ក្ដៅគគុក! Brooklyn Beckham ចេញសាររិះគន់ឪពុកម្តាយធ្ងន់ៗ ខណៈបង្ហាញជំហរមិនផ្សះផ្សារជាមួយគ្រួសារដាច់ខាត

Brooklyn Beckham ដែលជាកូនប្រុសច្បងរបស់វីរបុរសក្រុម Manchester United – David Beckham និងសមាជិកក្រុម Spice Girls – Victoria Beckham បានទម្លាយភាពស្ងប់ស្ងាត់ជុំវិញជម្លោះគ្រួសាររបស់លោក។

តារាម៉ូដែលវ័យ ២៦ ឆ្នាំដែលបច្ចុប្បន្នជាចុងភៅមួយរូបដែររូបនេះ បានរក្សាគម្លាតពីគ្រួសារមួយរយៈមកហើយ ដែលគេជឿថាបានចាប់ផ្តើមបន្ទាប់ពីលោកបានរៀបការជាមួយតារាសម្តែងស្រី Nicola Peltz Beckham ដែលមានវ័យ ៣១ ឆ្នាំក្នុងឆ្នាំ ២០២២។ ឥឡូវនេះ កូនប្រុសត្រកូល Beckham រូបនេះបាននិយាយជាសាធារណៈជាលើកដំបូងអំពីការបែកបាក់ក្នុងគ្រួសារ កាលពីថ្ងៃច័ន្ទ (១៩ មករា) លោកបានចែករំលែកសេចក្តីថ្លែងការណ៍យ៉ាងវែងអន្លាយនៅលើ Instagram Stories ដែលមានរហូតដល់ ៦ ផុស។

ក្នុង Story ដំបូង Brooklyn Beckham បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចង់ផ្សះផ្សាជាមួយគ្រួសារឡើយ៖

«ខ្ញុំបានរក្សាភាពស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំ ហើយបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរក្សារឿងទាំងនេះជាលក្ខណៈឯកជន។ ប៉ុន្តែ ឪពុកម្តាយខ្ញុំ និងក្រុមការងារពួកគាត់បានបន្តផ្តល់ព័ត៌មានទៅកាន់សារព័ត៌មាន ដែលធ្វើឱ្យខ្ញុំគ្មានជម្រើសអ្វីក្រៅពីចេញមកនិយាយដើម្បីការពារខ្លួនឯង និងប្រាប់ការពិតអំពីការភូតភរមួយចំនួនដែលត្រូវបានគេចុះផ្សាយ។

ខ្ញុំមិនចង់ផ្សះផ្សាជាមួយគ្រួសារខ្ញុំទេ។ ខ្ញុំមិនមែនត្រូវបានគេបញ្ជាឡើយ គឺខ្ញុំកំពុងក្រោកឈរដើម្បីខ្លួនឯងជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំ។ ពេញមួយជីវិត ឪពុកម្តាយខ្ញុំតែងតែគ្រប់គ្រងរឿងរ៉ាវនៅលើសារព័ត៌មានអំពីគ្រួសារយើង។ ការបង្ហោះលើបណ្តាញសង្គមបែបសម្ដែង ការចូលរួមព្រឹត្តិការណ៍គ្រួសារ និងទំនាក់ទំនងដែលមិនមែនជាការពិត គឺជាអ្វីដែលខ្ញុំត្រូវជួបតាំងពីកើតមក។

ថ្មីៗនេះ ខ្ញុំបានឃើញនឹងភ្នែកនូវអ្វីដែលពួកគាត់ហ៊ានធ្វើ ដើម្បីចែកចាយការភូតភររាប់មិនអស់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដែលភាគច្រើនធ្វើឱ្យប៉ះពាល់ដល់អ្នកដែលមិនដឹងអី គ្រាន់តែដើម្បីរក្សាមុខមាត់របស់ពួកគាត់។ ប៉ុន្តែខ្ញុំជឿថាការពិតតែងតែត្រូវបានលាតត្រដាង»។

