ព្រឹត្តិការណ៍បង្ហាញម៉ូដរបស់ម៉ាកគ្រឿងអលង្ការប្រណិត BVGARI បានបញ្ចប់ទៅយ៉ាងជោគជ័យ បន្សល់ទុកនូវរូបភាពដ៏ស្រស់ស្អាតនិងអស្ចារ្យជាច្រើនពីប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទបាយ័នលេចត្រដែតពាសពេញបណ្ដាញសារព័ត៌មាន និងគណនីបណ្ដាញសង្គមរបស់ភ្ញៀវកិត្តិយសល្បីៗដែលបានចូលរួមកម្មវិធីនេះ។
ជាក់ស្ដែង ក្រោយពីបានចូលរួមកម្មវិធីនៅខេត្តសៀមរាបកាលពីថ្ងៃទី២១ ខែកុម្ភៈ បណ្ដាសិល្បករអន្តរជាតិដែលជា Friend of House នៃម៉ាកគ្រឿងអលង្ការ BVLGARI ក៏បានបង្ហោះរូបភាពនិងវីដេអូជាបន្តបន្ទាប់ភ្ជាប់ជាមួយអារម្មណ៍ចំពោះប្រទេសកម្ពុជាដូចជា៖
១. Pia Wurtzbach
តារាសម្ដែងហ្វីលីពីននិងជាម្ចាស់មកុដ Miss Universe ឆ្នាំ២០១៥ Pia Wurtzbach បានបង្ហោះសារលើ Facebook និង Instagram របស់នាងថា៖ រយៈពេលប៉ុន្មានថ្ងៃមុននៅសៀមរាបគឺប្រៀបដូចជាសុបិន។ បានជួបមនុស្សដែលធ្លាប់ស្គាល់ ទទួលទានអាហារក្រោមពន្លឺផ្កាយ គ្រប់យ៉ាងគឺដូចជានៅថ្មីៗ។ ភាពប្រណិតរបស់ Bvlgari និងសម្រស់របស់ខេត្តសៀមរាបពិតជាធ្វើឱ្យកម្មវិធីនេះក្លាយជាបទពិសោធន៍មិនអាចបំភ្លេចបាន”។

២. Ho Ngoc Ha
តារាចម្រៀងនិងម៉ូដែលវៀតណាម Ho Ngoc Ha បានរៀបរាប់ប្រាប់អ្នកតាមដានជាង ៣,៥ លាននាក់របស់ខ្លួនលើ Instagram ថា៖ ពិតជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍សកលរបស់ Bvlgari ហើយខ្ញុំពិតជាស្ញប់ស្ញែងនឹងការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ចំពោះគ្រប់យ៉ាងចាប់ពីខ្លឹមសារ និងបដិសណ្ឋារកិច្ចរហូតដល់ម្ហូបអាហារនិងស្រាដ៏ប្រណិត។ លើកនេះរឹតតែពិសេស ពោលនេះគឺលើកទីមួយរបស់ខ្ញុំ ដែលបានចូលរួមព្រឹត្តិការណ៍នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប ជាកន្លែងដ៏ពិសិដ្ឋ ពោរពេញដោយប្រវត្តិសាស្ត្រ និងភាពអស្ចារ្យ។ កម្មវិធីរាត្រីនោះពិតជាពោរពេញដោយភាពភ្ញាក់ផ្អើល រួមទាំងការសម្ដែង Show Drone ដ៏អស្ចារ្យគូរលើផ្ទៃមេឃកម្ពុជា និងភាពរីករាយនៃការភ្ជាប់ទំនាក់ទំនងជាមួយ KOLs និងសមាជិកគ្រួសារ Bvlgari ។

