Danielle បានបរិច្ចាគប្រាក់ចំនួន ៣០២ លានវ៉ុន ឬប្រមាណ ២០៥,០០០ ដុល្លារអាមេរិកដល់អង្គការ YANA ក្នុងប្រទេសកូរ៉េខាងត្បូង តាំងពីថ្ងៃទី១១ ខែមករា ខណៈកំពុងមានជម្លោះផ្លូវច្បាប់ជាមួយនឹងអតីតទីភ្នាក់ងារ។ នេះបើផ្អែកតាមសារព័ត៌មាន Kbizoom។

ក្នុងគម្រប់ខួប ៤ឆ្នាំរបស់ YANA (You Are Not Alone) អង្គការមិនស្វែងរកប្រាក់ចំណេញមួយនេះបានអបអរគម្រប់ខួបរបស់ខ្លួន ដោយបង្ហាញការអរគុណចំពោះអ្នកបរិច្ចាគ និងអ្នកស្ម័គ្រចិត្ត។ ទន្ទឹមគ្នានេះ អង្គការក៏បានបង្ហាញឈ្មោះសប្បុរសជនផងដែរ ដោយក្នុងនោះមាន Danielle បានចូលរួមបរិច្ចាគជាមួយនឹងទឹកប្រាក់ចំនួន ២០៥ ០០០ ដុល្លារអាមេរិក។
ជាក់ស្ដែង YANA បានរៀបរាប់ថា៖ “អបអរសាទរខួបលើកទី ៤ របស់យើង។ សូមអរគុណដល់អ្នកបរិច្ចាគ និងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានដើរជាមួយយើងរហូតមក។ ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ YANA អាចជួយកុមារដែលខ្វះខាត ព្រោះមានការជឿទុកចិត្ត និងចិត្តសប្បុរសរបស់អ្នក។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់អ្នកគ្រប់គ្នា”។

គួរឱ្យដឹងផងដែរថា កាលពីចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ADOR បានប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុខ និងបញ្ចប់តួនាទីជាសមាជិកក្រុម NewJeans ពីតារាស្រីវ័យ ២០ឆ្នាំ ខណៈទីភ្នាក់ងារនេះក៏បានប្ដឹងផ្ដល់ទាមទារសំណងជាង ៣០លានដុល្លារអាមេរិក ដោយចោទថា ចុងចោទបានរំលោភកិច្ចសន្យា និងនាំឱ្យទីភ្នាក់ងារខូចកេរ្តិ៍ឈ្មោះជាដើម។
ដោយឡែកកាលពីយប់ថ្ងៃទី១២ ខែមករា Danielle ក៏បានទម្លាយភាពស្ងប់ស្ងាត់ ចូលមក Live នៅក្នុងគណនី Instagram ដោយនិយាយថា៖ “នៅជ្រុងមួយនៃបេះដូងខ្ញុំ NewJeans តែងតែនៅទីនោះរហូត។ បើទោះបីជានៅកន្លែងផ្សេងគ្នា តែយើងមានបេះដូងដូចគ្នា គឺជា Bunny តែមួយ និងជាគ្រួសារតែមួយ”៕























Account
Security
Favourite Content