ក្នុង Story ទីពីរ Brooklyn Beckham បានចោទប្រកាន់ឪពុកម្តាយថាចង់បំផ្លាញទំនាក់ទំនងស្នេហារបស់លោក។

Brooklyn ដែលដំបូងឡើយមានទំនាក់ទំនងស្នេហាជាមួយ Nicola Peltz បន្ទាប់ពីពួកគេត្រូវបានគេប្រទះឃើញនៅឯពិធីជប់លៀង Halloween ជាមួយគ្នាក្នុងខែតុលា ឆ្នាំ២០១៩ បានអះអាងថា៖

«ឪពុកម្តាយខ្ញុំបានព្យាយាមឥតឈប់ឈរដើម្បីបំផ្លាញទំនាក់ទំនងរបស់ខ្ញុំ តាំងពីមុនពេលអាពាហ៍ពិពាហ៍ ហើយវានៅតែមិនទាន់ឈប់។ ម៉ាក់របស់ខ្ញុំបានលុបចោលការធ្វើរ៉ូបការឱ្យ Nicola នៅនាទីចុងក្រោយ បើទោះបីជានាងរំភើបចិត្តខ្លាំងក្នុងការស្លៀកឈុតដែលគាត់រចនាក៏ដោយ ដែលបង្ខំឱ្យនាងត្រូវប្រញាប់ប្រញាល់រកឈុតថ្មី។

ប៉ុន្មានសប្តាហ៍មុនថ្ងៃរៀបការរបស់យើង ឪពុកម្តាយខ្ញុំបានដាក់សម្ពាធម្តងហើយម្តងទៀត និងព្យាយាមសូកប៉ាន់ឱ្យខ្ញុំចុះហត្ថលេខាលើឯកសារលះបង់សិទ្ធិលើឈ្មោះត្រកូលរបស់ខ្ញុំ ដែលវានឹងប៉ះពាល់ដល់ខ្ញុំ ភរិយា និងកូនៗនាពេលអនាគត។ ពួកគាត់ទទូចឱ្យខ្ញុំចុះហត្ថលេខាមុនថ្ងៃការ ព្រោះកិច្ចព្រមព្រៀងនឹងចូលជាធរមានភ្លាមៗ។ ការដែលខ្ញុំមិនព្រមចុះហត្ថលេខាបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់ ហើយពួកគាត់មិនដែលប្រព្រឹត្តមកលើខ្ញុំដូចដើមឡើយចាប់តាំងពីពេលនោះមក”។

Story ទីបី Beckham បានរៀបរាប់លម្អិតបន្ថែមអំពីរបៀបដែលថ្ងៃមង្គលការរបស់លោកត្រូវរំខានដោយសកម្មភាពគ្រួសារ៖

«យប់មុនថ្ងៃការ សមាជិកគ្រួសារខ្ញុំបានប្រាប់ខ្ញុំថា Nicola ‘មិនមែនជាសាច់ឈាម’ និង ‘មិនមែនជាគ្រួសារ’ ឡើយ។ ចាប់តាំងពីពេលដែលខ្ញុំចាប់ផ្តើមក្រោកឈរដើម្បីខ្លួនឯង ខ្ញុំបានរងការវាយប្រហារមិនចេះចប់ពីឪពុកម្តាយខ្ញុំ ទាំងជាលក្ខណៈឯកជន និងជាសាធារណៈ។ សូម្បីតែប្អូនៗរបស់ខ្ញុំ ក៏ត្រូវបានគេបញ្ជាឱ្យមកវាយប្រហារខ្ញុំលើបណ្តាញសង្គមដែរ មុនពេលពួកគាត់ Block ខ្ញុំដោយគ្មានមូលហេតុកាលពីរដូវក្តៅមុន។

