តាមរយៈទេពកោសល្យផ្នែកសិល្បៈ ការបញ្ចេញក្បាច់រាំ ទឹកដមសំនៀងពីរោះរណ្ដំ និងសមត្ថភាពផ្សេងៗទៀតបានធ្វើឱ្យ Lisa សមាជិកកូនពៅនៃក្រុមតារាស្រីលំដាប់ពិភពលោក BLACKPINK ទទួលបានការគាំទ្រក៏ដូចជាប្រជាប្រិយភាពយ៉ាងខ្លាំងក្លាជុំវិញពិភពលោក។

លើសពីនេះ Lisa ក៏ត្រូវបានអ្នកគាំទ្រស្រឡាញ់ និងកោតសរសើរចំពោះរាងតូចចង្កេះមួយក្ដាប់ផងដែរ ជាពិសេសនៅពេលនាងពាក់អាវខើច។ ដូច្នេះថ្ងៃនេះ A M S សូមចែករំលែកនូវវិធីហាត់ប្រាណខ្លះៗដើម្បីរក្សារាងដូច Lisa៖
១. ហាត់រាំ

ដូចប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថាកាលវិភាគរបស់តារាខេប៉ុបនីមួយៗគឺត្រូវចំណាយលើការហាត់រាំជាចម្បង។ ការហាត់រាំនេះផងដែរមិនត្រឹមតែជួយឱ្យការសម្ដែងមានភាពរស់រវើកប៉ុណ្ណោះទេ វាថែមទាំងជាលំហាត់ប្រាណមួយប្រភេទដែលអាចពង្រឹងសាច់ដុំ និងដុតកាឡូរីបានយ៉ាងល្អ។ លើសពីនេះ ការហាត់រាំក៏អាចរាប់ជារបៀបមួយនៃការកាត់បន្ថយភាពតានតឹងផងដែរ។
២. ហាត់ប្រដាល់


ថ្វីត្បិតតែជាតារាស្រីដែលមានផាពស្រស់ស្អាត និងល្បីល្បាញពិតមែន ប៉ុន្តែ Lisa បែរជាចូលចិត្តកីឡាប្រដាល់ទៅវិញ។ យោងតាមប្រភពជិតស្និទ្ធបានឱ្យដឹងថានាងចូលចិត្តបំបាត់ភាពតានតឹងតាមរយៈការហាត់ប្រដាល់។ ហើយចំពោះកីឡាប្រដាល់នេះផងដែរក៏ត្រូវពេញនិយមពីតារាល្បីៗជាច្រើនផងដែរ។ ដោយសារប្រដាល់ជាកីឡាបែបប្រយុទ្ធ និងពាក់ព័ន្ធជាមួយរាងកាយទាំងមូល ដូច្នេះទើបវាមានសមត្ថភាពដុតកាឡូរីបានច្រើនជាងការហាត់ប្រាណដទៃទៀត។ លើសពីនេះ ប្រដាល់ក៏ជួយទៅដល់សុខភាពនៃសរសៃឈាមបេះដូងផងដែរ។
៣. ហាត់ Pilates

ការហាត់យូហ្គា និង Pilates កំពុងក្លាយជាលំហាត់ប្រាណដ៏ពេញនិយមមួយសម្រាប់មនុស្សស្រឡាញ់រាងជាច្រើន ជាពិសេសតារាខេប៉ុប។ ជាមួយគ្នានេះ Pilates អាចជួយដល់ការបត់បែនខ្លួនប្រាណ ពង្រឹងសាច់ដុំ គ្រប់គ្រងការរំលាយអាហាររួមជាមួយឥរិយាបថនៃរាងកាយដែលទាក់ទងជាមួយនឹងការសម្រក ជាពិសេសសម្រាប់សុខភាពផ្លូវចិត្តឱ្យមានភាពស្ងប់ស្ងាត់ផងដែរ។ លើសពីនេះ Pilates ក៏ជាលំហាត់ប្រាណមួយបែបដែលផ្ដោតសំខាន់លើខ្លាញ់ក្បាលពោះតែម្ដង ដូច្នេះមិនចាំបាច់ឆ្ងល់នោះទេថាហេតុអ្វីបានជា Lisa មានរាងស្លីមស្រឡូនស្អាតយ៉ាងនេះ។
៤. ធ្វើឱ្យរាងកាយមានសកម្មភាព


បើទោះជាមានរបៀបរបបនៃការធ្វើលំហាត់ប្រាណមែន ប៉ុន្តែចំពោះតារាខេប៉ុបមិនងាយនឹងមានពេលគ្រប់គ្រាន់សម្រាប់ហាត់ប្រាណនោះទេ។ ដូច្នេះនៅពេលមានដំណើរកម្សាន្ត ឬមានពេលទំនេរ នាងផ្ដោតទៅលើការធ្វើសកម្មភាពឱ្យបានច្រើនពេញមួយថ្ងៃ។ ការធ្វើបែបនេះអាចបន្តដុតកាឡូរី និងការពាររាងកាយពីភាពខ្ជិលច្រអូសផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាសកម្មភាពសាមញ្ញមួយដែលអាចជួយជំរុញដល់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពទៀតផង៕
























Account
Security
Favourite Content