មុនសាងបានកេរឈ្មោះល្បីល្បាញក្នុងវិស័យភាពយន្តដូចសព្វថ្ងៃនេះ ស្រីស្អាត ហ្វាហ្វា ក៏ជាអតីតបវរកញ្ញាម្នាក់ ដែលធ្លាប់តំណាងកម្ពុជាចូលរួមប្រកួតប្រជែងកម្មវិធី Miss CosmoWorld 2018 នៅប្រទេសម៉ាឡេស៊ី ដោយពេលនោះនាងទទួលបានជយលាភី Top 8 ពីការប្រកួតអន្តរជាតិមួយនោះ។



ក្រោយត្រឡប់មកវិញ តារាស្រីសាច់សខ្ចីរូបនេះបានប្រើប្រាស់បទពិសោធន៍ការប្រកួត និងទេពកោសល្យសិល្បៈពីកំណើតមកអភិវឌ្ឍសមត្ថភាព រហូតសាងបានកេរឈ្មោះល្បីល្បាញ និងមានគេស្គាល់ទូទាំងប្រទេសបែបនេះ។ ច្រើនឆ្នាំកន្លងផុតទៅ ហ្វាហ្វា ស្រាប់តែមានឱកាសបានត្រឡប់មករំលឹកវិជ្ជាគុនចាស់របស់នាង ដែលកប់ទុករយៈពេល ៦ ឆ្នាំមកហើយ នោះគឺការដើរម៉ូដ។
តួយ៉ាងថ្មីៗនេះតារាស្រីរូបស្រស់នេះ បានបង្ហោះវីដេអូខ្លីមួយពីសកម្មភាពនៃការហាត់រៀនដើរម៉ូដឡើងវិញរបស់នាង ជាមួយតារាម៉ូដែល ឌី ឧស្សហ៍ ដែលជាគ្រូប្រចាំរបស់សាលាបង្រៀនដើរម៉ូដ អូលីវ៉ា គង់។ ក្នុងនោះផងដែរ ហ្វាហ្វា បានរៀបរាប់ដោយក្តីនឹករលឹកថា «រំលឹកវិជ្ជាគុណ ខានដើរ 6 ឆ្នាំហើយចាអតីត Miss CosmoWorld Cambodia 2018»។


ថ្វីបើខកខានការដើរម៉ូដរយៈច្រើនឆ្នាំក៏ពិតមែន តែសមត្ថភាពរបស់តារាស្រីរូបនេះនៅតែល្អប្រសើរ ដោយនាងចាប់យកគន្លឹះនៃការដើរ Catwalk បានយ៉ាងឆាប់រហ័ស និងអាចដើរបានយ៉ាងល្អទៀតផង។
តាមការបង្ហើបឱ្យដឹងពីគ្រូបង្រៀននៅទីនោះ ការដែល ហ្វាហ្វា មករំលឹកវិជ្ជាគុនចាស់នេះ គឺដោយសារនាងទើបត្រូវបានស្ថាប័នរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand Siem Reap 2024 ប្រកាសជាគណៈកម្មការកិត្តិយសក្នុងការដាក់ពិន្ទុក្នុងការប្រកួត ដើម្បីសម្រិតសម្រាំងរករាជនីសម្រស់ប្រចាំខេត្តសៀមរាប។ ដូច្នេះ ទើបនាងឆ្លៀតឱកាសនេះរំលឹកការដើរម៉ូដរបស់ខ្លួនតែម្តង។ តែសម្រាប់គម្រោងថា នឹងត្រឡប់ចូលប្រកួតកម្មវិធីសម្រស់ម្តងទៀតឬយ៉ាងណានោះ គឺគ្មានអ្នកដឹងឡើយ ព្រោះ ហ្វាហ្វា មិនបានបង្ហើបពីរឿងនោះទេ។

ពាក់ព័ន្ធរឿងនេះដែរ កន្លងមកតារាសម្តែងស៊ិចស៊ី ហ្វាហ្វា ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងគ្មានគម្រោងត្រឡប់មកប្រឡូកវិស័យបវរកញ្ញាម្តងទៀតឡើយ ព្រោះជាប់រវល់ការងារសិល្បៈច្រើនខ្លាំង ម៉្យាងក៏ចង់ទុកឱកាសឱ្យអ្នកជំនាន់ក្រោយផងដែរ។ លុះបច្ចុប្បន្នតារាស្រីរូបនេះ ក៏ឡើងតំណែងជាថៅកែស្រីហាងគុយទាវ ណងហ្វា ទៀត ដូច្នេះគេពុំដឹងថា ការសម្រេចចិត្តរបស់នាងយ៉ាងណាឡើយ មានតែរង់ចាំមើលតាមដានទាំងអស់គ្នា៕


























































Account
Security
Favourite Content