ម៉ាក់ខ្ញុំបានដណ្ដើមយកវគ្គរាំដំបូង (First Dance) ជាមួយភរិយាខ្ញុំ ដែលយើងបានរៀបចំទុកជាច្រើនសប្តាហ៍ជាមួយបទចម្រៀងដ៏រ៉ូមែនទិក។ នៅចំពោះមុខភ្ញៀវ ៥០០ នាក់ Marc Anthony បានហៅខ្ញុំឡើងលើឆាក ដែលតាមគម្រោងត្រូវរាំជាមួយភរិយា ប៉ុន្តែបែរជាម៉ាក់ខ្ញុំឈរចាំរាំជាមួយខ្ញុំទៅវិញ។ គាត់បានរាំក្នុងកាយវិការមិនសមរម្យមកលើរូបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា។ ខ្ញុំមិនដែលអារម្មណ៍អាប់ឱន ឬខ្មាសគេខ្លាំងបែបនេះទេក្នុងជីវិត។ យើងចង់រៀបចំពិធីសច្ចាប្រណិធានឡើងវិញ ដើម្បីបង្កើតការចងចាំថ្មីដែលនាំមកនូវក្ដីសុខ មិនមែនភាពភ័យព្រួយ និងភាពអាម៉ាស់បែបនេះទេ»។

Brooklyn Beckham ក៏បានបន្តអះអាងថា Nicola Peltz ត្រូវបានគ្រួសារលោក “មើលងាយជាបន្តបន្ទាប់”៖

«មិនថាពួកយើងព្យាយាមផ្សះផ្សារគ្នាយ៉ាងណាក៏ដោយ ម៉ាក់ខ្ញុំតែងតែនាំអតីតមិត្តស្រីរបស់ខ្ញុំឱ្យមកពាក់ព័ន្ធក្នុងជីវិតយើង ក្នុងបំណងធ្វើឱ្យយើងទាំងពីរមានអារម្មណ៍មិនល្អ។ ទោះបីជាយ៉ាងនេះក្តី យើងនៅតែធ្វើដំណើរទៅឡុងដ៍សម្រាប់ថ្ងៃខួបកំណើតប៉ា ប៉ុន្តែត្រូវបានពួកគាត់បដិសេធមិនជួបអស់រយៈពេលមួយសប្តាហ៍ ខណៈដែលយើងរង់ចាំក្នុងសណ្ឋាគារ។ គាត់បដិសេធរាល់ការព្យាយាមជួប លើកលែងតែយើងទៅចូលរួមក្នុងពិធីជប់លៀងធំដែលមានភ្ញៀវរាប់រយនាក់ និងមានកាមេរ៉ានៅគ្រប់ទីកន្លែង។

ចុងក្រោយគាត់ព្រមជួបខ្ញុំ តែក្រោមលក្ខខណ្ឌថា Nicola មិនត្រូវបានអញ្ជើញឡើយ។ វាគឺជាការទះកំផ្លៀងចំមុខ។ ក្រោយមក នៅពេលគ្រួសារខ្ញុំទៅលេងនៅ LA ពួកគាត់បដិសេធមិនជួបខ្ញុំទាល់តែសោះ។ គ្រួសារខ្ញុំឱ្យតម្លៃលើការផ្សព្វផ្សាយ និងរូបភាពជាសាធារណៈជាងអ្វីៗទាំងអស់។ ‘Brand Beckham’ ត្រូវមកមុនគេ។ ‘ក្ដីស្រឡាញ់’ ក្នុងគ្រួសារ ត្រូវបានសម្រេចទៅតាមចំនួនដែលអ្នកបង្ហោះលើបណ្តាញសង្គម ឬភាពរហ័សរហួនរបស់អ្នកក្នុងការបោះបង់អ្វីៗគ្រប់យ៉ាងដើម្បីមកថតរូបជុំគ្រួសារបង្អួតគេ ទោះបីវាប៉ះពាល់ដល់កាតព្វកិច្ចក្នុងអាជីពក៏ដោយ។ យើងបានព្យាយាមអស់ពីសមត្ថភាពជាច្រើនឆ្នាំដើម្បីទៅគាំទ្រគ្រប់កម្មវិធីដើរម៉ូដ និងកម្មវិធីជួបអ្នកសារព័ត៌មាន ដើម្បីបង្ហាញថាយើងជា ‘គ្រួសារដ៏ល្អឥតខ្ចោះ’។ ប៉ុន្តែនៅពេលដែលភរិយាខ្ញុំសុំឱ្យម៉ាក់ជួយគាំទ្រក្នុងគម្រោងសង្គ្រោះសត្វសុនខដែលបាត់បង់ទីជម្រកក្នុងពេលមានភ្លើងឆេះនៅ LA ម៉ាក់បែរជាបដិសេធ»។

