ទំនាក់ទំនងតូចៗបំផុតរវាងតារា K-pop មិនថានៅទីសាធារណៈ ឬនៅកន្លែងឯកជនតែងតែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត។ ជាក់ស្ដែងថ្មីៗនេះ ARMYs (ក្រុមអ្នកគាំទ្រ) និង Uaenas (ក្រុមអ្នកគាំទ្រ IU) បានបង្ហាញអារម្មណ៍រីករាយជាខ្លាំងពេលបានដឹងថា V និង IU បានជួបគ្នាដើម្បីអបអរថ្ងៃខួបកំណើតរបស់នាង។


យោងតាមរបាយការណ៍របស់សារព័ត៌មានកូរ៉េជាច្រើន អ្នកគាំទ្រម្នាក់បានប្រទះឃើញ V នៅភោជនីយដ្ឋានមួយក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។ រូបភាពមួយសន្លឹកដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតបានបង្ហាញយ៉ាងច្បាស់ថា សមាជិក BTS កំពុងអង្គុយទល់មុខនរណាម្នាក់ ហាក់កំពុងញ៉ាំអាហារជាមួយគ្នា។ ខណៈដែលម្ចាស់រូបមិនបានបង្ហាញពីអត្តសញ្ញាណថាតើនរណាជាអ្នកអង្គុយមុខតារាប្រុសវ័យ ៣០ ឆ្នាំរូបនោះ សម្លៀកបំពាក់ដែលនាងស្លៀកពាក់បានក្លាយជាចំណុចសម្គាល់នាំឱ្យអ្នកគាំទ្រជាច្រើនសន្និដ្ឋានថាមនុស្សអាថ៌កំបាំងនោះគឺគ្មាននរណាក្រៅពីតារាចម្រៀង IU ឡើយ។

មូលហេតុគឺដោយសារតួឯកស្រី “When Life Gives You Tangerines” ដែលត្រូវប្រារព្ធខួបកំណើតរបស់នាងនៅថ្ងៃនេះ (១៦ ឧសភា) បានធ្វើការ Live វីដេអូមួយនៅថ្ងៃទី ១៥ ហើយក្នុងពេល Live នោះ IU បានពាក់អាវក្រឡាស្រដៀងនឹងអាវដែលពាក់ដោយមនុស្សក្នុងរូបថត។ សម្លៀកបំពាក់ស្រដៀងគ្នានេះបានធ្វើឱ្យអ្នកគាំទ្រជឿថាតារាចម្រៀងរូបនេះបានរៀបចំពិធីខួបកំណើតដោយមានវត្តមានសមាជិក BTS ចូលរួម។ យ៉ាងណាមិញ ព័ត៌មាននេះមិនទាន់មានការបញ្ជាក់ផ្លូវការពីអ្នកទាំងពីរនៅឡើយទេ។


ទោះជាយ៉ាងណា ព័ត៌មាននេះបានធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបចំពោះទំនាក់ទំនងរវាង V និង IU។ មនុស្សជាច្រើនបានអបអរចំពោះមិត្តភាពរបស់ពួកគេដោយនិយាយថាវាពិតជាអស្ចារ្យណាស់ដែលពួកគេនៅតែស្និទ្ធស្នាលទោះបីជាមានកាលវិភាគមមាញឹកក៏ដោយ។ តារាទាំងពីរបានចាប់ផ្ដើមស្និទ្ធស្នាលគ្នាដំបូងបន្ទាប់ពី V បានបង្ហាញខ្លួនក្នុងវីដេអូចម្រៀង “Love Wins All” របស់ IU។ ចាប់តាំងពីពេលនោះមក មិត្តភាពរបស់ពួកគេបានបន្តរីកចម្រើន ហើយសមាជិក BTS រូបនេះថែមទាំងឆ្លៀតពេលរបស់ខ្លួន ដើម្បីចូលរួមការប្រគំតន្ត្រីរបស់ IU នៅទីក្រុងសេអ៊ូល ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ទៀតផង។
ពាក់ព័ន្ធសកម្មភាពការងាររបស់អ្នកទាំងពីរវិញ ឆាប់ៗខាងមុខនេះគឺនៅថ្ងៃទី ២៧ ឧសភា IU នឹងចេញអាល់ប៊ុមថ្មី “Flower Bookmark 3” ដោយសមាជិកក្រុម ASTRO Cha Eun Woo នឹងសម្តែងក្នុង MV បទចម្រៀងសំខាន់។ ទន្ទឹមនឹងនេះ V ក៏ជិតដល់ថ្ងៃបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួនដែរ ដោយនឹងបានរំសាយចេញពីជួរទ័ពនៅថ្ងៃទី ១០ ខែមិថុនា ជាមួយនឹងមិត្តរួមក្រុម RM ៕























Account
Security
Favourite Content