ទស្សនាវដ្ដីអាមេរិក People កាលពីថ្ងៃទី២២ ខែមេសា បានប្រកាសឈ្មោះតារាស្រីដែលជាប់តំណែងជាស្រីស្អាតបំផុតលើពិភពលោកប្រចាំឆ្នាំរបស់ខ្លួន ដោយអ្នកជាប់ក្នុងឆ្នាំ២០២៥នេះគឺតារាសម្ដែងជើងចាស់ Demi Moore។


តារាសម្ដែងស្រីដែលមួយរយៈចុងក្រោយបានទទួលភាពល្បីល្បាញខ្លាំងតាមរយៈភាពយន្ត “The Substance” ថ្មីៗនេះត្រូវបានទស្សនាវដ្ដី People ដាក់ឈ្មោះថាជាស្រីស្អាតជាងគេបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៥។
ក្នុងវ័យ ៦២ ឆ្នាំ តារាសម្ដែង Moore ថ្មីៗនេះបានបង្ហាញស្នាដៃសម្តែងកម្រិតពានរង្វាន់នៅក្នុងខ្សែភាពយន្តរន្ធត់បែបវិទ្យាសាស្ត្រ “The Substance” ដោយក្នុងរឿងនោះអ្នកស្រីបានសម្ដែងជាគ្រូហាត់ប្រាណវ័យចំណាស់ម្នាក់ដែលបានប្រើប្រាស់សេវាចាក់ថ្នាំក្នុងទីផ្សារងងឹតដើម្បីប្រែខ្លួនឱ្យក្មេងជាងវ័យ។

ផ្ដល់បទសម្ភាសជាមួយទស្សនាវដ្ដី People តារាសម្ដែងជើងចាស់រូបនេះបាននិយាយថាខ្លួនពិតជាសប្បាយចិត្តខ្លាំងដែលបានទទួលបានពានរង្វាន់កំពូលសម្រស់ប្រចាំឆ្នាំរបស់ទស្សនាវដ្ដីនេះ ព្រមទាំងបានឆ្លុះបញ្ចាំងពីដំណើរឆ្លងកាត់ឧបសគ្គ និងភាពសប្បាយរីករាយក្នុងជីវិត រួមទាំងភាពជាម្តាយ និងអាជីពសម្តែងរបស់អ្នកស្រីផងដែរ។
ត្បិតតែមិនបានឈ្នះពានរង្វាន់ Oscar ក៏ដោយ ប៉ុន្តែភាពយន្ត “The Substance” បានធ្វើឱ្យអ្នកស្រីដណ្ដើមបានពានរង្វាន់ពីកម្មវិធីធំៗផ្សេងៗជាច្រើនជាលើកដំបូងក្នុងជីវិតដូចជាកម្មវិធី Golden Globe និង Screen Actors Guild ដែលធ្វើឱ្យអ្នកស្រីកាន់តែមានភាពជឿជាក់ថាអាយុមិនមែនជាកត្តាកំណត់ភាពជោគជ័យនោះឡើយ។ បទសម្ភាសជាច្រើនទៀតរបស់អ្នកស្រីនឹងត្រូវលាតត្រដាងក្នុងលេខថ្មីរបស់ទស្សនាវដ្ដី People ដែលចេញផ្សាយនៅថ្ងៃទី ២៥ ខែមេសានេះ ៕






























Account
Security
Favourite Content