Story ចុងក្រោយនៃសេចក្តីថ្លែងការណ៍ដ៏ក្ដៅគគុកនេះ បានបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះគ្រាន់តែចង់បាន “សេចក្តីស្ងប់ ភាពឯកជន និងសុភមង្គល” ប៉ុណ្ណោះ៖

«ពាក្យចចាមអារ៉ាមថាភរិយាខ្ញុំបញ្ជាខ្ញុំ គឺជារឿងខុសស្រឡះ។ គឺឪពុកម្តាយខ្ញុំទេដែលគ្រប់គ្រងជីវិតខ្ញុំស្ទើរពេញមួយជីវិត។ ខ្ញុំធំដឹងក្តីមកជាមួយភាពភ័យព្រួយ (Anxiety) យ៉ាងខ្លាំង។ ជាលើកដំបូងក្នុងជីវិត ចាប់តាំងពីខ្ញុំដើរចេញពីគ្រួសារ ភាពភ័យព្រួយនោះបានបាត់អស់។ ខ្ញុំភ្ញាក់ពីគេងរាល់ព្រឹកដោយអារម្មណ៍ដឹងគុណចំពោះជីវិតដែលខ្ញុំបានជ្រើសរើស ហើយបានរកឃើញសេចក្តីសុខ។ ខ្ញុំនិងភរិយាមិនចង់បានជីវិតដែលកំណត់ដោយរូបភាពក្លែងក្លាយ សារព័ត៌មាន ឬការបង្កប់ល្បិចកិច្ចកលឡើយ។ អ្វីដែលយើងចង់បានគឺសេចក្តីសុខ ភាពឯកជន និងសុភមង្គលសម្រាប់ពួកយើង និងកូនៗនាពេលអនាគត»។

រហូតមកដល់ថ្ងៃទី២០ ខែមករានេះ ទាំង David និង Victoria Beckham មិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយដើម្បីតបតនឹងការចោទប្រកាន់របស់ Brooklyn ចំៗនៅឡើយទេ។ ជាទូទៅ គ្រួសារ Beckham តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ “រក្សាភាពស្ងប់ស្ងាត់” (Silence is Golden) ចំពោះរឿងអាស្រូវគ្រួសារ ប៉ុន្តែគេអាចសង្កេតឃើញនូវចំណុចសំខាន់ៗមួយចំនួនដែលពួកគេបាននិយាយ ឬបង្ហាញកន្លងមក។

យោងតាមរបាយការណ៍ពីសារព័ត៌មានអង់គ្លេសដូចជា The Daily Mail បន្ទាប់ពីមានពាក្យចចាមអារ៉ាមដំបូងៗអំពីជម្លោះ David ត្រូវបានគេរាយការណ៍ថាបានហៅ Brooklyn មកនិយាយទល់មុខគ្នា ហើយនិយាយថា៖ “យើងមិនដែលធ្វើបែបនេះក្នុងគ្រួសារយើងទេ… អ្វីដែលនឹងកើតឡើងបន្ទាប់ទៀតគឺស្រេចលើកូន ប៉ុន្តែយើងនឹងមិនទ្រាំមើលការសម្តែងរឿងភាគ (Drama) បែបនេះទៀតឡើយ”។

David តែងតែបង្ហាញជំហរថា លោកឱ្យតម្លៃលើ “សាមគ្គីភាពក្នុងគ្រួសារ” បំផុត ហើយលោកមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលរឿងរ៉ាវក្នុងផ្ទះត្រូវបានលាតត្រដាងជាសាធារណៈ។