៣. Tóc Tiên
តារាចម្រៀងវៀតណាមមួយរូបទៀតគឺ Tóc Tiên ដែលមានអ្នកតាមដានលើ IG ជាង ៣លាននាក់ដែរបានសរសេរថា៖ សូមបង្ហាញការដឹងគុណដ៏ស្មោះស្ម័គ្រចំពោះបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍ Bulgari ដែលប្រារព្ធឡើងនៅប្រាសាទបាយ័នដ៏អស្ចារ្យក្នុងខេត្តសៀមរាប។ ចាប់តាំងខ្ញុំមកដល់រហូតដល់ចាកចេញ ខ្ញុំពិតជាទទួលបានអារម្មណ៍ជាមួយភាពប្រណីតមិនអាចប្រៀបផ្ទឹមបាន។ ខ្ញុំមានកិត្តិយសជាខ្លាំងដែលឱកាសបានបង្ហាញ Collection Aeterna ដ៏អស្ចារ្យ ជាមួយបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃទឹកដីអង្គរដ៏ពិសិដ្ឋ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលចូលរួមក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះពិតជាគួរឱ្យកត់សម្គាល់ និងមិនអាចបំភ្លេចបាន។

៤. Ayden Sng
តារាសម្ដែងប្រុសសិង្ហបុរី Ayden Sng វិញបានសរសេររៀបរាប់ថា៖ “កម្ពុជាអ្នកអស្ចារ្យណាស់!សៀមរាប អ្នកពិតជាអស្ចារ្យមែន! ប្រាសាទបាយ័ន អ្នកពិតជាពិសិដ្ឋ និងអស្ចារ្យណាស់។ អរគុណ @Bvlgari សម្រាប់កម្មវិធីដ៏អស្ចារ្យនេះ។ នេះជាបទពិសោធន៍ដ៏មានតម្លៃមួយក្នុងជីវិត ទស្សនាការបង្ហាញម៉ូដ #BvlgariAeterna ទទួលទានអាហារដោយមានទិដ្ឋភាពប្រាសាទបាយ័នខាងក្រោយ ពិតជារាត្រីដ៏អស្ចារ្យហួសពីការស្មានរបស់ខ្ញុំ។ អរគុណរដ្ឋាភិបាលកម្ពុជា និង @Bvlgari ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើង”។

៥. Xenia Tan
តារាសម្ដែងស្រីសិង្ហបុរី Xenia Tan បាននិយាយថា៖ “ឈរនៅប្រាសាទបាយ័ន ដែលបង្កប់ដោយប្រវត្តិសាស្ត្ររាប់សតវត្ស ខ្ញុំពិតមានអារម្មណ៍ថាខ្លួនតូចណាស់ ប៉ុន្តែមានអារម្មណ៍ផ្សារភ្ជាប់ជាមួយរឿងរ៉ាវអតីតកាល រហូតដល់ពេលនេះ។ ការពាក់គ្រឿងអលង្ការ Aeterna High Jewelry នៅទីនេះគឺមានន័យលើសពីការលម្អ ប៉ុន្តែជាការរំលឹកពីសម្រស់ដែលស្ថិតស្ថិរអមតៈ”។

៦. Mile Phak Phum
ចំណែកតារាសម្ដែងប្រុសថៃ Mile Phak Phum បានរៀបរាប់លើគណនី IG របស់ខ្លួនថា៖ “នេះគឺជាកន្លែងដ៏ល្អបំផុត គួរឱ្យចាប់អារម្មណ៍បំផុត និងជារាត្រីពិសេសដ៏អស្ចារ្យមួយ។ ខ្ញុំលង់ស្នេហ៍កម្ពុជាដល់ហើយ”។

៧. Mai Davika
ដោយឡែកតារាសម្ដែងស្រីថៃ Mai Davika ក៏បានបង្ហោះរូបភាពនិងវីដេអូជាច្រើនលើបណ្ដាញសង្គមរបស់ខ្លួន និងបានផ្ដល់បទសម្ភាសជាមួយទស្សនាវដ្ដី BAZAAR ថា៖ “គ្រប់យ៉ាងនៅទីនេះគឺប្រៀបដូចជាក្នុងសុបិន ស្រស់ស្អាត ហើយទីកន្លែងរៀបចំកម្មវិធីនៅប្រទេសកម្ពុជាគឺពិតជាពិសេសខ្លាំង” ៕


























Account
Security
Favourite Content