បន្ទាប់ពីបានលេចមុខលើគ្រប់សារព័ត៌មានកាលពីដើមខែនេះតាមរយៈការធ្វើដំណើរទៅកាន់ទីអវកាស នៅពេលនេះតារាចម្រៀងអាមេរិក Katy Perry នឹងបានត្រលប់ទៅសម្ដែងក្នុងប្រទេសចិនវិញលើកដំបូង ក្រោយមានរឿងចម្រូងចម្រាសពាក់ព័ន្ធកោះតៃវ៉ាន់ កាលពីខ្ទង់ ១០ ឆ្នាំមុន។


ការិយាល័យវប្បធម៌និងទេសចរណ៍ខេត្ត Zhejiang បានប្រកាសនាពេលថ្មីៗនេះថាតារាចម្រៀងប៉ុប Katy Perry មានគម្រោងនឹងរៀបចំការប្រគំតន្ត្រីចំនួនពីរនៅក្នុងកីឡដ្ឋានមានទំហំផ្ទុក ១៨០០០ កៅអី ក្នុងទីក្រុង Hangzhou នៅថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា។ ការប្រគំតន្ត្រីនេះនឹងជាការសម្ដែងនៅចិនដីគោកលើកដំបូងរបស់តារាស្រីវ័យ ៤០ឆ្នាំរូបនេះក្រោយរយៈពេលជាច្រើនឆ្នាំដែលនាងត្រូវបានប្រទេសចិនបដិសេធមិនផ្ដល់ទិដ្ឋាការ ដោយសារមានព័ត៌មានចម្រូងចម្រាសថានាងគាំទ្រចលនាឯករាជ្យតៃវ៉ាន់។
ការប្រគំតន្ត្រីនេះនឹងកើតឡើងរយៈពេល ៨ ឆ្នាំបន្ទាប់ពី ម្ចាស់បទ “Roar” រូបនេះត្រូវបាន បដិសេធមិនឱ្យចូលរួមក្នុងកម្មវិធីបង្ហាញម៉ូដ Victoria’s Secret នៅទីក្រុងសៀងហៃ ក្នុងឆ្នាំ ២០១៧។ នៅពេលនោះ ទីក្រុងប៉េកាំងមិនបានបញ្ជាក់មូលហេតុពីក្រោយការបដិសេធទិដ្ឋាការរបស់នាងនោះទេ ប៉ុន្តែសារព័ត៌មានអាមេរិក Page Six បានរាយការណ៍ថា Perry ត្រូវបានហាមឃាត់មិនឱ្យទៅសម្តែងនៅចិនដីគោក ដោយសារតែភាពចម្រូងចម្រាសកើតឡើងក្នុងការប្រគំតន្ត្រីរបស់នាងនៅតៃវ៉ាន់កាលពីឆ្នាំ ២០១៥។

គួររំឭកថា ក្នុងកំលុងពេលសម្តែងនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ តារាចម្រៀងប៉ុបរូបនេះបានស្លៀករ៉ូបម៉ូដផ្កាឈូករ័ត្នជាមួយទង់ជាតិកោះតៃវ៉ាន់ ខណៈផ្កានេះគឺជានិមិត្តសញ្ញានៃចលនានិស្សិតដែលប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងតៃវ៉ាន់ និងចិនដីគោក។
Katy Perry បានសម្ដែងនៅក្នុងប្រទេសចិន លើកដំបូងនៅទីក្រុងប៉េកាំងក្នុងឆ្នាំ ២០១៤ ។ នៅឆ្នាំបន្ទាប់ នាងបានត្រឡប់មកវិញ ហើយបានធ្វើការប្រគំតន្ត្រីចំនួនបីថ្ងៃ ដោយពីរថ្ងៃនៅទីក្រុងសៀងហៃ និងមួយថ្ងៃទៀតនៅទីក្រុងក្វាងចូវ ៕


























































Account
Security
Favourite Content