រយាលដៃពីមុខរបររកស៊ីបន្តិច តារាសម្តែងលេចធ្លោ កែវ បូរ៉ា Freshie Boy លេខ១ ជំនាន់ទី៧ ឆ្នាំ ២០០៨ ចាប់ផ្តើមទទួលការងារសិល្បៈឡើងវិញ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជនដែលតែងតែសួររកស្នាដៃសិល្បៈថ្មីៗរបស់លោក។ តួយ៉ាង លោកបានទទួលការងារសិល្បៈជាហូហែក្នុងឆ្នាំ ២០២៤ នេះ រួមទាំងភាពយន្តផងដែរ។
ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងក្នុងពិធី សន្និសីទសារព័ត៌មានស្ដីពី ការផលិតខ្សែភាពយន្តរឿង «ផ្ទះព្រាយកន្លង» និង «អ្នកតាកំបុតក្បាល» កាលពីពេលថ្មីៗ កែវ បូរ៉ា បានឱ្យដឹងថា ពីពេលនេះទៅលោកទទួលធ្វើការងារសិល្បៈស៊ុបវិញហើយ ព្រោះពេលនេះមុខរបរផ្ទាល់ខ្លួនដំណើរការទៅរលូន និងមានអ្នកជួយមើលការខុសត្រូវអស់ហើយ។ តារាសម្តែងរូបនេះសង្កត់ធ្ងន់ថា នេះជាការត្រឡប់ចូលសិល្បៈរយៈពេលវែង ដោយមិនមានគម្រោងឈប់វិញទៀតនោះឡើយ។
តារាសម្តែងសម្បុរសណ្តែកបាយរូបនេះបន្តថា បច្ចុប្បន្នលោកទទួលបានការងារសិល្បៈហូរហែ រួមមាន៖ ការថតស៉្បតពាណិជ្ជកម្ម និងការថតភាពយន្តជាដើម។ ជាក់ស្តែង ថ្មីៗនេះលោកបានជាប់ការ casting ខ្សែភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្មឈានមុខគេក្នុងការផលិតភាពយន្តខ្មែរ LD Entertainment ចំនងជើង «អ្នកតាកំបុតក្បាល»។
បូរ៉ា ថា នេះជាលើកដំបូងដែលលោកមានឱកាសរួមការងារជាមួយ LD Entertainment ហើយលោកពិតជារីករាយដែល LD បានហៅលោកឱ្យធ្វើការ casting សម្រាប់រឿងខ្នាតធំនេះ ដែលវាបញ្ជាក់ពីភាពល្អិតល្អន់ក្នុងការសម្រិតសម្រាំងតួអង្គឱ្យត្រូវទៅនឹងសាច់រឿង ក៏ដូចជា character របស់តួអង្គក្នុងរឿងតែម្តង។
លោកទទួលស្គាល់ថា ពីមុនលោកក៏ធ្លាប់គិតអវិជ្ជមានពេលត្រូវផលិតកម្មហៅឱ្យ casting មុនថតរឿងដែរ ប៉ុន្តែក្រោយមកលោកបានបើកចិត្តឱ្យទូលាយទទួលយកនូវអ្វីថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឯង។ លោកយល់ថា យើងគួរតែផ្លាស់ប្តូរគំនិតអវិជ្ជមានទាំងនេះចោល ហើយផ្តល់ការសហការក្នុងការ casting តួអង្គជាមួយផលិតកម្ម ព្រោះការដែលផលិតកម្មហៅយើង casting បានន័យថា គេចង់ឃើញពីសមត្ថភាពសម្តែងរបស់យើងដែលប្រែប្រួលចុះឡើងរាល់ថ្ងៃ ដូច្នេះគ្មានអ្វីដែលយើងគួរខ្លាច ឬអន់ចិត្តគ្នាឡើយ នៅពេលដែលយើង casting មិនជាប់។ ក្នុងនាមជាអ្នកសិល្បៈ យើងគួរតែបើកចិត្តឱ្យទូលាយទើបជារឿងល្អ។
សម្រាប់លោកគឺសប្បាយចិត្តដែលមានឱកាសចូលរួមថតខ្សែភាពយន្តខ្នាតធំថ្មីរបស់ LD «អ្នកតាកំបុតក្បាល» ហើយលោកពេញចិត្តឆ្អឹងរឿងនេះខ្លាំងមែនទែន ដែលអាចឱ្យលោកបញ្ចេញសមត្ថភាពសម្តែងបានដល់ទៅ ២ character ស្លូត និង កាច។ តារាសម្តែងរូបនេះ មិនហ៊ានអះអាងថា សមត្ថភាពនៃការវិលមកសម្តែងលើកនេះនឹងល្អកម្រិតណាទេ តែលោកព្យាយាមបញ្ចេញឱ្យអស់ពីសមត្ថភាពដែលមាន ហើយទុកឱ្យទស្សនិកជនជាអ្នកដាក់ពិន្ទុដោយខ្លួនឯង៕