កំពូលតារាស្រីឆ្នើម ស៊ីន យូប៊ីន ធ្វើឲ្យហ្វេនៗរបស់នាងស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីក្រុមហ៊ុនសាមសុងប្រកាសតំណែងទូតសុឆន្ទៈ (Brand Ambassador) ដល់នាង លើផ្នែកអេឡិចត្រូនិក បន្ថែមពីលើតំណែង ជា BA ផ្នែកទូរស័ព្ទស៊េរីទំនើបរបស់សាមសុង។

ពិធីប្រកាស BA ថ្មីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ប្រកបដោយប្រណីតភាព និងភាពទំនើបស៊ីវិល័យស័ក្ដិសមការរស់នៅក្នុងយុគសម័យថ្មី ជាមួយបច្ចេកវិទ្យា AI ដ៏ទំនើបនាំមកជូនដោយក្រុមហ៊ុនស្តង់ដារអន្តរជាតិនេះ។
យូប៊ីន ត្រូវបានក្រុមហ៊ុនលំដាប់អន្តរជាតិនេះ ផ្ដល់ទំនុកចិត្តជ្រើសរើសឲ្យធ្វើជា BA លើផ្នែកអេឡិចត្រូនិក ធ្វើឲ្យនាងមានឱកាសបង្ហាញពីគ្រឿងបរិក្ខារទំនើបៗ សម្រាប់ការប្រើប្រាស់ប្រចាំថ្មី។ រឹតតែពិសេសជាមួយគ្រឿងបរិក្ខារ និងសម្ភារៈផ្ទះបាយស៊េរីទំនើប បំពាក់បច្ចេកវិទ្យា AI ដំបូងគេ ដែលនឹងផ្ដល់បទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់។

ក្រឡេកទៅមើលហ្វេនៗឯណោះវិញ រំភើបចិត្តជាខ្លាំងដែល Idol ក្នុងដួងចិត្ត របស់ពួកគេទទួលបានតំណែងធំថ្មីពីក្រុមហ៊ុនយក្សមួយនេះ។ បណ្ដាអ្នកគាំទ្រ ស៊ីន យូប៊ីន បានដាក់រហស្សនាមឲ្យនាងថា «Queen of BA» ឬ «រាជិនីនៃទូតឆន្ទៈ» ដោយសារតែពួកគេមើលឃើញថាតួឯករឿង «លួចស្នេហ៍គូដណ្ដឹង» ជាតារាស្រីដ៏មានសមត្ថភាព អាចក្ដោបក្ដាប់តំណែងជាទូតសុឆន្ទៈ (BA) ក្រុមហ៊ុន និងប្រេនជាតិ-អន្តរជាតិ ជាច្រើនដែលសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះបោះសំឡេង។ សូម្បីក្រុមហ៊ុនយក្សដែលផ្អាកជ្រើសរើសអ្នកតំណាងច្រើនឆ្នាំមួយនេះ ក៏មើលឃើញពីសក្ដានុពលរបស់តារាស្រីរូបនេះ ហើយប្រកាសជា BA ២ ដងផ្ទួនៗក្នុងឆ្នាំតែមួយ។
បច្ចុប្បន្នតារាស្រីដ៏មានឥទ្ធិពល ស៊ីន យូប៊ីន ក្រសោបតំណែងទូតសុឆន្ទៈ (Brand Ambassador) ក្រុមហ៊ុន និងបណ្តាប្រេនជាតិ-អន្តរជាតិជាច្រើន រួមមាន៖ Pedro, Calvinklien, Fendi, Casa, T-one, Samsung Smart Phone, Samsung electronics, Rejuvinus, MG, Chipmong Mall និង Chipmong Land និងប្រេនធំៗជាច្រើនទៀត ធ្វើឲ្យសន្ទុះទីផ្សារការងារនាងខ្លាំងមិនខ្ចីថមថយនោះឡើយ។
ទោះបីការងារសិល្បៈមមាញឹកខ្លាំងកម្រិតណា ក៏ យូប៊ីន បំពេញតួនាទី និងភារកិច្ចជាទូតសុឆន្ទៈបានយ៉ាងល្អល្អះ ស័ក្ដិសមកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញជាកំពូលតារាស្រីលំដាប់ប្រទេស។

គួរឲ្យស្ញប់ស្ញែងខ្លាំងមែនទែន រយៈពេល១ខែចុងក្រោយនេះ យូប៊ីន ត្រូវបានប្រកាសតំណែងជា BA ៣ ដងផ្ទួនៗគ្នា ត្រូវទៅនឹងរហស្សនាម «Queen of BA» ដែលហ្វេនៗដាក់ឲ្យតែម្ដង។ មិនទាន់អស់នៅឡើយទេ ប្រភពជិតដិតជាមួយតារាស្រីរូបនេះ បានបង្ហើបឱ្យឲ្យដឹងថា យូប៊ីន ត្រៀមចុះកុងត្រាជាទូតសុឆន្ទៈឲ្យក្រុមហ៊ុន ៣ បន្ថែមទៀតនាពេលឆាប់ៗ ថែមទាំងត្រៀមភាពភ្ញាក់ផ្អើលមកពញ្ញាក់អារម្មណ៍ហ្វេនៗថែមទៀតផង ដូច្នេះកុំភ្លេចរង់ចាំអ៊ុតមើលទាំងអស់គ្នា ធានាមិនខកបំណងនោះឡើយ៕







































Account
Security
Favourite Content