ថ្មីៗ នេះ តារាសម្ដែងស្រីចិនល្បីឈ្មោះ Fan BingBing ត្រូវបានមហាជនប្រទះឃើញបង្ហាញភាពស្និទ្ធិស្នាលជាមួយមិត្តប្រុសដែលជាអគ្គនាយកនៃក្រុមហ៊ុនហិរញ្ញវត្ថុធំមួយក្នុងប្រទេសចិនលោក Guo YanFeng ខណៈអ្នកទាំងពីរបានសេពគប់មើលចិត្តថ្លើមប្រហែលជិត ២ ឆ្នាំទៅហើយ។ នេះបើតាមប្រភពព័ត៌មានចិន ១៦៣។
មែនទែនទៅ បើតាមប្រភពព័ត៌មានចិន លោក Guo YanFeng ជាមនុស្សម្នាក់ដែលនៅក្បែរផ្ដល់កម្លាំងចិត្តដល់តារាស្រី Fan BingBing នៅពេលដែលនាងជួបបញ្ហាក្នុងពិភពសិល្បៈ និងត្រូវផ្អាកការងារ។ លោកក៏ជាមនុស្សម្នាក់ដែលគាំទ្រពីក្រោយប្រេនគ្រឿងសម្អាង Fan Beauty របស់នាងដូចគ្នា។
ជាមួយគ្នាដែរ នៅថ្ងៃទី ៨ ខែ កុម្ភះ ឆ្នាំ ២០២៣ កន្លងទៅ អ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅឆ្នេរសមុទ្រមួយកន្លែង ដោយតារាស្រី Fan BingBing មានការងារត្រូវថតទីនោះ។ លោក Guo YanFeng ពិតជាយកចិត្តទុកដាក់នឹងមិត្តស្រី និងឈរចាំរហូតដល់នាងបញ្ចប់ការងារទាំងអស់ទៀតផង។ ថែមពីនោះ មានទាំងត្រៀមអាវក្រៅដើម្បីទុកដណ្ដប់ឱ្យមិត្តស្រីដែលធ្វើឱ្យមហាជនជឿថា ទំនាក់ទំនងរបស់អ្នកទាំងពីរពិតមានភាពផ្អែមល្ហែមខ្លាំង។
បើតាមប្រភពព័ត៌មានផ្ទៃក្នុងមួយចំនួនបានលើកឡើងថា លោក Guo YanFeng ពិតជាស្រឡាញ់ និងយកចិត្តទុកដាក់ខ្លាំងចំពោះ Fan BingBing ថែមទាំងបានសុំនាងរៀបការរួចរាល់ហើយ។ តែយ៉ាងណាមិញ អ្នកទាំងពីរមិនទាន់រៀបការដោយសារតែម្ដាយឳពុករបស់ Fan BingBing ហាក់មិនសូវពេញចិត្តលោក Guo YanFeng។
ចំពោះមូលហេតុ លោកធ្លាប់មានភរិយា និងកូនម្នាក់រួចទៅហើយ បើទោះជាបានលែងលះគ្នាដាច់ស្រេចក៏ធ្វើឱ្យម្ដាយឳពុករបស់ Fan BingBing នៅតែមិនទាន់អាចស្ងប់ចិត្តលើកកូនស្រីទៅឱ្យលោកមើលថែរក្សា។
គួរបញ្ជាក់ថា លោក Guo YanFeng បច្ចុប្បន្នមានអាយុ ៤១ ឆ្នាំ ក្រៅពីមានឋានៈជាអគ្គនាយកនៃក្រុមហ៊ុនហិរញ្ញវត្ថុធំមួយក្នុងប្រទេសចិន លោកក៏អតីតអ្នកធំមានមុខមាត់ក្នុងជួរទាហានកងទ័ពប្រទេសចិនផងដែរ៕























Account
Security
Favourite Content