កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ Jennie សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Seasons: Lee Hyori’s Red Carpet រដូវកាលទី ៤ ជាលើកដំបូងក្នុងនាមជាតារាក្នុងក្រុមហ៊ុន ODD ATELIER ឬ OA។

នៅក្នុងកម្មវិធីនោះដែរ នាងក៏បានលើកយកបទ You & Me មកសម្ដែងជូនអ្នកគាំទ្រក្នុងស្រុកទស្សនាជាលើកទីមួយ បន្ទាប់ពីចេញអស់ជាយូរ និងសម្ដែងលើឆាកប្រគំតន្ដ្រីក្រៅស្រុកជាច្រើនផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ Jennie បានច្រៀង cover បទ Miss Korea របស់រៀមច្បង Lee Hyori។
ក្រោយកម្មវិធីចាក់ផ្សាយ មហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់កំពូលតារាចម្រៀងទាំងពីរនាក់នេះបានលាន់មាត់សរសើរចំពោះទេពកោសល្យរបស់ Jennie ជាខ្លាំង។ មនុស្សជាច្រើនសរសើរថានាងពិតជាមានសំឡេងស័កិ្ដសមជាមួយបទចម្រៀង ខណៈមួយចំនួនសរសើរអំពីភាពរស់រវើក ភាគទាក់ទាញគួរឱ្យស្រឡាញ់ និងការដាក់អារម្មណ៍ចូលបទចម្រៀងមួយនេះមែនទែន។

មិនត្រឹមប៉ុណ្ណេះ តារាចម្រៀង Lee Hyori ក៏ឡើងច្រៀងជាមួយ Jennie ដែរដែលសំឡេង ការសម្ដែង និងមនោសញ្វេតនារបស់អ្នកទាំងពីរពិតជាធ្វើឱ្យបទ Miss Korea កាន់តែទាក់ទាញហើយស្ដាប់ទៅពិរោះរណ្ដំតែម្ដង។ ដោយសារតែការសម្ដែងរបស់អ្នកទាំងពីរពិតជាទទួលបានការគាំទ្រច្រើនលើសលប់បានធ្វើឱ្យមហាជន និងអ្នកលេងអ៊ីនធឺណេតទទូចសំណូមពរ និងសង្ឃឹមថាពួកគេចេញបទចម្រៀង Miss Korea រួមគ្នាជាផ្លូវការផងដែរ។


គួរបញ្ជាក់ថា បទចម្រៀង Miss Korea ត្រូវបានតែងនិពន្ធដោយតារាចម្រៀង Lee Hyori ហើយអត្ថន័យនៃបទចម្រៀងមួយនេះគឺជាសារលួងលោម និងផ្ដល់ក្ដីសង្ឃឹមទៅកាន់នារីនៅប្រទេសកូរ៉េខាងត្បូងទាំងអស់ដោយប្រៀបធៀបភាពស្រស់ស្អាតរបស់នាងដូចទៅនឹងបវរកញ្ញាកូរ៉េ។ ក្រោយការបញ្ចេញជាផ្លូវការ បទចម្រៀង Miss Korea បានទទួលការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ទូទាំងប្រទេស ជាពិសេសអ្នកគាំទ្រនារីៗ ៕





















































Account
Security
Favourite Content