តារាសម្តែងកូរ៉េ Kim Mu Yeol បានបើកចិត្តនិយាយអំពីពេលវេលាដ៏លំបាកដែលលោកបានឆ្លងកាត់ មុនពេលស្វែងរកឃើញភាពជោគជ័យ ដោយបានលាតត្រដាងថា លោកអាចរកចំណូលបានត្រឹម ២០ ម៉ឺនវ៉ុន (ប្រហែល ១៣០ ដុល្លារអាមេរិក) ប៉ុណ្ណោះ ក្នុងរយៈពេលពេញមួយឆ្នាំពេញ ក្នុងអំឡុងពេលដែលលោកនៅជាតារាសម្តែងគ្មានឈ្មោះបោះសំឡេង។

វីដេអូខ្លីៗសម្រាប់ភាគថ្មីនៃកម្មវិធី ‘You Quiz on the Block’ របស់ទូរទស្សន៍ tvN ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា បានបង្ហាញពីវត្តមានរបស់ Kim Mu Yeol ក្នុងនាមជាភ្ញៀវកិត្តិយស។
តារាប្រុសវ័យ ៤៤ ឆ្នាំដែលថ្មីៗនេះទើបតែទទួលបានជោគជ័យកម្រិតសកល តាមរយៈគម្រោងភាពយន្តចុងក្រោយគឺរឿង ‘Teach You a Lesson’ កំពុងតែរីករាយនឹងការឈានដល់ចំណុចកំពូលថ្មីមួយទៀតក្នុងអាជីព ខណៈដែលរឿងភាគមួយនេះនៅតែបន្តទាញបានការចាប់អារម្មណ៍ពីអន្តរជាតិ។ រឿងភាគនេះបានក្លាយជាស្នាដៃដ៏ល្បីល្បាញយ៉ាងខ្លាំង បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោក រយៈពេលពីរសប្តាហ៍ជាប់ៗគ្នា ក្រោយការចេញផ្សាយ។

ប៉ុន្តែនៅពីក្រោយជោគជ័យបច្ចុប្បន្ននេះ លោកបានហែលឆ្លងជីវិតតស៊ូពេលមិនល្បីល្បាញអស់រយៈពេលជាយូរ។ Kim Mu Yeol បានទម្លាយថា ក្នុងអំឡុងឆ្នាំដំបូងៗដែលលោកទើបចូលប្រឡូកក្នុងសិល្បៈ លោកអាចរកលុយបានត្រឹម ២០ ម៉ឺនវ៉ុនប៉ុណ្ណោះ ក្នុងរយៈពេលមួយឆ្នាំ។
ភរិយារបស់លោក គឺតារាសម្តែងស្រី Yoon Seung Ah ក៏បានបង្ហាញខ្លួននៅក្នុងវីដេអូខ្លីនោះផងដែរ និងបានចែករំលែកសារចេញពីបេះដូងទៅកាន់ស្វាមីថា៖ «ពួកយើងបានឆ្លងកាត់ពេលវេលាដ៏វែងឆ្ងាយជាមួយគ្នា»។
តារាប្រុស Kim Mu Yeol ក៏បាននិយាយដោយស្មោះត្រង់អំពីជីវិតដែលផ្លាស់ប្ដូរ ១៨០ដឺក្រេ បន្ទាប់ពីការតស៊ូអស់ជាច្រើនឆ្នាំ។ នៅពេលត្រូវបានសួរថា តើមានអារម្មណ៍ល្អប៉ុណ្ណាដែលទីបំផុតទទួលបានការទទួលស្គាល់ លោកបាននិយាយលេងសើចថា៖
«ជាលើកដំបូងហើយក្នុងរយៈពេល ១០ ឆ្នាំ ដែលអ្នកជិតខាងរបស់ខ្ញុំបានប្រាប់ខ្ញុំថា ខ្ញុំមើលទៅឡូយណាស់» ដែលបានធ្វើឱ្យគ្រប់គ្នាសើចសប្បាយ។
លោកក៏បានទម្លាយរឿងរ៉ាវនៅពីក្រោយការទទួលបានការកោតសរសើរពីសំណាក់កំពូលតារាចម្រៀង និងតារាសម្តែងលោក John Cena ផងដែរ។ នៅពេលត្រូវបានសួរថា ហេតុអ្វីបានជា John Cena រម្លឹកពីឈ្មោះរបស់លោក Kim Mu Yeol បានឆ្លើយថា៖ «ពីព្រោះពួកយើងមានមុខមាត់ស្រដៀងគ្នា» ដែលធ្វើឱ្យពិធីករលោក Yoo Jae Suk សើចហើយយល់ស្រប។
តារាសម្តែងរូបនេះបានបង្ហាញបន្ថែមទៀតពីក្តីស្រឡាញ់ដ៏ខ្លាំងក្លាចំពោះការងាររបស់លោក ដោយបានទម្លាយពីការប្តេជ្ញាចិត្តខ្ពស់ក្នុងអំឡុងពេលថតរឿង ‘Teach You a Lesson’។ លោក និយាយថា លោកបានហាត់ប្រាណរាល់ពេលសម្រាកនៅលើកន្លែងថត ដោយនិយាយលេងសើចថា៖ «ប្រសិនបើមានអ្វីមួយដែលខ្ញុំអាចតោងទាញដើម្បីហាត់ប្រាណបាន ខ្ញុំនឹងតោងភ្លាម » ៕





















































Account
Security
Favourite Content