មិននឹកស្មានសោះថា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី អាចរង់ចាំដល់គភ៌មានអាយុ ៧ ខែទើបសម្រេចចិត្តមើលភេទរបស់កូនខ្លួន។ ពិតជាម្ដាយឪពុកដែលមានចិត្តអំណត់ខ្ពស់មែន ណាមួយនៅសល់ ២ខែនោះទេកូនប្រុសរបស់អ្នកទាំងពីរនឹងសម្រាលហើយ។

ចាប់តាំងពីថ្ងៃដែលពិធីការិនីទូរទស្សន៍បាយ័ន ហ៊ិន ច័ន្ទនីរ័ត្ន ប្រកាសប្រាប់ពីដំណឹងល្អនៃចំណងដៃអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមីគិតទល់ពេលនេះមានរយៈពេល ៧ ខែហើយ។ ដោយឡែក កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៥ ម្សិលមិញនេះអ្នកនាង និងស្វាមីបានរៀបចំកម្មវិធីបង្ហាញពីភេទ ប្រុស ឬស្រី នៃកូនដំបូងរបស់អ្នកទាំងពីរជាផ្លូវការដោយមានវត្តមានសិល្បករសិល្បការិនី ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនចូលរួម។
ក្នុងវេលាដ៏សែនរំភើបនេះអ្នកនាង នីរ័ត្ន និងស្វាមីបានដឹកដៃគ្នាយ៉ាងផ្អែមល្ហែមឡើងទៅកាន់លើឆាកនៃកម្មវិធីដើម្បីដំណើរការនៃការបើកទូសម្ងាត់ទម្លាយអាថ៌កំបាំងជាង ៧ ខែកន្លងមកនេះ។ ក្នុងនាមជាម្ដាយឪពុកថ្មោងថ្មីទាំងលោក ឌី ពេជ្រ និងពិធីការិនីធ្មេញច្រពើសបានបង្ហាញទឹកមុខរីករាយ ក្នុងចិត្តអន្ទះសាចង់ដឹងពីកូនរបស់អ្នកទាំងពីរក្រោមសំឡេងហ៊ោកញ្ច្រៀវទះដៃអបអរសាទរពីសំណាក់អ្នកចូលរួមទាំងអស់ក៏ព្រោះមិនមែនតែអ្នកដែលនៅខាងលើឆាកនោះទេសូម្បីតែភ្ញៀវកិត្តិយសដែលបង្ហាញវត្តមានចូលរួមនាថ្ងៃនោះក៏ចង់ដឹងដែរថាការទស្សន៍ទាយរបស់ពួកគេត្រូវដែរឬអត់? ខណៈអ្នកខ្លះបានទស្សន៍ទាយថាជាកូនប្រុស ឯអ្នកខ្លះទៀតក៏ថាជាកូនស្រី។







ពេលវេលាដ៏រំភើបក៏បានមកដល់ទ្វារប្រអប់អាថ៌កំបាំងត្រូវបានបើកបង្ហាញចេញនូវផ្នែកខាងក្នុងដែលមានពណ៌ខៀវស្រស់ដែលបញ្ជាក់យ៉ាងច្បាស់ថា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីទទួលបានកូនប្រុសជាចំណងដៃអាពាហ៍ពិពាហ៍។ ជាការពិតណាស់ ការរៀបចំកម្មវិធីរីករាយនេះឡើងគ្រាន់ ដើម្បីបង្ហាញជាផ្លូវការពីភេទរបស់កូនប៉ុណ្ណោះ តែចំពោះលទ្ធផលដែលទទួលបានមិនថាកូនស្រីឬប្រុសនោះទេអ្នកទាំងពីរសុទ្ធតែស្រលាញ់និងព្រមទទួលយកព្រោះជាចំណងដៃក្នុងជីវិតអាពាហ៍ពិពាហ៍៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/reel/1359921311892828
ប្រភពរូបភាព៖ Hin Channiroth























Account
Security
Favourite Content