ចំពោះរឿង “រ៉ូបការ” ដែល Brooklyn និយាយថា Victoria ជាអ្នកលុបចោលនោះ ប្រភពខាង Victoria បានបកស្រាយថា៖ “វាមិនមែនជាការបដិសេធមិនធ្វើឱ្យកូនប្រសានោះទេ ប៉ុន្តែដោយសារ ជាងដេររបស់ពួកគេមិនអាចធ្វើទាន់ពេលវេលា”។

Victoria មានអារម្មណ៍ថាខ្លួនត្រូវបានគេយល់ច្រឡំ និងមានការឈឺចាប់ដែលរឿងរ៉ាវនេះត្រូវបានគេយកទៅនិយាយក្នុងន័យអវិជ្ជមាន។ នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Today Show កន្លងមក Victoria បាននិយាយដោយប្រយោលថា៖ “ក្នុងនាមជាម្ដាយ ការដែលឃើញកូនៗមានក្ដីសុខគឺជាអ្វីដែលសំខាន់បំផុត។ នោះហើយជាអ្វីដែលយើងចង់បាន” ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដាដាវ ពូកែ​ជ្រើស​ឈុត​ចូលរួម​កម្មវិធី មិន​ត្រឹម​ស្អាត ថែម​ទាំង​សក្ដិសម​សម្រាប់​កម្មវិធី​ផ្លូវ​ការ

មិន​សរសើរ​មិន​បាន បង្ហាញ​វត្តមាន​ចូល​រួម​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​តារា​ស្រី សុភ័ក្ត្រ កុសុម៉ា កាល​ពី​ម្សិល​មិញ ដាដាវ បាន​ជ្រើស​ឈុត​ខ្មែរ​ដែល​មាន​ពណ៌ Silver Champagne ដែល​ឈុត​នេះ​មិន​ត្រឹម​ស្រស់​ស្អាត

Junkyu ប្រកាសសម្រាកពីការងារ សន្យានឹង TREASURE MAKER ថានឹងត្រឡប់មកវិញឱ្យរឹងមាំជាងមុន

នៅថ្ងៃទី២៩ ខែមិថុនា នេះ Junkyu ដែលជាសមាជិកម្នាក់នៃក្រុមចម្រៀងបុរស TREASURE បានប្រកាសផ្អាកសកម្មភាពការងាររបស់ខ្លួនជាបណ្តោះអាសន្ន ដោយសន្យាថានឹងវិលត្រឡប់មកវិញក្នុងនាមជាខ្លួនឯងដែលរឹងមាំជាងមុន

ទីបំផុត ហុក សារិតុលា Miss Supranational Cambodia 2026 ទទួលបានវីសាចេញទៅប្រកួតនៅប៉ូឡូញហើយ

នៅ​ពេល​ដែល Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួល​បាន​វីសា អាច​ចេញ​ទៅ​ប្រកួត​នៅ​ប៉ូឡូញ​ហើយ​នោះ អ្នក​គាំទ្រ​ពិតជា​ញាប់ញ័រ និង​បន់ស្រន់​សូម​ឲ្យ​កញ្ញា ហុក សារិតុលា ទទួល​បាន​វីសា​ចេញ​ទៅ​ប្រកួត​

ក្រុមហ៊ុន JYP បរិច្ចាគ ២ សែនដុល្លារដល់កិច្ចប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡា

ក្រុមហ៊ុន JYP Entertainment បានបរិច្ចាគថវិកាចំនួន ៣០០ លានវ៉ុន (ប្រហែល ២០០ ០០០ ដុល្លារអាមេរិក) ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅក្នុងប្រទេសវេណេស៊ុយអេឡា

ភ្នាក់ងាររបស់តារាប្រុស Tian Xuning ចេញប្រកាសចាត់វិធានការតាមផ្លូវច្បាប់ម្ដងទៀតព្រមទាំងព្រមានឱ្យគោរពឯកជនភាព

