នៅមិនប៉ុន្មានថ្ងៃទៀតនោះទេ ដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Queen Cambodia 2024 និង Mister Of Cambodia 2024 ភ្ជាប់ជាមួយការប្រកាសសម្ពោធ ស្វាគមន៍កម្មវិធី Miss Cambodia 2024 រួមជាមួយពិធីបំពាក់ឆៀង និងមកុដជូន Miss Celebrity Cambodia 2024 ក៏ដូចជា Miss Cosmoworld Cambodia 2024 ផងដែរ។
ក្នុងនោះ ម្ចាស់មកុដ Miss Cosmoworld Cambodia 2024 ក៏ជាមុខព្រួញសំខាន់ ដែលក្រុមអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាកំពុងរង់ចាំអ៊ុតមើល និងចង់ដឹងថា បវរកញ្ញាម្នាក់ណាដែលត្រូវបានក្រុមហ៊ុន CIM ជ្រើសតាំងជាបវរកញ្ញាតំណាងប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិប្រទេសម៉ាឡេស៊ី បន្ទាប់ពីកញ្ញា រ៉េត ស្រីនាថ Miss Cosmoworld Cambodia 2023។ ចំណុចដែលហ្វេនៗរឹតតែចង់ដឹងខ្លាំងនោះគឺ តើ Miss Cosmoworld Cambodia 2024 មានចំណុចខ្លាំងអ្វីខ្លះ ទើបធ្វើឱ្យនាងឆក់តំណែងដ៏សំខាន់មួយនេះបាន។


ពាក់ព័ន្ធរឿងនេះ អ្នកជិតស្និទ្ធជាមួយក្រុមហ៊ុនម៉ូដែលអន្តរជាតិកម្ពុជា បានបង្ហើបឱ្យដឹងថា បវរកញ្ញាដែលត្រូវជ្រើសតាំងជា Miss Cosmoworld Cambodia 2024 ជាស្ត្រីដ៏មានសក្តានុពលម្នាក់ក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ន។ បវរកញ្ញាដែលត្រៀមពាក់មកុដ Miss Cosmoworld Cambodia 2024 មានរូបសម្រស់ស្រស់ស្អាត មានទាំងចំណេះដឹងខ្ពស់ អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ។ ដែលសំខាន់ជាងនេះ គឺនាងមានទេពកោសល្យ និងសមត្ថភាពសិល្បៈខ្ពស់ ថែមទាំងធ្លាប់ប្រកួតកម្មវិធីផ្សេងៗពីមុនទៀតផង។ មិនតែប៉ុណ្ណោះ នាងក៏ជាតារាស្រីម្នាក់ដ៏មានប្រជាប្រិយភាពម្នាក់ ប្រសិនបង្ហើបឈ្មោះទៅគ្រប់គ្នាពិតជាស្គាល់ជាក់ជាមិនខានឡើយ។


លើសពីនេះទៀត នាងជាមនុស្សស្រីដែលមានការតាំងចិត្តខ្ពស់ និងមានឆន្ទៈក្នុងការប្រកួតប្រជែង សូម្បី លោក អេង ស៊ីម៉េង អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CIM ក៏បានងក់ក្បាលទទួលស្គាល់ចំណុចនេះផងដែរ។ តែលោកសុំមិនបញ្ជាក់អត្តសញ្ញាណបវរកញ្ញាម្នាក់នោះឡើយ ទុកឱ្យហ្វេនៗភ្ញាក់ផ្អើលពេលឃើញនាងដើរបង្ហាញខ្លួនលើវេទិកាពិធីបំពាក់ឆៀង និងមកុដ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ នៅសាលប្រជុំ The Manny Center នៃអគារ The Kampus៕























Account
Security
Favourite Content