យោងតាមសារព័ត៌មានកូរ៉េសមាជិកក្រុមខេប៉ុបជំនាន់ថ្មី BXB គឺ Hamin នឹងបង្ហាញខ្លួនសម្ដែងជាតួឯកក្នុងរឿងបុរសស្រឡាញ់បុរស “Heart Stain”។
“Heart Stain” គឺជាខ្សែភាពយន្ដបែបមនោសញ្ចេតនាយុវវ័យដកស្រង់ចេញពី webtoon ដ៏ពេញនិយមមានចំណងជើងដូចគ្នា ដោយតារាប្រុសកើតឆ្នាំ ២០០១ រូបនេះនឹងសម្ដែងជាតួអង្គ Park Do Ha បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសដ៏ម៉ត់ចត់។ រឿងនេះពិពណ៌នាអំពីស្នេហាត្រីកោណដែល Park Do Ha មានចិត្តលួចស្រឡាញ់លើមិត្តភ័ក្ដិរបស់ខ្លួន Yoon Woo Hyun ខណៈមិត្តម្នាក់នេះបែរជាកំពុងលួចស្រឡាញ់លើគ្រូបង្រៀនរបស់គេទៅវិញ។


ក្នុងនាមជាអតីតតារាសម្ដែងវ័យក្មេងប្រែក្លាយជាតារាខេប៉ុប Hamin ត្រូវបានគេរំពឹងថានឹងបង្ហាញពីបុគ្គលិកលក្ខណៈដ៏ក្លាហានរបស់ Park Do Ha ដែលហ៊ានសារភាពពីអារម្មណ៍ពិតទៅកាន់មិត្តភ័ក្ដិរបស់ខ្លួន Yoon Woo Hyun។ ថ្លែងតាមរយៈភ្នាក់ងាររបស់លោក Wolfburn តារាប្រុសរូបនេះបានឱ្យដឹងថា ការទទួលតួនាទីជាតួឯកលើកដំបូងបានធ្វើឱ្យលោកមានការព្រួយបារម្ភ និងមានសម្ពាធមែន។ ប៉ុន្តែយ៉ាងណាលោកក៏ពិតជាដឹងគុណចំពោះឱកាសមួយនេះ ហើយនឹងខិតខំប្រឹងប្រែងសម្ដែងឱ្យអស់ពីសមត្ថភាព។



សម្រាប់ស៊េរី Webtoon “Heart Stain” ពិតជាទទួលបានការគាំទ្រយ៉ាងពេញនិយមពីអ្នកអាន ជាពិសេស side story ដែលអ្នកនិពន្ធនាមបន្ថែមចូលដើម្បីឱ្យសាច់រឿងកាន់តែជក់ចិត្ដថែមមួយកម្រិតទៀត។ ស៊េរីរឿងនេះផងដែរត្រូវបានអ្នកអានស្គាល់ថាជារឿងដែលមានភាពផ្អែមល្ហែម និងស្រស់ស្រាយនៃស្នេហាដំបូងរបស់សិស្សវិទ្យាល័យដែលធ្វើឱ្យអ្នកអានមានអារម្មណ៍រំភើប និងលន្លង់លន្លោចទៅតាមសាច់រឿង។ លើសពីនេះរឿង “Heart Stain” កាន់តែក្លាយជាប្រធានបទដ៏ក្ដៅគគុក ខណៈត្រូវបានគេលើកយកមកផលិតជាស៊េរីខ្សែភាពយន្ដដែលធ្វើឱ្យអ្នកគាំទ្ររឿងប្រភេទ BL មានភាពអន្ទះសារង់ចាំទស្សនាខ្សែភាពយន្ដមនោសញ្ចេតនាយុវវ័យមួយនេះ។ តាមរយៈក្រុមហ៊ុន Oak company ដែលជាភ្នាក់ងារផលិតខ្សែភាពយន្ដមួយនេះបានឱ្យដឹងថា “Heart Stain” នឹងគ្រោងចាក់ផ្សាយនៅឆមាសទីមួយក្នុងឆ្នាំ ២០២៥ ឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ដែរថា ក្រុម BXB មានឈ្មោះពេញ Boy by Brush បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ជាមួយនឹងអាល់ប៊ុមទីមួយ “Intro: Flight and a New Beginning” ដែលបង្ហាញអំពីជំពូកផ្សេងៗរបស់យុវវ័យជាមួយនឹងប្រភេទតន្ដ្រីខុសៗគ្នា។ បច្ចុប្បន្នក្រុម BXB ក៏កំពុងតែធ្វើការលើសកម្មភាពផ្ទាល់ខ្លួនបន្ថែមទៀត និងការរៀបចំអាល់ប៊ុមថ្មីនៅក្នុងប្រទេសកូរ៉េ ថែមទាំងចាប់ផ្ដើមជាមួយការជួបជុំអ្នកគាំទ្រខ្នាតតូចនៅ K-EXPO INDONESIA 2024 ក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ៕

























Account
Security
Favourite Content