ចូលរួមរំលែកទុក្ខផង! តារាកំប្លែង អៀង ចេនឡា ទទួលមរណភាពមុននេះបន្តិច

ជាដំណឹងដ៏សោកសៅសម្រាប់ក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្តទាំងក្នុង និងក្រៅរង្វង់សិល្បៈ ក៏ដូចជាទស្សនិកជនដែលជាអ្នកគាំទ្រលោក អៀង ចេនឡា ដោយមុននេះបន្តិចពិធីករ សុខ រ៉ាស៊ី ត្រូវជាប្អូនប្រុសបានបង្ហោះឱ្យដឹងដំណឹងដ៏ក្រៀមក្រំថា តារាសម្ដែង និងជាតារាកំប្លែង លោក អៀង ចេនឡា បានទទួលមរណភាពហើយ នៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

តាមរយៈរូបភាពជាច្រើនសន្លឹក បង្ហាញឱ្យឃើញថាពេលនេះក្រុមគ្រួសាររបស់លោក បានកំពុងរៀបចំពិធីបុណ្យសពជូន លោក អៀង ចេនឡា តាមប្រពៃណី។ ភ្ជាប់ជាមួយរូបថតទាំងនោះ គេឃើញ សុខ រ៉ាស៊ី រៀបរាប់យ៉ាងកម្សត់ថា៖ «ហេតុអីទេវតាធ្វើបាបខ្ញុំម្លេះ បងប្អូនមានតែពីរនាក់ ឥលូវបងប្រុសខ្ញុំចាកចេញទៅម្នាក់ទៀតហើយ!»។ នេះចាត់ទុកជាដំណឹងដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ និងសាច់ញាតិបងប្អូនអ្នកស្គាល់ លោក អៀង ចេនឡា ដោយលោកបែកទៅគ្មានថ្ងៃត្រឡប់វិញ។

លោក អៀង ចេនឡា ដំបូងឡើយលោកមានជំងឺទឹកដក់ក្នុងសួត។ ប៉ុន្ដែស្ថានភាព​សុខភាព​របស់​លោក​បាន​ធូរ​ស្រាយវិញហើយ បន្ទាប់​ពីបាន​ចោះ​ឆ្អឹងជំនី​ផ្នែក​ខាង​ក្រោយ​ ដើម្បី​បូម​យក​ទឹក​ចេញ​ពី​សួត ​កាល​ពីអំឡុង​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​ ២០២១។ ស្រាប់តែថ្មីៗនេះ អាការៈរបស់លោកបានរើឡើងជាថ្មី ព្រមទាំងមានសភាពធ្ងនធ្ងរ និងត្រូវបានបញ្ជូនឱ្យមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ អាការៈចុងក្រោយរបស់ អៀង ចេនឡា ត្រូវគេដឹងថា មានអាការរវើយរវាយ និងបាត់បង់ស្មារតីទៅហើយ ដោយសារតែលោកមានជំងឺរលាកស្រោមខួរក្បាល។ តាមការឱ្យដឹងពី លោក សុខ រ៉ាស៊ី កន្លងមក ក្រុមគ្រួសាររបស់លោកក៏មានគម្រោងនាំលោកទៅព្យាបាលនៅក្រៅប្រទេសផងដែរ ប្រសិនមានសប្បុរសជនបន្តជួយជាថវិកា។ តែយ៉ាងណា ដោយសារស្ថានភាពជំងឺកូវីដ១៩ មិនស្រាកស្រាន្តទើបតម្រូវឱ្យធ្វើការព្យាបាលក្នុងស្រុកយ៉ាងដូច្នេះ។

ក្រុមការងារ AMS សូមចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារ លោក អៀង ចេនឡា!