តារាសម្ដែងប្រុស Jerry Yan ត្រូវបានមនុស្សជាច្រើនស្គាល់តាមរយៈរឿងភាគដ៏ល្បី “Meteor Garden” ឬ “F4” ក្នុងឆ្នាំ ២០០១។ បើទោះជាកន្លងផុតទៅអស់រយៈពេលជាង ២០ ឆ្នាំក៏ដោយ តែប្រជាប្រិយភាពរបស់តារាប្រុសរូបនេះនៅតែល្បីល្បាញ និងតែងជាប្រធានបទដែលត្រូវបានគេឧស្សាហ៍លើកមកនិយាយ។
កាលពីថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Jerry Yan ស្រាប់តែបង្ហោះសារមួយក្នុងបណ្ដាញសង្គម Weibo របស់ខ្លួនដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ហើយឈ្មោះរបស់លោកក៏បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គមផងដែរ។ ដោយតារាប្រុសរូបនេះបានបង្ហោះថា៖ កូនរបស់ខ្ញុំបានមកដល់ហើយ។
មែនទែនទៅ ពាក្យសម្ដីរបស់របស់លោកបានធ្វើឱ្យគ្រប់គ្នាគិតថា លោកប្រកាសពីដំណឹងដែលខ្លួនក្លាយជាឳពុករបស់គេ និងមានភរិយា។ ជាមួយគ្នាដែរ ដោយសារតែតារាមានវ័យស្រករៗ លោកភាគច្រើនសុទ្ធសឹងតែមានគ្រួសារអស់ទៅហើយ សូម្បីតែអតីតសមាជិក F4 ក៏មានភរិយាសឹងតែទាំងអស់ដូចគ្នា ដូច្នេះដំណឹងរៀបការរបស់លោកត្រូវបានមនុស្សជាច្រើនទន្ទឹងរង់ចាំមើល។
យ៉ាងណាមិញ ក្រោយមកក្រុមអ្នកគាំទ្ររបស់លោកក៏បានចេញមុខបដិសេធថា លោកមិនបានមានកូនឬភរិយាអ្វីឡើយ។ មួយវិញទៀត សារដែលលោកបង្ហោះគឺក្នុងបំណងផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួនប៉ុណ្ណោះគឺរឿង “The Forbidden Flower”។ គ្រាន់តែបានដឹងពីដំណឹងនេះភ្លាម មហាជនស្រាប់តែហាក់មានការខឹងសម្បារដោយសារតែលោកហាក់មិននិយាយឱ្យច្បាស់លាស់ និងធ្វើឱ្យគ្រប់គ្នាយល់ច្រឡំព្រោះតែភាពធ្វេសប្រហែសរបស់ខ្លួន។
ស្របពេលជាមួយគ្នាក៏មានមនុស្សជាច្រើនបានបញ្ចេញមតិអបអរតែក៏ត្រូវឈប់វិញ ជាក់ស្ដែងលោកមិនបានមានកូន ឬភរិយា ឡើយ។ ខណៈអ្នកខ្លះហាក់ខកបំណង ដោយសារលោកស្ថិតក្នុងវិស័យសិល្បៈយូរឆ្នាំទៅហើយតែបែរជាគ្មានភាពប្រុងប្រយ័ត្ន និងគិតឱ្យបានដិតដល់មុននឹងបង្ហោះអ្វីមួយជាសាធារណៈ។
ជាចុងក្រោយ តារាប្រុស Jerry Yan ក៏បានចេញសុំទោសដល់មហាជនដើម្បីបញ្ចប់រឿង ដោយលោកលើកឡើងថា៖ ក្រុមការងាររបស់លោកមើលឃើញថាការបង្ហោះបែបនេះពិតជាមិនល្អឡើយ លោកគួរតែប្រយ័ត្នឱ្យបានច្រើន និងបង្ហោះវីដេអូមកជាមួយកុំឱ្យមានការយល់ច្រឡំ។ ដូច្នេះលោកសុំទោស៕


















































Account
Security
Favourite Content