កាលពីថ្ងៃទី៦ ខែមករានេះ Minnie សមាជិកក្រុម (G)I-DLE ទើបតែបានបង្ហាញមុខក្នុងអាជីពទោល តាមរយៈស្នាដៃបទថ្មី Blind Eye Red។ ដោយឡែក ក្រៅពីការសង្កេតមើលទៅលើសមត្ថភាព អ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភនឹងរូបរាងស្គមស្គាំងរបស់នាង។
ជាក់ស្ដែង នៅក្នុងវីដេអូបទ Blind EyeS Red ដែលជាចម្រៀងទោលទីមួយ ហើយក៏ជាការងារសហនិពន្ធរបស់តារាស្រីវ័យ ២៧ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៅនឹងឈុតឆាកដែលនាងបានស្លៀករ៉ូបបង្ហាញខ្នងខាងក្រោយ រហូតអាចមើលឃើញយ៉ាងច្បាស់ពីឆ្អឹងខ្នងជាជួរ។
តាមរយៈការបកប្រែរបស់ AllKpop អ្នកគាំទ្រម្នាក់បានបង្ហាញកង្វល់ទៅលើតារាក្នុងដួងចិត្តរបស់ខ្លួនថា៖ “ឆាកដែលបង្ហាញឆ្អឹងរបស់នាងគឺគ្រោះថ្នាក់ណាស់ ហេតុអីចាំបាច់មានអ្វីបែបនេះដែរ?”។
អ្នកគាំទ្រម្នាក់ទៀតក៏បានបង្ហាញការព្រួយបារម្ភស្របគ្នា ទន្ទឹមនឹងការលើកទឹកចិត្តឱ្យ Minnie ទទួលទានអាហារឱ្យច្រើនជាងមុនថា៖ “យើងអាចឃើញឆ្អឹងរបស់នាងបានច្បាស់តែម្ដង។ វាប្រហែលជាធ្វើឡើង ដើម្បីឱ្យត្រូវទៅនឹងគោលគំនិតនៃវីដេអូ តែសុំអង្វរ ឱ្យ Minnie ញ៉ាំបាយមួយថ្ងៃ ៥ពេលទៅ”។

ដោយឡែក អ្នកគាំទ្រមួយចំនួនទៀតយល់ឃើញថា វីដេអូចម្រៀងនេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពរបស់ Minnieតែមួយនោះទេ តែវាក៏អាចជះឥទ្ធិពលមិនល្អទៅកាន់ក្មេងស្រីៗដទៃទៀតផងដែរ ដោយហេតុថា វីដេអូនេះអាចធ្វើឱ្យពួកគេព្យាយាមបង្អត់អាហារ ដើម្បីទទួលបានរូបរាងដូចគ្នានឹងតារាចម្រៀងខាងលើ។
តាមរយៈប្រភពដដែល ទស្សនិកជនម្នាក់បានប្រឆាំងនឹងគោលគំនិតនៃវីដេអូចម្រៀងមួយនេះថា៖ “ខ្ញុំពិតជាព្រួយបារម្ភមែនទែននៅពេលដែលឮក្មេងៗរៀនថ្នាក់បឋមនិយាយថាពួកគេត្រូវតមអាហារ ឬសម្រកទម្ងន់។ ទាំងនេះក៏ដោយសារតែ នៅពេលដែលនរណាម្នាក់ឡើងគីឡូបន្តិច សង្គមតែងតែមានរឿងនិយាយពីគេតែម្ដង។ ខ្ញុំគិតថា សិល្បករក៏ជាជនរងគ្រោះនៃគំនិតអាក្រក់ៗនេះដែរ ហើយវាក៏ទំនងជាគ្មានថ្ងៃនឹងចប់ដែរ”។
ទន្ទឹមគ្នានេះ មានការលើកឡើងថា វាអាចគ្រាន់តែជាវីដេអូកាត់តតែប៉ុណ្ណោះ ក៏ប៉ុន្តែទោះបីជាយ៉ាងណាការបង្ហាញរូបរាងស្គមខ្លាំងបែបនេះនៅតែជារឿងដែលមិនគួរដដែល។ ទស្សនិកជនមួយរូបដោយឡែកនិយាយថា៖ “វាអាចនឹងជា CGI ក៏ប៉ុន្តែហេតុអីត្រូវមានឈុតឆាកបែបនេះ? វាពិតជាគ្រោះថ្នាក់ណាស់”៕
























































Account
Security
Favourite Content