ជារឿងនឹកស្មានមិនដល់ ការទៅមើលខនសឺតតារាចម្រៀង ជី ដេវីត អ្នកគាំទ្របានជួបស្នេហ៍ពិត។ ថ្មីៗនេះផ្ទុះការចែករំលែកហ្វេនរបស់តារាចម្រៀងរ៉េបម្ចាស់បទ «នារី Dior» បានក្លាយជាគូស្នេហ៍ក្នុងជីវិតពិត ថែមទាំងត្រៀមខ្លួនចូលរោងការឆាប់ៗទៀតផង។
ផ្ដើមចេញពីអ្នកគាំទ្រក្លាយជាគូស្នេហ៍ក្នុងជីវិតពិត នៅលើអាខោនហ្វេសបុករបស់នារីម្នាក់ដែលមានឈ្មោះ ABëë បានបង្ហោះរូបថត Pre-wedding របស់ខ្លួន និងគូដណ្ដឹងដោយភ្ជាប់ជាមួយ caption ថា៖«ដោយសារតែក្ដីស្រលាញ់ និងការគាំទ្របងវីត G-Devith ទើបពួកខ្ញុំទាំងពីរបានស្គាល់គ្នាជាគូជីវិត អ្នកដែលមិនទាន់មានគូ ជូនពរជួបស្នេហ៍ពិតនៅ concert បងវីតដូចពួកខ្ញុំដែរណា»។ តាមរយៈរូបភាពដែលបានបង្ហោះនៅគណនីហ្វេសបុកខាងលើបានបង្ហាញបន្ថែមថា មែនទែនទៅអ្នកទាំងពីរមិនត្រឹមទៅចូលរួមការប្រគំតន្ត្រីរបស់តារាចម្រៀង ជី ដេវីត ថែមទាំងបានថតរូបជាមួយគ្នាទៀតផង។ ជាលទ្ធផល អ្នកទាំងពីរក៏បានស្រលាញ់គ្នា និងបានភ្ជាប់ពាក្យ ត្រៀមខ្លួននឹងចូលរោងការនាចុងឆ្នាំនេះហើយ។
ក្រោយការបង្ហោះ និងចែកចាយរូបភាពខាងលើមហាជនបាននាំគ្នាចូលខមិនអបអរសាទរអ្នកទាំងពីរដែលបានក្លាយជាគូស្នេហ៍ក្នុងជីវិតពិត ដោយផ្ដើមចេញពីអ្នកគាំទ្រលោក ជី ដេវីត ដូចគ្នា ខណៈអ្នកខ្លះខមិនសុំឱ្យខ្លួនដូចគេដែរ ព្រោះទៅមើលការប្រគំតន្រ្តីរហូត តែមិនដែលបានជួបសោះ។ ដោយឡែកតារាចម្រៀងរ៉េប លោក ជី ដេវីត ក៏បានចូលរួមអបអរសាទរគូស្នេហ៍ទាំងពីរ តាមរយៈឆាតនៅក្នុងហ្វេសបុកផងដែរ៕