រើយោធាក៏ដោយ ក៏លោកនៅតែជាតារាម្នាក់ក្នុងចំណោមតារាដែលមានតម្លៃខ្លួនខ្ពស់បំផុតដដែល។

នៅក្នុងរបាយការណ៍ចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះម៉ាកយីហោរបស់សិល្បករ ប្រចាំខែមករាឆ្នាំ ២០២៥ ដែលចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកូរ៉េ Kim Soo-hyun បានជាប់ចំណាត់ថ្នាក់ទី ៨ តាមពីក្រោយ Byeon Woo-seok, Son Heung-min, Lim Young-woong, aespa, Cha Eun-woo, BTS និង BLACKPINK ។ ដោយសារតម្លៃផ្សព្វផ្សាយរបស់ Cha Eun-woo ត្រូវបានគេដឹងថាមានចន្លោះពី ៧០០ លានទៅ ១ ពាន់លានវ៉ុនក្នុងមួយឆ្នាំ ដូច្នេះតម្លៃរបស់ Kim Soo-hyun ត្រូវបានគេរំពឹងថានឹងមានកម្រិតស្រដៀងគ្នា ឬទាបជាងបន្តិច។
ដោយសារតម្លៃខ្លួនរបស់លោកខ្ពស់ ដូច្នេះថ្លៃពិន័យដែលអាចកើតមានក៏ត្រូវបានគេរំពឹងថានឹងខ្ពស់ដូចគ្នាដែរ។ ខណៈពេលដែលតួលេខពិតប្រាកដមិនត្រូវបានគេដឹងជាសាធារណៈ ប៉ុន្តែកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាធម្មតារួមបញ្ចូលបទប្បញ្ញត្តិដែលតម្រូវឱ្យភាគីទទួលផ្សាយពាណិជ្ជកម្មបង់ប្រាក់ ២ ទៅ ៣ ដងនៃថ្លៃផ្សាយពាណិជ្ជកម្មក្នុងករណីមានការរំលោភបំពានផ្លូវច្បាប់ ឬរឿងចម្រូងចម្រាស។
ប្រសិនបើតម្លៃផ្សព្វផ្សាយប្រចាំឆ្នាំរបស់ Kim Soo-hyun ត្រូវបានប៉ាន់ប្រមាណថា ៥០០ លានវ៉ុន (ប្រហែល ៣៤ ម៉ឺនដុល្លារ) ក្នុងមួយកិច្ចសន្យា នោះថ្លៃពិន័យសរុបរបស់លោកអាចមានចន្លោះពី ១៦ ពាន់លានវ៉ុន (១១ លានដុល្លារ) ដល់ ២៤ ពាន់លានវ៉ុន (១៦ លានដុល្លារ)។
គួររំឭកថា មុនករណី Kim Soo Hyun មានតារាល្បីៗកូរ៉េប៉ុន្មានរូបមកហើយដែលបានបង់ថ្លៃផាកពិន័យចំពោះការបំពានកិច្ចសន្យា។ ក្នុងឆ្នាំ ២០១៤ តារាកំប្លែង Lee Soo-geun ត្រូវបានប្តឹងទាមទារសំណង ២ ពាន់លានវ៉ុនដោយក្រុមហ៊ុនផលិតផលរថយន្ត Bullsone បន្ទាប់ពីត្រូវបានកាត់ទោសពីបទល្បែងខុសច្បាប់ ប៉ុន្តែទីបំផុតតុលាការបានសម្រេចថាលោកត្រូវបង់ប្រាក់ចំនួន ៧០០ លានវ៉ុន ស្មើនឹង ២៨០% នៃថ្លៃទទួលផ្សព្វផ្សាយដែលមានតម្លៃ ២៥០ លានវ៉ុន។
ដូចគ្នាដែរ កាលពីឆ្នាំ ២០១២ ក្រុមចម្រៀងស្រី T-ara ដែលជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសត្រូវបានប្តឹងដោយម៉ាកសម្លៀកបំពាក់ Chatelaine ដោយពេលនោះភ្នាក់ងាររបស់ពួកគេបានសារភាពកំហុស ហើយបានបង់ថ្លៃពិន័យចំនួន ៤០០ លានវ៉ុន ស្មើនឹងថ្លៃផ្សព្វផ្សាយគុណនឹងពីរ។ តារាសម្តែង Kim Min-hee ដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវស្នេហាជាមួយអ្នកដឹកនាំរឿង Hong Sang-soo ក៏ត្រូវបានគេរាយការណ៍ថាបានបង់ប្រាក់ពិន័យរាប់រយលានវ៉ុនទៅឱ្យក្រុមហ៊ុនគ្រឿងសំអាងដែលនាងធ្វើម៉ូដែល។
ទោះបីជាមានរូបថតនិងភស្តុតាងផ្សេងៗលេចចេញបន្តបន្ទាប់ក៏ដោយ ប៉ុន្តែមកដល់ថ្ងៃទី១៣ ខែមីនានេះភ្នាក់ងាររបស់ Kim Soo Hyun នៅតែប្រកាន់ជំហរបដិសេធគ្រប់ពាក្យចចាមអារ៉ាមដែលគ្រួសាររបស់ Kim Sae ron បានអះអាង និងបានប្រកាសចេញសេចក្ដីថ្លែងការណ៍ផ្លូវការព្រមទាំងបង្ហាញភស្តុតាងដែលខ្លួនមាននៅសប្ដាហ៍ក្រោយ ៕

























Account
Security
Favourite Content