ការទន្ទឹងរង់ចាំជាយូររបស់យុវតី ល្អហួស ម្ចាស់ជយលាភី Miss Preteen International Cambodia 2023 កំពុងខិតជិតមកដល់ហើយ ដោយការប្រកួតលំដាប់អន្តរជាតិ Junior Idol World Official 2023 នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ នៅប្រទេសថៃ។ ក្នុងនោះ ល្អហួស នឹងក្លាយជាបវរកញ្ញាតំណាងកម្ពុជាចូលរួមការប្រកួតលំដាប់អន្តរជាតិ តាមការគ្រោងទុក បន្ទាប់ពីនាងឈ្នះតំណែង Miss Preteen International Cambodia 2023។

ខណៈការប្រកួតកាន់តែខិតជិតមកដល់ ល្អហួស កាន់តែពង្រឹងសមត្ថភាព និងបានបង្ហាញឱ្យគ្រប់គ្នាឃើញសក្តានុពលរបស់នាងតាមរយៈ social media ដូចជា ច្រៀង, រាំ,សម្តែង និងដើរម៉ូដជាដើម។ មិនតែប៉ុណ្ណោះ នាងក៏បានចេញមុខធ្វើសកម្មភាពសប្បុរសធម៌ជាហូរហែផងដែរ ធ្វើឱ្យហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមកោតសរសើរទឹកចិត្តនាងជាខ្លាំង។


ទោះបីជាការងារសិល្បៈរបស់នាងរវល់ខ្លាំងប៉ុណ្ណាក៏ សោភារូបស្រស់នេះមិនភ្លេចកាតព្វកិច្ចដ៏សំខាន់របស់នាងឡើយ គឺការតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ តាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ Laor Hours ល្អហួស បញ្ជាក់ឱ្យដឹងថា នាងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតអន្តរជាតិដ៏ធំនេះ សូម្បីតែ ស្ករគ្រាប់ ជាអ្នកច្នៃឈុតតំណាងជាតិឱ្យ ល្អហួស ក៏ស្រែកថា «wow» ពេលនិយាយដល់ឈុតតំណាងជាតិដែលលោកបានច្នៃឡើងសម្រាប់បវរកញ្ញាកម្ពុជារូបនេះ ព្រោះលោកច្នៃវាឡើងយ៉ាងសម្រិតសម្រាំង ប្រកបដោយគំនិតច្នៃប្រតិដ្ឋខ្ពស់ ស័ក្តិសមសម្រាប់ការនាំទៅបង្ហាញលើឆាកអន្តរជាតិ។ ប៉ុន្តែ ពេលនេះលោកប្រាប់លម្អិតមិនទាន់បានឡើយ មានតែរង់ចាំមើលទាំងអស់គ្នា ធានាថាប្លែកភ្នែកតែម្តង។


ដើម្បីជាចំណែកបង្កើនភាពជឿជាក់លើការប្រកួតអន្តរជាតិ ល្អហួស បានសម្រិតសម្រាំងយកបុគ្គលសំខាន់ ២ រូប មកផាត់មុខធ្វើសក់ឱ្យនាង សម្រាប់ថ្ងៃប្រកួតអន្តរជាតិ។ ទឹកដៃជាងដែល ល្អហួស មិនអាចខ្វះបាននោះគឺ VISAL Makeup និង KORAWAT Hairstylist។ បវរកញ្ញាតំណាងកម្ពុជារូបនេះរៀបរាប់ថា «អរគុណដល់បង Visal និងបង Korawat ក្នុងការ មកផាត់មុខធ្វើសក់អោយនាងខ្ញុំ សំរាប់ថ្ងៃទៅប្រកួតនៅលើឆាកអន្តរជាតិនៅថ្ងៃខាងមុខនេះ ទឹកដៃជាងដែលមិនអាចខ្វះបាន See you Soon Junior Idol World Official»។

អ្នកស្នេហាវិស័យបវរកញ្ញា និងហ្វេនៗបាននាំគ្នាលើកទឹកចិត្តបវរកញ្ញារូបស្រស់នេះ សម្រាប់ការត្រៀមតំណាងប្រទេសលើឆាកអន្តរជាតិ និងមានជំនឿចិត្តថា នាងនឹងអាចដណ្តើមភាពជោគជ័យណាមួយត្រឡប់មកវិញកម្ពុជាបាន ព្រោះ ល្អហួស មានទេពកោសល្យ និងសមត្ថភាពសិល្បៈពេញខ្លួន មិនថាបុរាណឬសម័យ នាងចេះស្ទាត់ទាំងអស់៕


























Account
Security
Favourite Content