ត្រលប់ទៅកាលពីឆ្នាំ ២០១៩ គូស្នេហ៍ល្បីឈ្មោះនៅហុងកុងគឺតារាប្រុស Kenneth Ma និងតារាស្រី Jacqueline Wong បានក្លាយជាប្រធានបទក្ដៅគគុកក្នុងបណ្ដាញសង្គម និងធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើលខ្លាំងដោយសារតែ Jacqueline Wong ស្រាប់តែធ្លាយរឿងអាស្រូវផិតក្បត់មិត្តប្រុសរបស់ខ្លួនគឺលោក Kenneth Ma។ អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងឆ្នាំ ២០១៥ និងចាប់ផ្ដើមទាក់ទងគ្នាក្នុងឆ្នាំ ២០១៧។

រឿងអាស្រូវនេះដែរ បានធ្វើឱ្យអាជីពសិល្បៈរបស់តារាស្រី Jacqueline Wong ស្ទើររលាយទាំងស្រុង និងត្រូវគេស្ដីបន្ទោសពាសពេញបណ្ដាញសង្គម ព្រោះតារាប្រុស Kenneth Ma ពិតជាស្រឡាញ់រូបនាងមិនគួរណាមកត្រូវជួបរឿងខកចិត្តបែបនេះសោះ។ ក្រោយមកតារាស្រី Jacqueline Wong សម្រេចចិត្តផ្លាស់ទៅរស់នៅបរទេសមួយរយៈធំ និងផ្អាកការសម្ដែងព្រមទាំងការងារក្នុងសិល្បៈនានា។
ថ្មីៗ នេះ យោងតាមប្រភពព័ត៌មានហុងកុង Hk.On បានឱ្យដឹងថា តារាស្រី Jacqueline Wong បានវិលត្រឡប់មកហុងកុងវិញ និងចាប់ផ្ដើមសាងអាជីពសិល្បៈរបស់ខ្លួនសាជាថ្មី។ រូបនាងបានចេញចម្រៀង ២ បទ និងចាប់ផ្ដើមទទួលបទសម្ភាសន៍នានាផងដែរ។


តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ បានទម្លាយពីស្ថានភាពជីវិតរបស់រូបនាងក្រោយធ្វើខុស និងជួបរឿងអាស្រូវរហូតឈរជើងក្នុងវិថីសិល្បៈស្ទើរលែងបាន។ នាងបានលើកឡើងថា៖ នាងធ្លាក់ខ្លួនមានជំងឺផ្លូវចិត្ដធ្ងន់ធ្ងរ នាងចង់តែគេង និងមិនចង់ភ្ញាក់បើកភ្នែកដើម្បីប្រឈមជាមួយរឿងចំពោះមុខឡើយ។ នាងតែងយំដោយមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន និងមិនចង់ធ្វើការអ្វីទាំងអស់។
ជាសំណាងល្អ នាងត្រូវបានគ្រួសារលើកទឹកចិត្ត និងបញ្ជូនទៅព្យាបាលទើបសុខភាពផ្លូវចិត្តរបស់នាងហាក់មានការប្រសើរឡើងវិញខ្លះ នាងក៏បានចិញ្ចឹមឆ្កែ និងរៀនបន្ថែមទាក់ទិនការសម្ដែង។ អស់មួយរយៈពេលទើបនាងមានភាពក្លាហានជាងមុនដើរចេញក្រៅជាសាធារណៈ។


នាងបន្ដថា៖ នាងមិនអាចធ្វើអ្វីនោះទេ ព្រោះគ្រប់យ៉ាងកើតឡើងដោយសារតែទង្វើរបស់នាង។ នាងទទួលបានការជេរស្ដី និងមតិអាក្រក់ៗ ជាច្រើនរាប់មិនអស់។ អ្វីដែលនាងអាចធ្វើបានគឺគ្រប់គ្រងផ្លូវចិត្ត និងអារម្មណ៍របស់នាង។
នាងសម្រេចជ្រើសយកការច្រៀងដើម្បីចាប់ផ្ដើមអាជីពសិល្បៈសារជាថ្មី ដោយសារការច្រៀងធ្វើឱ្យនាងមានភាពធូរស្រាលក្នុងចិត្ត និងមិនសូវភ័យខ្លាច ថែមទាំងអាចបញ្ចេញពីអារម្មណ៍ពិតផងដែរ៕


























Account
Security
Favourite Content