ផលិតករ Danny Rossner ហ៊ានចំណាយប្រាក់ជិត ៦០លានដុល្លារអាមេរិក ដើម្បីហៅ Brad Pitt និង Angelina Jolie មកចួលរួមសម្ដែងនៅក្នុងរឿងថ្មី ដោយមិនខ្វល់ពីបញ្ហាចម្រូងចម្រាសក្រោយលែងលះគ្នា។
ក្រោយពីត្រឡប់មកប្រើប្រាស់ជីវិតនៅលីវរៀងខ្លួនអស់ពេលជិត ៧ឆ្នាំ បញ្ហាប្ដឹងផ្ដល់រវាងភាគគីទាំងពីរនៅមិនទាន់បានដោះស្រាយចប់នៅឡើយទេ។ ដោយឡែក ថ្មីៗនេះ Danny Rossner បានអញ្ជើញអ្នកទាំងពីរឱ្យមកសម្ដែងជាតួអង្គឯករួមគ្នាក្នុងភាពយន្តថ្មី ដោយហ៊ានផ្ដល់តម្លៃខ្លួនមហាសាលដ៏តារាហូលីវូដទាំងពីរ។ ជាក់ស្ដែង ផលិតករល្បីឈ្មោះរូបនេះ ហ៊ានផ្ដល់ថ្លៃឈ្នូលរហូតដល់ ៣៧,៥ លានដុល្លារអាមេរិកដល់ Brad Pitt ស្របពេលដែល Angelina Jolie នឹងទទួលបាន ២២ លានដុល្លារអាមេរិក។
លោក Danny Rossner បាននិយាយប្រាប់ The Post ថា៖ “ឥឡូវនេះ ខ្ញុំគិតថា Brad Pitt អាចនឹងមានតម្លៃខ្លួនចន្លោះ ២០ ទៅ ២៥លានដុល្លារអាមេរិកក្នុងមួយរឿង ឯ Angelina Jolie អាចនឹងមានតម្លៃខ្លួនប្រមាណ ១៥លានដុល្លារ។ តម្លៃដែលយើងកំពុងតែត្រៀមស្នើទៅអ្នកទាំងពីរ គឺលើសពីតម្លៃខ្លួនរបស់ម្នាក់ៗប្រមាណ ៥០ភាគរយ”។
លោកមិនបានបញ្ជាក់មូលច្បាស់លាស់ ក្នុងការសម្រេចចិត្តហៅតារាប្រុសវ័យ ៦០ឆ្នាំ និងតួស្រីវ័យ ៤៩ឆ្នាំមករួមសម្ដែងនៅក្នុងភាពយន្ត ផ្អែកតាមសៀវភៅដែលមានចំណងជើងថា The Hotel Martinez នោះទេ។ តែ Danny ប្រើប្រាស់ពាក្យថាវត្តមានរបស់ “Brangelina” នឹងធ្វើឱ្យរឿងរបស់លោកជោគជ័យខ្លាំង ដល់ថ្នាក់គ្មានគូប្រជែងណាអាចយកឈ្នះបាន។
គួរបញ្ជាក់ពីទំនាក់ទំនងរំកាំរកូសរបស់អ្នកទាំងពីរផងដែរថា តារាជួរមុខទាំងពីរដួងបានជួបគ្នាកាលពីឆ្នាំ ២០០៤ ក្នុងគ្រាដែលពួកគេបានសម្ដែងនៅក្នុងរឿង Mr. & Mrs. Smith មុននឹងសម្រេចចិត្តរៀបការនៅ ១០ឆ្នាំក្រោយ។ តែនៅក្នុងឆ្នាំ ២០១៩ អ្នកទំាងពីរបានសម្រេចចិត្តបញ្ចប់ជីវិតគូ និងឈានដល់មានការប្ដឹងផ្ដល់គ្នា។ បច្ចុប្បន្ននេះ លោកស្រី Angelina Jolie កំពុងតែផ្ដោតសំខាន់ទៅលើកូនទាំង ៦នាក់ និងការងារមនុស្សធម៌ ខណៈដែលលោក Brad Pitt បានជួបស្នេហ៍ថ្មីទៅហើយ៕