នាពេលថ្មីៗនេះក្រុមហ៊ុនរបស់តារាសម្តែងចិន Tian Xuning បានចេញសេចក្តីប្រកាសជាសាធារណៈមួយនៅលើបណ្តាញសង្គម Weibo ដើម្បីជម្រាបជូនអំពីវឌ្ឍនភាព

ធ្លាប់តែឃើញតារា K-Pop តែពេលនេះ ស្រួង ភាវី តំណាងឲ្យកម្ពុជាគប់គ្រាប់បាល់បើកឆាកប្រកួត Baseball នៅកូរ៉េខាងត្បូង

ធ្លាប់តែ​ឃើញ​ការ​បើក​កម្មវិធី​ប្រកួត​​ Baseball នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​អញ្ជើញ​តារា K-Pop ប្រុស​ស្រី​ល្បី​ៗ​ទៅ​បោះ​បាល់​លើក ឬ “First Pitch” តែ​ឆ្នាំ​នេះ កីឡា​ការិនី​ប៊ីយ៉ា​ការ៉ុម​កម្ពុជា ស្រួង ភាវី ត្រូវ​បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ការ​គប់​

ដំណឹង​ល្អ! កម្ពុជា​សម្រេច​បើក​ឱ្យ​ផលិត​ភាពយន្ត​តាមប្រាសាទនា​ពេល​រាត្រី បន្ថែម​លើការ​ចូល​ទស្សនា

មិន​យូរ​ទៀត​ទេ កម្ពុជា​នឹង​បើក​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ-អន្តរជាតិ ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ក្នុង​ពេល​រាត្រី ជាពិសេស​ថែម​ទាំង​អាច​ផលិត​ភាពយន្ត ចម្រៀង និង​ស្បត​ពាណិជ្ជកម្ម បាន​ថែម​ទៀត​ផង។

ហេតុអ្វីរឿងល្បីភាគច្រើនរបស់ Netflix សុខចិត្តប្រើយុទ្ធសាស្ត្ររើសតារាមុខថ្មីៗ ជាជាងតារាល្បីៗ?

ខណៈពេលដែលការចាប់គូសម្តែងរវាងតារាដែលគ្រប់គ្នាធ្លាប់ស្គាល់ អាចធានាបាននូវប្រជាប្រិយភាពដែលអាចទុកចិត្តបាន ប៉ុន្តែទស្សនិកជនកាន់តែបង្ហាញក្តីកង្វល់ និងភាពស៊ាំភ្នែកកាន់តែខ្លាំងឡើង ចំពោះការជ្រើសរើស

សួនសត្វមួយនៅចិន ជ្រើសរើសមនុស្សមកធ្វើពុតជាខ្លាឃ្មុំ ផ្ដល់ប្រាក់ខែឱ្យជិត ១៥ ០០០ ដុល្លារក្នុងមួយឆ្នាំ

យោងតាមសារព័ត៌មាន Jiupai News សួនសត្វ Luohe Wildlife Zoo ដែលមានទីតាំងនៅក្នុងទីក្រុង Luohe ខេត្ត Henan បានបង្ហោះសេចក្ដីប្រកាសជ្រើសរើសបុគ្គលិកនេះ កាលពីថ្ងៃទី១៣ ខែមិថុនា ដើម្បីស្វែងរកមនុស្សមកស្លៀកឈុត

Park Bom បញ្ចេញស្នាដៃចម្រៀងថ្មី ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើឈ្មោះ bomminho012

កាលពីថ្ងៃទី២៥ ខែមិថុនា នេះ Park Bom បានបញ្ចេញចម្រៀងស្នាដៃនិពន្ធថ្មីដោយផ្ទាល់ខ្លួន ក្រោមចំណងជើងថា Haven ដោយមានបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការបង្កើតចេញជាស្នាដៃសម្រេច។ ទន្ទឹមគ្នានេះ អ្នកគាំទ្របាន

Leave a Reply

Your email address will not be published.Required fields are marked *