Jang GengSuk ជាតារាសម្ដែងប្រុសមានកេរ្ដិ៍ឈ្មោះល្បីល្បាញម្នាក់ លោកបានប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេលជាង ៣០ ឆ្នាំទៅហើយ។ បើទោះជាមានតារាសម្ដែងប្រុសល្បីៗ ជាច្រើននាពេលបច្ចុប្បន្ន លោកនៅតែត្រូវគេស្គាល់ថាជាតារាប្រុសរៀមច្បងម្នាក់។
ថ្មីៗ នេះ Jang GengSuk បានប្រកាសពីដំណឹងមួយដែលធ្វើឲ្យអ្នកគាំទ្ររបស់លោកជាច្រើនហាក់មានការភាំងស្មារតី និងព្រួយបារម្ភ ដោយលោកបានលើកឡើងថា លោកមានជំងឺមហារីក ក្រពេញទីរ៉ូអ៊ីត។ មហារីក ក្រពេញទីរ៉ូអ៊ីត ជាប្រភេទជំងឺដុះដុំសាច់ពក នៅតំបន់ទីរ៉ូអ៊ីត ប្រសិនបើមិនបានព្យាបាលឲ្យបានត្រឹមត្រូវ ដុំពកទាំងនោះនឹងរីកធំជាបន្ដបន្ទាប់ និងបន្ដដុះដុំពកបន្ថែមជាច្រើន។



លោកបានស្វែងរកឃើញថា ខ្លួនមានជំងឺនេះ កាលពីខែ តុលា ឆ្នាំ ២០២៣។ លោកបានលើកឡើងថា លោកព្យាយាមបញ្ចប់ការងារដែលមាននៅក្នុងដៃទាំងអស់ ដើម្បីសម្រាកព្យាបាល។ ក្រោយពីបានពិភាក្សា និងស្វែងយល់ពីស្ថានភាពជំងឺរបស់ខ្លួន លោកក៏បានសម្រេចចិត្ដធ្វើការវះកាត់ ដើម្បីធ្វើឲ្យសុខភាពរបស់លោកមានភាពល្អប្រសើរជាងមុន។ លោកបានធ្វើការវះកាត់ កាលពីខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅ។
Jang GengSuk បានឲ្យដឹងថា លោកចំណាយពេលរហូតដល់ ២ សប្ដាហ៍បន្ទាប់ពីវះកាត់ ទើបអាចនិយាយបានស្រួលបួលវិញ។ លោកបានបញ្ជាក់ថា ចំពោះមូលហេតុដែលលោកមិនព្រមប្រាប់ពីបញ្ហាជំងឺរបស់លោក គឺដោយសារតែ លោកខ្លាចមនុស្សជុំវិញ និងអ្នកគាំទ្រមានការព្រួយបារម្ភចំពោះលោក។


បច្ចុប្បន្ន លោកអាចទម្លាយពីស្ថានភាពជំងឺរបស់លោកបានហើយ ដោយសារវាហាក់មានភាពល្អប្រសើរជាងមុន។ សុខភាពរបស់លោកមានភាពរឹងមាំជាងមុន និងអាចដើរកម្សាន្ដបាន។
លោកបានបន្ថែមថា មូលហេតុលោកទម្លាយប្រាប់ពីជំងឺរបស់ខ្លួន ដោយសារលោកចង់លើកទឹកចិត្ដដល់មនុស្សផ្សេងទៀតដែលកើតជំងឺមហារីកប្រភេទដូចជាលោក។ លោកចង់ឲ្យអ្នកដែលមានជំងឺដូចលោកមានភាពរឹងមាំ និងខិតខំព្យាបាលខ្លួនឲ្យបានត្រឹមត្រូវ កុំអស់សង្ឃឹមឲ្យសោះ៕




























Account
Security
Favourite Content